(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប យល់ឃើញថា ការធ្វើសវនកម្មបញ្ជីបោះឆ្នោតជាការចាំបាច់ ដើម្បីបង្កើតទំនុបចិត្តពីអ្នកបោះឆ្នោត និងដើម្បីឲ្យដឹងពីភាពពេញលេញ សុក្រឹតភាព និងបច្ចុប្បន្នភាពនៃបញ្ជីបោះឆ្នោត នេះបើតាមសេចក្តីប្រកាសព័ត៌របស់ គ.ជ.ប។
សេចក្តីប្រកាសព័ត៌មាន របស់ គ.ជ.ប ក្រោយកិច្ចប្រជុំក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងគ.ជ.ប ដឹកនាំ ដោយ លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប និងអង្គការសង្គមស៊ីវិលចំនួន ១០ដឹកនាំដោយ លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្រែ្វល នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ចំពោះការធ្វើសវនកម្មនេះ ប្រសិនបើ សំណាកដែលអង្គការ ខុមហ្វ្រែល ជ្រើសរើសហើយ និងត្រូវផ្ទៀងផ្ទាត់នឹងទិន្នន័យបញ្ជីបោះឆ្នោតនៅ គ.ជ.ប នោះ គ.ជ.ប នឹងផ្តល់កិច្ចសហការ៕