(ភ្នំពេញ)៖ លោកឧកញ៉ា ឡេង និមល អនុប្រធាន, តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន «យុវជនបូជាការពារយុត្តិធម៌» នាព្រឹកថ្ងៃទី៤ ខែមិថុនានេះ បានដឹកនាំសមាជិកអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកបណ្ឌិតព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានបណ្ឌិតសភាគុនល្បុក្កតោកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ដែលបានទទួលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំ ដោយសារជំងឺត្បៀតសរសៃបេះដូង និងកំបោរក្នុងបេះដូង កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកឧកញ៉ា ឡេង និមល បានពាំនាំនូវសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធលោកគ្រូព្រឹទ្ធាចារ្យ បានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

លោកឧកញ៉ាបានថ្លែងថា មរណភាពរបស់ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ជាការបាត់បង់នូវមរតកវប្បធម៌មនុស្សរស់យ៉ាងសំខាន់ នៃមរតកក្បាច់គុនល្បុក្កតោ។

លោកថ្លែងបន្តថា «យើងខ្ញុំចងចាំមិនភ្លេចនូវគុណូបការៈ និងវីរភាពរបស់ឯឧត្តមលោកគ្រូព្រឹទ្ធាចារ្យ ដែលបានលះបង់អស់កម្លាំងកាយចិត្តព្យាយាមថែរក្សា មិនឱ្យបាត់បង់នូវមរតកគុនល្បុក្កតោខ្មែរ»