(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលចិន បានប្រកាសផ្តល់ជំនួយ ៨០ម៉ឺនយន់ (ប្រហាក់ប្រហែល១១ម៉ឺនដុល្លារសហរដ្ឋអាមេរិក) ដល់ក្រសួងការបរទេសកម្ពុជា ដើម្បីទិញសំភារៈការិយាល័យបន្ថែមទៀត សម្រាប់ឆ្នាំ២០១៦។

ក្នុងឱកាសនោះ លោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់ភាគីចិនដែលបាន ផ្តល់ជំនួយឧបត្ថម្ភនេះ មកដល់ប្រទេសកម្ពុជាជាពិសេសជួយដល់ ក្រសួងការបរទេសកម្ពុជា។ ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងបែបនេះ ខណៈលោក អនុញ្ញាតឲ្យ លោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សម្តែងការគួរសម នាទីស្តីការក្រសួងនៅ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

នៅក្នុងជំនួបនាពេលនោះ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ក៏បានសម្តែងការអរគុណដល់ភាគីចិន ដែលតែងជួយដល់កម្ពុជា ក្នុងការទំនាក់ទំនងល្អនឹងគ្នាលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចររណ៍ជាដើម។ លោកទេសរដ្ឋមន្រ្តីថា ទំនាក់ទំនងកម្ពុជា-ចិន នៅតែល្អប្រសើរ និងកាន់តែខ្លាំងក្លាបន្ថែមថែមទៀត ហើយចិន នៅតែជាមិត្តល្អ និងអ្នកជិតខាងល្អជាមួយ កម្ពុជាជានិច្ច គ្មានថ្ងៃកែប្រែឡើយ។  

ជាការឆ្លើយតប លោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា ទំនាក់ទំនងរវាងចិន និងកម្ពុជា នៅតែរលូនទៅមុខដដែល ហើយចិនរីករាយ ក្នុងការជួយដល់កម្ពុជា។ នៅពេលខាងមុខនេះ កម្ពុជា និងចិន នឹងមានការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសផងដែរ។ កិច្ចប្រជុំនោះ រដ្ឋមន្រ្តីការបរទេសចិន និងរដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងបានជួបពិភាក្សាគ្នាបន្ថែមទៀត។

នៅក្នុងជំនួបខាងលើនេះ ភាគីទាំងពីរ បានបង្ហាញជំហរថា ប្រទេសចិន និងកម្ពុជា នឹងរក្សាទំនាក់ទំនងល្អជាមួយគ្នា ហើយ និងខិតខំពង្រីកពង្រឹងបន្ថែមទៀត ធ្វើយ៉ាងណាឲ្យទំនាក់ទំនង ប្រទេសទាំងពីរ កាន់តែស្អិតរមូននឹងគ្នាបន្ថែមទៀត៕