Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីការពារទឹកដី ត្រូវជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការរស់នៅរបស់ពលរដ្ឋ នៅតាមព្រំដែន (Video inside)

07-06-2025 12:08

(រតនគិរី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៧​ ខែមិថុនា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា ដើម្បីការពារទឹកដី មិនអាចជ្រើសយក ការធ្វើរបងនោះឡើយ គឺត្រូវជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមព្រំដែន។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលទាំងឡាយក្នុងវិស័យអប់រំ នៅខេត្តរតនគិរី ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «គ្មានពីណាបិទរបងនោះទេ អ្នកខ្លះចង់ឲ្យយើងធ្វើរបង ចាំបាច់ធ្វើរបងហាមប្រទេសធ្វើអី របងនៅលើពិភពលោក ប្រទេសមួយធ្វើ ប៉ុន្ដែបិទមនុស្សមិនជាប់ទេ តែផ្ទុយទៅវិញ គឺការអភិវឌ្ឍន៍នៅតាមព្រំដែន អភិវឌ្ឍន៍ជាប់ខេត្ដព្រំដែន គឺជាយុទ្ធសាស្ដ្រដែលល្អបំផុត នៅក្នុងការការពារទឹកដី»

បន្ថែមពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ការយកប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ នៅតាមព្រំដែន គឺជាអ្នកចាំដី ជាជាងយកទ័ពទៅចាំដី ហើយក៏គ្មានទ័ព ទៅពង្រាយនៅតាមព្រំដែន រាប់ពាន់គីឡូម៉ែត្រនោះទេ ដូច្នេះ មានតែការអភិវឌ្ឍន៍នៅតាមព្រំដែន ដើម្បីឲ្យប្រជាពលរដ្ឋទៅរស់នៅទីនោះ។

ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការអភិវឌ្ឍនៅខេត្ត​រត​ន​គិរី គឺអភិវឌ្ឍន៍រុញផលឱ្យទទួលបានទាំងអស់គ្នា មិនមែនបោះបង់នរណា ឬលុបចោលជនជាតិដើមភាគតិចនោះឡើយ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីកិច្ចសហប្រតិបត្តិការ CLV ត្រូវបានបិទបញ្ចប់ តែកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជាតិខាងនៅតែបន្ត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា កម្មវិធីពិសេសនៃការវិនិយោគនៅខេត្តភាគឦសាន មិនមែនជាកម្មវិធីដណ្តើមការងារ ឬដណ្តើមដីរបស់ប្រជាពលរដ្ឋនោះឡើយ គឺជាកម្មវិធីមួយជំរុញបន្ថែម ដល់ការអភិវឌ្ឍនៅក្នុងខេត្ត៕