(ភ្នំពេញ)៖ គេនៅចាំបានថា នៅក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ នៅក្នុងបទសម្ភាសន៍មួយជាមួយ ខេមបូឌាដេលី លោក សម រង្ស៊ី បានបញ្ជាក់ដូច្នេះថា «លោកស្រី គ្លីនតុន មានការអប់រំខ្ពស់ជាង មានចិត្តទូលាយជាង ប្រកបដោយបរិយាប័នជាង។ លោកស្រី ហាក់យកចិត្តទុកដាក់ខ្លាំងជាងចំពោះសន្តិសុខសង្គម។ ផ្ទុយទៅវិញ លោក ត្រាំ ដែលមានអត្តចរិតច្រឡោត និងឆេវឆាវ ហាក់មានគ្រោះថ្នាក់សម្រាប់ សន្តិភាព ពិភពលោក ។ លោក ត្រាំ ហាក់ជឿជាក់លើអំណាចផ្ដាច់ការរបស់លុយ ហើយលោក ហ៊ុន សែន ហាក់ជឿជាក់អំណាចផ្ដាច់ការរបស់ កាំភ្លើងបូករួមជាមួយនឹងលុយ។ ត្រាំ និងលោក ហ៊ុន សែន ពិតជាមិនមែនអ្នកប្រជាធបិតេយ្យនោះទេ»។
លោក សម រង្ស៊ី ថែមទាំងបានលើកឡើងទៀតថា «បើលោក ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតេយ្យអាមេរិក នឹងមានគ្រោះថ្នាក់បំផុត ចំពោះពិភពលោក ដែលផ្ទុយពីលោកស្រី ហ៊ីឡារី គ្លីនតុន ដែលមានសភាពនឹងនរ»។
ប៉ុន្តែនៅរសៀលព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោយពីប្រកាសលទ្ធផលថា លោក ដូណាល់ ត្រាំ ត្រូវបានឈ្នះឆ្នោតក្លាយជាប្រធានាធិបតេយ្យទី៤៥ របស់សហរដ្ឋអាមេរិក បែរជាបានធ្វើឲ្យលោក សម រង្ស៊ី ដែលគាំទ្របេក្ខភាពលោកស្រី ហ៊ីលឡារី គ្លីនតុន បង្ខំចិត្តផ្ញើសារទាំងសោះកក្រោះនៅលើ Facebook អបអរសាទរជូនលោក ដូណាល់ ត្រាំ ដែលជាជនដែលលោកបានហៅថា «ជាមនុស្សដែលមានអត្តចរិតច្រឡោត និងឆេវឆាវ និងអំណាច់ផ្តាច់ការ»។
លោក សម រង្ស៊ី បានផ្ញើជូនអបអរសាទរជូនលោក ដូណាល់ ត្រាំ យ៉ាងដូច្នេះថា «ក្នុងនាមជាអ្នកតំណាងរាស្រ្តរបស់ប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងការអបអរសាទរ ចំពោះលោក ដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតធ្វើជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក ដែលនៅតែជាប្រទេសគំរូ នៃលទ្ធិប្រជាធិបតេយ្យសម្រាប់បណ្តា ប្រទេសផ្សេងៗទៀតនៅជុំវិញពិភពលោក»។
អ្នកវិភាគនយោបាយនៅកម្ពុជា បានលើកឡើងថា ការផ្ញើសារអបអរសាទររបស់លោក សម រង្ស៊ី នៅពេលនេះគឺជាការបង្ខំចិត្តតែប៉ុណ្ណោះ, ព្រោះលោកមានទំនោរខ្លាំង គាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន, ប្រសិនបើលោកជាអ្នកប្រាកដប្រជាផ្នែកនយោបាយ មិនមែនម្តងខឹងគេជេរគេថា គេជាមនុស្សផ្តាច់ការនោះទេ ដែលនេះអាចបង្ហាញ ថា លោក សម រង្ស៊ី ជាមនុស្សក្រឡេកក្រឡុចគ្មានភាពច្បាស់លាស់ មិនសមជាមេដឹកនាំ ខុសពីការលើកឡើងរបស់លោក កឹម សុខា ដែលបានថា ទោះបីជាបេក្ខជន ណាក៏ដោយ ជាប់ឆ្នោតជាប្រធាធិបតី នៃប្រទេសមហាអំណាចមួយនេះ ក្នុងនាមស្ថាប័នរដ្ឋ ក៏ដូចជាក្នុងនាម គណបក្សនយោបាយ នៅតែបន្ដកិច្ចសហ ប្រតិបត្ដិការជាមួយគ្នា ឲ្យកាន់តែល្អប្រសើរឡើង ដើម្បីផលប្រយោជន៍ប្រទេស និងប្រជាពលរដ្ឋខ្មែរយើង៕