Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកែប ដឹកនាំមន្ត្រីក្រោមឱវាទ រៀបចំពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅឆ្នេរអង្កោល

05-06-2025 22:48

(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរ ក្រុមយុវជន សិស្សានុសិស្ស ក្រុមអាជីវករ និងអ្នកពាក់ព័ន្ធជាង ៦០០នាក់ ដើម្បីចូលរួមអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» ដែលពិធីនេះ បានប្រារព្ធធ្វើឡើង នៅចំណុចឆ្នេរលេងទឹកអង្កោល ស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

លោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែប បានលើកឡើងថា ចាប់តាំងពីមានផ្លូវស្អាតតភ្ជាប់មក នេះជាលើកទី៣ហើយ ដែលមន្ទីរបរិស្ថាន បានប្រារព្ធកម្មវិធីធំៗនៅលើទឹកដីឆ្នេរអង្កោល ក្នុងគោលបំណង ដើម្បីចូលរួមសំអាតសោភណ្ឌភាពឆ្នេរដ៏ស្រស់ស្អាត និងមានសក្តានុពល ឱ្យកាន់តែប្រសើរឡើងសំដៅបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកសម្រាកលំហែកម្សាន្ត ឱ្យកាន់តែច្រើនឡើងថែមទៀត ដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ។

ថ្លែងនាឱកាសនោះដែរលោក សោម ពិសិដ្ឋ បានលើកឡើងថា ជារៀងរាល់ឆ្នាំ ខេត្តកែបតែងតែប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ដោយទិវានេះ បានប្រារព្ធធ្វើឡើងក្នុងគោលបំណង
លើកកម្ពស់ ការយល់ដឹងជាសាធារណៈ អំពីការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំង និងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថាន សំដៅលើកកម្ពស់សុខភាពសាធារណៈ។

លោកអភិបាលខេត្ត បានបន្តថា តាមរយៈសកម្មភាពនេះជាសារមួយយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយ និងជំរុញឱ្យអាជីវករប្រជាពលរដ្ឋក្នុងតំបន់ឆ្នេរអង្កោលចូលរួមសំអាត ទុកដាក់ វិចខ្ចប់និងទទួលយកសេវា​ប្រមូលដឹកជញ្ជូនសំរាមឱ្យបានគ្រប់ៗគ្នា ដើម្បីភាពថ្លៃថ្នូរ និងសោភណ្ឌភាពឆ្នេរ ហើយក្នុងអំឡុងពេលនេះត្បិតឆ្នេរអង្កោល ត្រូវបានក្រាលគ្របដោយស្មៅសមុទ្រ ធ្វើឱ្យបរិស្ថានឆ្នេរហាក់​​មិនអំណោយផលល្អ សម្រាប់ភ្ញៀវទេសចរចុះលេងកម្សាន្ត តែយ៉ាងណាក៏ដោយ គឺលោកអភិបាលខេត្ត ក៏បានសំណូមពរដល់អាជីវករ ធ្វើយ៉ាងណាជួយសំអាតទៅតាមលទ្ធភាព ទោះមិនឈ្នះកម្លាំងធម្មជាតិយ៉ាងហោចណាស់​ក៏ជួយបរិស្ថានឆ្នេរបានមួយកម្រិតផងដែរ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំអំឡុងពេលរដូវធ្លាក់ភ្លៀង តាមបណ្តោយឆ្នេរអង្កោល ត្រូវបានទទួលរងសំណល់នានា បក់តាមទឹករលកមកទើត្រឹមឆ្នេរនេះ បន្ថែមពីនេះទឹកសមុទ្របាននាំយកទាំងពពួកស្មៅ​សមុទ្រមកជាមួយ ដែលធ្វើឱ្យស្ថានភាពឆ្នេរមិនសូវអំណោយផលល្អ សម្រាប់អ្នកទេសចរ ចុះទៅលេងកម្សាន្ត តែយ៉ាងណាស្ថានភាពនេះ នឹងប្រែទៅជាល្អប្រសើរវិញ ក្រោយរដូវធ្លាក់ភ្លៀងបានបញ្ចប់៕