(ភ្នំពេញ)៖ មន្រ្តីមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថា ក្រសួងសុខាភិបាល និងអភិបាលរាជធានីភ្នំពេញ បានសហការគ្នា ដាក់ពង្រាយក្រុមគ្រូពេទ្យជិត៩០០នាក់ រថយន្តសង្គ្រោះ១៥គ្រឿង ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋសម្រាប់ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ រយៈពេល៣ថ្ងៃ ខាងមុខនេះ។
មន្រ្តីមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបន្ថែមឲ្យដឹងថា ស្តង់សុខាភិបាល សម្រាប់បម្រើសេវាសុខាភិបាល ដែលមានក្រុមគ្រូពេទ្យរង់ចាំជួយសង្គ្រោះប្រជាពលរដ្ឋមានចំនួន១២ទីតំាង គឺស្តង់របស់មន្ទីរសុខាភិបាលចំនួន៨ និងស្តង់របស់ក្រសួងសុខាភិបាលចំនួន៤។
ស្តង់សុខខាភិបាលចំនួន១៥នោះ ត្រូវបានដាក់ពង្រាយនៅត្រើយខាងកើត៣ទីតាំង គឺនៅតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ដែលជាតំបន់កីឡាករអុំទូកស្នាក់នៅ ដាក់នៅក្នុងបរិវេណសាលាបឋមសិក្សាជ្រោយចង្វារ និងមួយទៀតដាក់នៅ អនុវិទ្យាល័យជ្រោយចង្វារជាដើម។
ក្រៅពីការត្រៀមកម្លាំងជួយសង្រ្គោះប្រជាពលរដ្ឋហើយនោះ ក្រុមគ្រូពេទ្យចល័តទាំងអស់ ក៏មានកម្មវិធីអប់រំផ្សព្វផ្សាយអនាម័យចំណីអាហារ និងផ្សព្វផ្សាយទប់ស្កាត់ជំងឺអេដស៍ជាដើម ជូនទៅដល់ប្រជាពលរដ្ឋ ដែលចូលរួមនៅក្នុងឱកាសបុណ្យអុំទូក៣ថ្ងៃខាងមុខនេះផងដែរ។
គួរកត់សំគាល់ថា កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំមួយត្រៀមកងកម្លាំងចំនួន១០០៣២នាក់ ដើម្បីរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានមកចូលរួមទស្សនាកំសាន្ដ ក្នុងពិធីបុណ្យរយៈពេលបីថ្ងៃនេះ នៅរាជធានីភ្នំពេញផងដែរ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ កន្លងមកបានអះអាងថា តាមការវាយតម្លៃរបស់គណៈកម្មាធិការជំនាញ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីត សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ នឹងមានប្រជាពលរដ្ឋចូលរួមទស្សនា និងដើរកម្សាន្ដ ក្នុងរាជធានីភ្នំពេញ ប្រមាណជាង២លាននាក់៕