(ភ្នំពេញ)៖ លោកបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់អំពីផែនការរបស់ក្រសួងទេសចរណ៍ ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន សម្រាប់អនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» នេះ ដើម្បីជាការទាក់ទាញ និងត្រៀមទទួលភ្ញៀវទេសចរចិន។

ផែនការរបស់ក្រសួងទេសចរណ៍ ត្រូវបានលោកបណ្ឌិត ជុក ជំនោរ គូសបញ្ជាក់ថា ក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News ស្ដីពី «ក្ដីរំពឹងនៃការទទួលភ្ញៀវទេសចរចិន ក្រោយដំណើរទស្សនកិច្ច​របស់ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅកម្ពុជា»

លោកបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ព្រឹត្តិការណ៍ធំៗជាអាទិ៍រួមមាន៖ ពិធីបុណ្យតន្រ្តីអន្តរជាតិ (Music festival), មហោស្រព្យសិល្បៈតាមដងផ្លូវអន្តរជាតិ, មហោស្រព្យក្បាច់គុនចម្រុះ, ការផ្សព្វផ្សាយការទូតម្ហូបអាហារ, សន្និសីទទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន, វេទិកាផ្គូផ្គងធុរកិច្ចទេសចរណ៍, ផ្លាស់ប្ដូរទូតសុឆន្ទៈទេសចរណ៍, ផ្សព្វផ្សាយទេសចរណ៍ភាពយន្តកម្ពុជា-ចិន, ការទទួលប្រតិភូសារព័ត៌មានចិនមកកម្ពុជា, ការបើករថយន្តទេសចរណ៍ឆ្លងកាត់ព្រំដែនកម្ពុជា-ចិន, Cambodia Festival នៅចិន និងការបង្ហាញទេសចណ៍ក្នុងរដូវកាលបៃតងកម្ពុជាទៅកាន់ប្រទេសចិន។

បើតាមអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា, ពិធីបុណ្យតន្ត្រីទេសចរណ៍អន្តរជាតិកម្ពុជា-ចិន (Music Festival) ពិតជាមានសារៈសំខាន់ណាស់ ដោយកម្ពុជា និងចិនមានសិល្បៈចម្រុះជាច្រើន សម្រាប់បង្ហាញអំពី វប្បធម៌ អរិយធម៌ នៃប្រទេសទាំង២។ កន្លងមក កម្ពុជានិងចិន ធ្លាប់បានសម្ដែងសិល្បៈរួមគ្នាផងដែរ ដោយកម្ពុជាមាន ហនុមាន តំណាងស្ដេចស្វាកម្ពុជា និងចិន មាន សិន អ៊ូខុង តំណាងស្ដេចស្វារចិន។

លោកបណ្ឌិត ជុក ជំនោរ បានអះអាងដែរថា អំឡុងត្រីមាសទី៣ នៃឆ្នាំ២០២៥ កម្ពុជាគ្រោងនឹងរៀបចំ Cambodia festival នៅខេត្តជាំងស៊ូ ប្រទេសចិន ដោយមាន លោក XU Kunlin អភិបាលនៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ បានបង្ហាញពី ការចាប់អាមរម្មណ៍ និងទទួលស្វាគមន៍កម្ពុជាចានិច្ច ដើម្បីរៀបចំ Cambodia festival នៅខេត្តជាំងស៊ូ។ ដោយមើលឃើញថា ប្រទេសចិនមានពេលវេលាឈប់សម្រាកធំៗ២ដង ក្នុងរយៈពេល១ឆ្នាំ នៅចន្លោះបុណ្យចូលឆ្នាំចិន និងចន្លោះខែតុលា ដូច្នេះលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអភិបាលខេត្តជាំងស៊ូ ព្រមជាមួយលោក វ៉ាង វ៉ិនពីន បានជ្រើសរើសយកត្រីមាសទី៣ ដើម្បីរៀបចំឲ្យបានមុន ១ខែទៅ២ខែ សម្រាប់ផ្ដល់ឱកាសឲ្យប្រជាជនចិនបានស្គាល់ពីកម្ពុជា និងជ្រើសរើសយកកម្ពុជា ជាគោលដៅទេសចរណ៍ នាពេលឈប់សម្រាកនៅខែតុលា។

ជាមួយគ្នានេះ មានការរៀបចំព្រឹត្តិការណ៍ការទូតទេសចរណ៍ម្ហូបអាហារ រវាងប្រទេសទាំងពី ពោលគឺផ្លាស់ប្ដូររសជាតិ ម្ហូបអាហារទៅវិញទៅមក ដោយ ចិនមានម្ហូបប្រចាំតំបន់ចំនួន៨ ចំណែក កម្ពុជាមានម្ហូបប្រចាំតំបន់ដូចជា នំបញ្ចុក អាម៉ុក បង្អែមខ្មែរ នំខ្មែរជាច្រើនប្រភេទ។ ក្នុងន័យនេះ ការផ្លាស់ប្ដូរម្ហូបអាហារទៅវិញទៅមក ក៏ជាការលើកកម្ពស់កិត្តិនាមរបស់ប្រទេសកម្ពុជាទៅលើ ទីផ្សារអន្តរជាតិផងដែរ។

ក្រៅពីព្រឹត្តិការណ៍ទេសចរណ៍សិល្បៈ និងម្ហូបអាហារ ក្រសួងទេសចរណ៍ បានរៀបចំពិព័រណ៍ទេសចរណ៍ និងជំនួបធុរកិច្ចរវាងវិស័យឯកជនបន្ថែម ដើម្បីឲ្យវិស័យឯកជមានពេលវេលាក្នុងការជួបគ្នា ដើម្បីផ្លាស់ប្ដូរការលក់ទៅវិញទៅមក និងផ្លាស់ប្ដូរកញ្ចប់ទស្សនកិច្ចជាដើម។ នេះបើតាមការបញ្ជាក់របស់ លោកបណ្ឌិត ជុក ជំនោរ។

លោកបណ្ឌិត ជុក ជំនោរ លើកឡើងថា ក្រោមការគិតគូរយ៉ាងយកចិត្តទុកដាក់របស់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គ្រោងនឹងអញ្ជើញប្រតិភូសារព័ត៌មាន និង Influence ក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍ (KOLs) មកពីប្រទេសចិន ដើម្បីលើកស្ទួយកិត្តិនាម និងផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ភ្ញៀវទេសចរ និងប្រជាជនចិនឲ្យស្គាល់អំពី ភាពរុងរឿងនៃទេសចរណ៍កម្ពុជាដ៏សម្បូរបែប និងជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពមួយនៅលើពិភពលោក៕