(ភ្នំពេញ)៖ នៅពេលបន្តិចទៀត នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើសន្និសីទកាសែត បង្ហាញមុខជនសង្ស័យ២នាក់ ដែលបានក្លែងបន្លំ Facebook ដោយប្រើឈ្មោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងក្លែងឯកសារសាធារណៈ។ សន្និសីទកាសែតនេះនឹងធ្វើឡើងក្រោមវត្តមាន លោកឧត្តមសេនីយ៍ អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន
លោកឧត្តមសេនីយ៍ អ៊ី សុខឃី បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់នេះ ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ និងព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងនោះពាក់ព័ន្ធនឹងបង្កើត Facebook ដោយប្រើឈ្មោះសម្តេចតេជោ និងបង្កើតលិខិតក្លែងត្រារបស់រដ្ឋ ដែលតែងតាំងខ្លួនឯងជាទីប្រឹក្សាគណៈរដ្ឋមន្រ្តី និងទីប្រឹក្សារដ្ឋលេខាធិកា។
ទន្ទឹមគ្នានឹងមានករណីនេះ, សមត្ថកិច្ចបានអំពាវនាវឱ្យអ្នកប្រើប្រាស់ Facebook ទាំងអស់គោរពច្បាប់ ហើយជៀសវាងការប្រើប្រាស់ឈ្មោះមន្រ្តីជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាល ឬអ្នកដទៃ ដោយមិនមានការអនុញ្ញាតពីសាមីខ្លួន ដែលនាំឱ្យប្រឈមចំពោះមុខច្បាប់។ ជាពិសេសទៀតនោះ សូមជៀសវាងការជេរប្រមាថ អសុរស ប្រើប្រាស់ពាក្យអសីលធម៌ នៅលើបណ្តេញសង្គម ដែលប៉ះពាល់ដល់កត្តិយសអ្នកដ៏ទៃ៕