(ភ្នំពេញ)៖ ក្រោមការណែនាំពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក កាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម មន្រ្តីកាំកុងត្រូលសាខា អាកាសយាន្តអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សហការជាមួយមន្រ្តីមន្ទីរ ពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បន្ដចុះត្រួតពិនិតទំនិញ ដែលដាក់លក់នៅខណ្ឌពោធិសែនជ័យ។
លោក ទិត សុខហីុម អនុប្រធានសាខាកាំកុងត្រូល ដែលដឹកនាំចុះពិនិត្យផ្ទាល់ បានឲ្យដឹងថា ការចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ គោលបំណង ទប់ស្កាត់ទំនិញ ខូចគុណភាព ក្លែងបន្លំលើកស្លាកសញ្ញា ដែលជនខិលខូចមួយចំនួនបានលួច បញ្ចេញទំនិញមកលក់លើទីផ្សារ និងពង្រឹងការយល់ដឹង អំពីបញ្ហាសុវត្ថិភាព ម្ហូបអាហារ ដល់បងប្អូនអាជីវករ និងអ្នកប្រើប្រាស់។
លោកអនុប្រធានបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើនេះ មន្រ្តីកាំកុងត្រូល មិនបានរកឃើញទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទនោះឡើយ ដោយសារតែក្រុមអាជីវករមានការយល់ដឹងច្រើន ពីសុវត្ថិភាពចំណីអាហារ។
ជាមួយគ្នាដែរលោកអនុប្រធាន ក៏បានអំពាវនាវ ដល់ក្រុមអាជីវករទាំងអស់ ដែលលក់ទំនិញ មេត្តាជួយពិនិត្យនៅគុណភាព ឲ្យបានច្បាស់ចាំទិញយកមកលក់បន្ត ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ដើម្បីជៀសវាពីបញ្ហាប៉ះពាល់ ដល់សុខភាពដោយសារមានជាតិគីមី នៅក្នុងទំនិញ៕