(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត អ្នកជំនាន់ថ្មីដ៏មានប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា បាននិងកំពុងរង់ចាំមើលថា តើសកម្មជនដ៏សកម្មម្នាក់របស់គណបក្សសង្រ្គោះជាតិ (CNRP) នៅសហរដ្ឋអាមេរិក លោក Brady Young នឹងឈប់ដឹកនាំការធ្វើបាតុ កម្មប្រឆាំងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់សហរដ្ឋអាមេរិក ដូចដែលបានសន្យាដែរឬទេ? នៅក្រោយពេលលោក ដូណាល់ ត្រាំ បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក។
លោក Brady Young ដែលគេដឹងថា ធ្លាប់បានដឹកនាំចលនាធ្វើបាតុកម្មប្រឆាំង ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់សហរដ្ឋអាមេរិកកាលពីអំឡុងខែមេសា កន្លងទៅនោះ នៅមុនពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកមកដល់តែប៉ុន្មានថ្ងៃនោះ បានបង្ហោះវីដេអូមួយ ដោយបបួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ភ្នាល់គ្នាចំពោះអនាគតប្រធានាធិបតីអាមេរិក រវាងលោកស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យ និង លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ។
មិនខុសពីមេដឹកនាំបក្សរបស់ខ្លួន ដែលមានសមានចិត្តច្រើនលើសលុបទៅលើលោកស្រី គ្លីនតុន នោះ លោក Brady Young ក៏បានបង្ហាញជំនឿចិត្តមុតមាំថា លោកស្រី ហ៊ីលឡារី គ្លីនតុន អាចនឹងដណ្តើមតំណែងប្រធានាធិបតីអាមេរិកផងដែរ។ លោក Brady Young បានបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់ថា ប្រសិនបើលោកស្រី ហ៊ីលឡារី គ្លីនតុន ឈ្នះឆ្នោត លោកសុំសម្តេចតេជោ អនុញ្ញាតឲ្យ លោក សម រង្ស៊ី ចូលស្រុកខ្មែរវិញ និងដោះលែងថ្នាក់ដឹកនាំ សកម្មជនគណបក្សសង្រ្គោះជាតិ រួមទាំងលោក មាជ សុវណ្ណារ៉ាផងដែរចេញពីពន្ធនាគារ។ ផ្ទុយទៅវិញប្រសិនបើលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកវិញនោះ លោកនឹងបញ្ឈប់សកម្មភាពដឹកនាំចលនាធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត រាល់ដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកផងដែរ។
ទោះជាយ៉ាងណាសំណើសុំភ្នាល់នេះ គឺមានតែខាងលោក Brady Young ប៉ុណ្ណោះ មិនមានការឆ្លើយតបណាមួយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជានោះឡើយ។
នៅក្រោយពេលលោក ដូណាល់ ត្រាំ បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក ជាមួយសំឡេងប្រតិភូតាមបណ្តារដ្ឋគាំទ្រប្រមាណជា ២៩០សំឡេងមកពីជាង ៣០រដ្ឋនោះ លោក ហ៊ុន ម៉ាណែត បុត្រច្បងរបស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានក្រើនរំលឹកដល់លោក Brady Young ជាមួយការបង្ហោះវីដេអូ ដែលលោក Brady Young ធ្លាប់បានបង្ហោះបបួលសម្តេចនាយករដ្ឋមន្រ្តីមកជាមួយផងដែរ។
ជាមួយសារបង្កប់ភាពឌឺដងផងនោះ លោក ហ៊ុន ម៉ាណែត បានថ្លែងថា លោកមានការភ្ញាក់ផ្អើល ដែលបានឃើញនូវភាពក្លាហានរបស់លោក Brady Young ហ៊ានសន្យាជាសាធារណៈ និងប្រកបដោយភាពជឿជាក់បែបនេះ។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ «ខ្ញុំមានការភ្ញាក់ផ្អើលដែលបានឃើញនូវភាពក្លាហានរបស់លោក Brady Young ដែលហ៊ានសន្យាជាសាធារណៈ និងប្រកបដោយភាពជឿជាក់ ថាប្រសិនបើលោក Donald Trump ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក លោកនឹងឈប់ដឹកនាំបាតុកម្មប្រឆាំងវត្តមានរបស់ខ្ញុំ នៅទីក្រុងឡុងប៊ិចនាពេលអនាគត ដូចដែលអ្វីដែលធ្លាប់ធ្វើនាខែមេសាកន្លងទៅ»។
លោក ហ៊ុន ម៉ាណែត បានបន្តថា លោកនឹងរង់ចាំមើលថា តើលោក Brady Young ក្លាហានគោរពតាមសន្យាដែរឬទេ? ព្រោះពេលនេះ លោក ត្រាំ បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកហើយ។ លោក បានបញ្ជាក់ថាដូច្នេះ «ឥឡូវលោក Donald Trump បានឈ្នះឆ្នោតហើយ ខ្ញុំនឹងរង់ចាំមើលថាលោក Brady Young នឹងមានភាពក្លាហានគោរពនូវសំដីរបស់ខ្លួនឬទេ។ ពោលគឺថាតើលោក Brady Young ហ៊ានធ្វើតាមអ្វីដែលខ្លួនហ៊ាននិយាយទេ?»។
ជាការកត់សម្គាល់ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះជ័យជម្នះនេះគឺជាជ័យជម្នះ ដែលជារឿងនឹកស្មានមិនដល់ និងមិនបានរំពឹងទុកនោះឡើយ។ មិនត្រឹមតែមនុស្សភាគច្រើននៅលើពិភពលោកភ្ញាក់ផ្អើលនោះទេ សូម្បីតែមេដឹកនាំ និងមន្រ្តីគណបក្សប្រឆាំងនៅកម្ពុជា រួមទាំងអង្គការសង្គមស៊ីវិលមានអាមេរិកជាបង្អែក ក៏បានសម្តែងការខកចិត្តខ្លាំងផងដែរ។
បក្សប្រឆាំង រួមនិងអង្គការសង្គមស៊ីវិលមានអាមេរិកជាបង្អែករំពឹងថា លោកស្រី គ្លីនតុន នឹងឈ្នះឆ្នោត ហើយបើលោកស្រី គ្លីនតុន ឈ្នះឆ្នោត ពួកគេរំពឹងថា នឹងមានអ្នកគាំពារមួយដ៏កក់ក្តៅ ក្នុងយុទ្ធនាការរបស់ពួកគេ។ បរាជ័យរបស់លោកស្រី គ្លីនតុន ក៏ជាការបរាជ័យនៃយុទ្ធនាការរបស់ពួកគេមួយដ៏ធំផងដែរ ព្រោះលោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា នឹងមិនព្យាយាមលូកដៃកកូរកកាយកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃនោះឡើយ៕