(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវតែចូលរួមសហការគ្នាចាប់ចោរ ព្រោះចោរមិនមែនជាកម្មសិទ្ធិបញ្ញា របស់អ្នកណាម្នាក់នោះទេ ហើយក៏មិនបានកំណត់ថា ជាចោររបស់នគរបាល ឬជាចោររបស់អាវុធហត្ថនោះដែរ ដូច្នេះគួរតែសហការគ្នាជួយចាប់។
ការថ្លែងបែបនេះ របស់នាយឧត្តមសេនីយ៍ ត្រូវបានធ្វើនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងឱកាសអញ្ជើញចូលរួម ប្រកាសតែងតាំងស្នងការនគរបាលថ្មី ខេត្តកំពង់ឆ្នាំង ដោយលោក ឡុច សុវណ្ណារ៉ា ស្នងការរងជំនួស លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ដែលត្រូវចូលនិវត្តន៍។
នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាក់យ៉ាងដូច្នេះថា «យើងត្រូវតែលុបចោលជំងឺខ្លួនឯងនិយម ជំងឺមុខមាត់ ជំងឺស្នាដៃនិយម អត់សហការ ខ្លាចបែកការ ខ្លាចបាត់ស្នាដៃ បើគិតចឹងអត់ទៅរួចទេ។ ថ្ងៃក្រោយត្រូវចែកគ្នាជួយ ព្រោះចោរទាំងអស់នោះអត់មានកម្មសិទ្ធិបញ្ញាទេ មិនមែនចោររបស់ប៉ូលីស របស់ប៉េអឹមទេ ជាចោរទាំងអស់គ្នា អញ្ជឹងត្រូវតែជួយចាប់គ្នា ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ»។
នាយឧត្តមសេនីយ៍បន្ថែមថា ដើម្បីធ្វើការងារបានជោគជ័យ គឺទាមទារការប្រើបញ្ញាញ្ញាណ ទាមទារការទទួលខុសត្រូវ ទាមទារកិច្ចសហការធំណាស់ ទើបទទួលជោគជ័យបាន ហើយការធ្វើការងារម្នាក់ឯងមិនអាចជោគជ័យបានទេ ទាមទារកម្លាំងចម្រុះ មធ្យោបាយសរុបទូទាំងនគរបាលខេត្ត ហើយត្រូវតែសហការជាមួយគ្នាជាដាច់ខាត ទាំងអាវុធហត្ថ ទាំងកងទ័ព ទាំងស្ថាប័នច្បាប់ ទាំងមន្ដ្រីរាជការទាំងអស់ និងប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍អគ្គស្នងការ ក៏បានសង្កត់ធ្ងន់ដែរថា ស្នងការនគរបាលខេត្ត ត្រូវបន្ដពង្រឹងការប្រចាំបញ្ជា ត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ ហើយត្រូវមានផែនថា ផែនណាធ្វើការការិយាល័យ ផែនណាត្រូវប្រជុំ ផែនណាត្រូវប្រចាំការ ហើយគណៈបញ្ជាឯកភាពខេត្ត ក៏ត្រូវតែមានក្រុមប្រចាំបញ្ជា ព្រមទាំងត្រូវបែងចែកថ្នាក់ដឹកនាំអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត បញ្ជាការប្រតិបត្តិការសឹងខេត្ត ប្រចាំបញ្ជានៅសាលាខេត្ត។
ជាងនេះទៅទៀត អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា ត្រូវតែពង្រឹងឡើងវិញនូវមធ្យោយបាយទាក់ទង ប្រព័ន្ធវិទ្យុទាក់ទង ប្រព័ន្ធទូរស័ព្ទ ហើយត្រូវតែមានថ្នាក់ដឹកនាំកំពូលខេត្តអង្គុយចាំបញ្ជា៕