Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលប្រឆាំងបទល្មើសគ្រឿងញៀនកម្ពុជា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូវៀតណាម ផ្លាស់ប្តូរសភាពការណ៍ និងបទពិសោធន៍ប្រយុទ្ធប្រឆាំងគ្រឿងញៀន

04-06-2025 12:17

(ភំ្នពេញ)៖ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ទទួលជួបគណៈប្រតិភូវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ហ្វាំង ទីមហៀវ អនុប្រធាននាយកដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម ដើម្បីផ្លាស់ប្តូរសភាពការណ៍រួមវាយតម្លៃកិច្ចសហប្រតិបត្តិការ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការផ្លាស់ប្ដូរបទពិសោធន៍ទាក់ទង និងវិស័យបន្សាបគ្រឿងញៀនកម្ពុជា-វៀតណាម នៅមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានបញ្ជាក់បន្ថែមក្នុងការលើកជាទិសដៅបន្ត និងសំណូមពរដល់ភាគីវៀតណាមចំនួន ៥ចំណុច៖

១៖ បន្តពង្រឹងទំនាក់ទំនងជាមួយគ្នា ដោយបង្កើតឱ្យមានមន្ត្រីទំនាក់ទំនងតាមអង្គភាពនីមួយៗ ដើម្បីងាយស្រួលក្នុងការផ្លាស់ប្តូរព័ត៌មាន។

២៖ បង្កើតឱ្យមានការជួបជុំប្រចាំឆ្នាំ រវាងអង្គភាពជំនាញ នៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ល្អៗ។

៣៖ ស្នើសុំភាគីវៀតណាមបន្តបើកវគ្គបណ្តុះបណ្តាល ស្តីពីការស្រាវជ្រាវ ស៊ើបអង្កេតបទ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ជាមួយនគរបាលប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

៤៖ ស្នើសុំភាគីវៀតណាម ជួយជាសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងការិយាល័យ ដើម្បីគាំទ្រដល់ការងារស្នូល។

៥៖ ស្នើសុំភាគីវៀតណាម ជួយគាំទ្រការស៊ើបអង្កេតនូវរាល់ករណីដែលភាគីវៀតណាម ស្នើសុំឲ្យសមត្ថកិច្ចកម្ពុជា ជួយក្នុងការស្រាវជ្រាវ ឬក្នុងករណីការធ្វើប្រតិបត្តិការទ្វេភាគីជាដើម៕