(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល បានប្រកាសជាសាធារណៈ ដល់បណ្ដាប្រធានអង្គការសង្គមស៊ីវិល ដែលមានឈ្មោះនៅក្នុងលិខិត ចំហផ្ញើមកក្រសួង សូមចូលរួមកិច្ចប្រជុំ ពាក់ព័ន្ធនឹងការនាំចេញខ្សាច់ទៅបរទេស។ កិច្ចប្រជុំនេះនឹងត្រូវបានប្រព្រឹត្តទៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ស្អែកនេះ ដោយរៀបចំធ្វើនៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានប្រេងកាត ដែលមានទីតាំងនៅដីឡូតិ៍លេខ១៣-១៤ ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ឌិត ទីណា អ្នកនាំពាក្យក្រសួងរ៉ែ បានបញ្ជាក់ថា មូលហេតុដែលក្រសួងប្រកាសជាសាធារណៈ បែបនេះក៏ព្រោះតែអង្គការសង្គមស៊ីវិល មួយចំនួន មិនបានចុះបញ្ជី ដែលនាំឲ្យក្រសួងមិនបានស្គាល់អាស័យដ្ឋានច្បាស់លាស់ សម្រាប់ធ្វើការទំនាក់ទំនង។ លោក ឌិត ទីណា បានបន្តថា ក្រសួងសុំអញ្ជើញ ជាចំហដល់អង្គការសង្គមស៊ីវិល ទាំងនោះឲ្យអញ្ជើញចូលរួមតាមកាលបរិច្ឆេទ និងទីតាំងដូចខាងលើនេះ។
សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ ធ្វើឡើងក្រោយពេលក្រុមអង្គការសង្គមស៊ីវិលមួយចំនួន បានស្នើឲ្យក្រសួងរ៉ែ និងថាមពល ស្រាយបំភ្លឺអំពីការនាំខ្សាច់ចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសនានា ក្នុងអំឡុងឆ្នាំ២០០៧ និងឆ្នាំ២០១៥។ ក្រុមអង្គការសង្គមស៊ីវិល ចង់ឲ្យក្រសួងរ៉ែ និងថាមពល បំភ្លឺពីភាពខុសគ្នា នៃទិន្នន័យនាំខ្សាច់ពីកម្ពុជាចូលទៅប្រទេសសិង្ហបុរី ដែលផ្តល់ដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងនាយកដ្ឋានស្ថិតិពាណិជ្ជកម្មរបស់រដ្ឋាភិបាលសិង្ហបុរី។
ក្រុមអង្គការសង្គមស៊ីវិល បានបង្ហាញទិន្នន័យនាំខ្សាច់ចេញទៅប្រទេសសិង្ហបុរី ដោយយោងតាមក្រសួងពាណិជ្ជកម្មថា ការនាំចេញខ្សាច់ទៅកាន់ប្រទេសសិង្ហបុរី ក្នុងចន្លោះឆ្នាំ២០០៧ និង២០១៥ មានចំនួនប្រមាណ ២,៨លានតោន ក្នុងតម្លៃ ៥,៥លានដុល្លារអាមេរិក តែទិន្នន័យបង្ហាញដោយនាយកដ្ឋានស្ថិតិពាណិជ្ជកម្ម របស់រដ្ឋាភិបាលសិង្ហបុរី ការនាំចូលខ្សាច់ពីកម្ពុជា ទៅសិង្ហបុរី មានរហូតដល់ទៅ ៧២,៨លានតោន ដែលមានគម្លាតខុសគ្នាចំនួន ៦៩,៩លានតោន មានតម្លៃប្រមាណ ៧៤៦,៥លានតោន៕