(ព្រះវិហារ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បន្ទាប់ពីត្រលប់មកពីចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ជិត២សប្ដាហ៍នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ហើយក្រោយការធ្វើដំណើរ អស់រយៈពេល២ថ្ងៃស្មើនឹង ៤៨ម៉ោងបានមកដល់មាតុប្រទេសវិញ, រដ្ឋមន្ដ្រីរូបនេះក៏មិនបានបង្អង់យូរនោះឡើយ ក្រោយពីបញ្ចប់កិច្ចប្រជុំការងារប្រចាំខែជាមួយមន្ដ្រីក្រោមឱវាទនៅរាជធានីភ្នំពេញ លោកបានរៀបចំការងារជាមួយមន្ដ្រីខ្លួនដល់យប់អាធ្រាត ដើម្បីត្រៀមបេសកកម្មបន្ដចុះទៅកាន់ខេត្ដព្រះវិហារ នៅវេលាម៉ោង ៥ភ្លឺ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ដើម្បីផ្តល់មធ្យោបាយបន្ថែមជូនបណ្តាមូលដ្ឋានសុខាភិបាលសាធារណៈ គាំពារស្មារតីមន្ដ្រីសុខាភិបាល ដែលខិតខំបំពេញភារកិច្ចនៅតំបន់ដាច់ស្រយាលនៅជាប់ព្រំដែនកម្ពុជា ស្របពេលមានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ដែលបណ្ដាលកងទ័ពខ្មែរយើងម្នាក់បានពាលីជីវិតដើម្បីការពារបូរណភាពទឹកដី គឺពិ្រន្ទបាលឯក សួន រ៉ោន។
ក្រោយធ្វើដំណើរអស់ជាច្រើនម៉ោង និងជាច្រើនរយគីឡូ នៅវេលាម៉ោងប្រមាណជាង ៩ព្រឹកថ្ងៃដដែល លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានចុះសំណេះសំណាល សួរសុខទុក្ខអ្នកជំងឺ និងមន្រ្តីសុខាភិបាល បម្រើការងារនៅមណ្ឌលសុខភាពតាកឹង នៃស្រុកប្រតិបត្តិត្បែងមានជ័យ ប្រកបដោយភាពកក់ក្ដៅ និងជិតស្និទ និងបានផ្តល់ជូនឱសថបន្ថែមចាំបាច់មួយចំនួន ជូនដល់មណ្ឌលសុខភាពសម្រាប់បម្រើសេវាសុខាភិបាលឱ្យបានកាន់តែប្រសើរ ប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទៅតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅទីនោះ។
បន្ទាប់ពីបញ្ចប់ការចុះសួរសុខទុក្ខនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានបន្ដដំណើរចូលរួមគោរពវិញ្ញាណក្ខន្ធ ចំពោះក្រុមគ្រួសារសពព្រិន្ទបាលឯក សួន រ៉ោន ដែល
សពត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណីនៅ ទីបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៩ ស្ថិតក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត។
ក្នុងវេលាដ៏សែនក្ដុកក្ដួលបំផុតនេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងនូវក្តីស្លុតរន្ធត់ចំពោះឧបទ្ទវហេតុដែលបានកើតឡើងនេះ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមសារនៃសព ដែលបាត់បង់កូនជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ មានអត្តចរិតស្លូតបូត សុភាពរាបសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក សួន រ៉ោន បានទៅចាប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ លោកសាស្ដ្រាចារ្យបានថ្លែងថាការលាចាកលោករបស់ ព្រិន្ទបាលឯក សួន រ៉ោន ជាការបាត់បង់វីរៈយុទ្ធជនកម្ពុជាដ៏ឆ្នើមមួយរូប ដែលបានពលីជីវិតក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ ជាពិសេសបានរួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។
បន្ទាប់មកលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក៏បានបន្ដដំណើរចុះសួរសុខទុក្ខ និងពិនិត្យវឌ្ឍនភាពការងារនៅមណ្ឌលសុខភាពសែនតេជៈ និងបានផ្ដល់អនុសាសន៍ណែនាំជូនដល់មន្ដ្រីបុគ្គលិក ពិសេសថ្លែងអំណរគុណដល់កូនចៅក្រោមឱវាទ ដែលខិតខំប្រឹងប្រែងបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋយើងនៅតាមតំបន់ដាច់ស្រយាល។ ទន្ទឹមនឹងនោះសាស្រ្តាចារ្យរដ្ឋមន្រ្តីបានផ្តាំផ្ញើរដល់មន្រ្តី និងបុគ្គលិកទាំងអស់ ត្រូវបន្ដវប្បធម៌ស្រឡាញ់រាប់អានគ្នា ពង្រឹងវិន័យ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីនាំមកនូវការរីកចំរើនទៅមុខបន្ថែមទៀត និងសូមជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ទទួលបានជោគជ័យគ្រប់ការងារ។
បេសកកម្មនេះមិនទាន់បានបញ្ចប់នៅឡើយទេ គឺលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានបន្ដដឹកនំាមន្ដ្រីជំនាញ ចុះពិនិត្យវឌ្ឍនភាពការងារនៅមណ្ឌលសុខភាពសែនរុងរឿង៤ មណ្ឌលសុខភាពសែនរុងរឿង ៣ មណ្ឌលសុខភាពតេជោមរកត និងមណ្ឌលសុខភាពតេជោបុស្សស្បូវ ដែលជាមណ្ឌលចុងក្រោយគេ នៃថ្ងៃបេសកកម្មទី១ ដោយបញ្ចប់នៅវេលាម៉ោងប្រមាណជិត៨យប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។
ក្នុងដំណើរបេសកកម្មដ៏មមារញឹកនេះ លោកសាស្រ្តាចារ្យរដ្ឋមន្ដ្រីបានកោតសរសើរ និងថ្លែងអំណរគុណ ដល់មន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាពនៅជាប់ព្រំដែននេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដោយកម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការបម្រើសេវាថែទាំសុខភាព ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ បន្ទាប់ពីបាន សំណេះសំណាល និងពិនិត្យការងាររួចរាល់ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជូននូវឱសថចាំបាច់មួយចំនួន បន្ថែមទៀត ដល់មណ្ឌលសុខភាពខាងលើនេះ ក្នុងគោលបំណងឱ្យការបម្រើសេវាសុខាភិបាល បានគ្រប់គ្រាន់ទៅតាមតម្រូវការ របស់បងប្អូនប្រជាពលរដ្ឋ។
សម្រាប់បេសកកម្មថ្ងៃទី២ត្រូវនឹងព្រឹកព្រលឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យ ឈាង រ៉ា បានបន្ដដំណើរទៅកាន់មណ្ឌលសុខភាពកោះកេរ្ត៍ នៃស្រុកប្រតិបត្តិត្បែងមានជ័យ ចម្ងាយប្រមាណ ៦០គីឡូម៉ែត ពីក្រុងព្រះវិហារ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខអ្នកជំងឺនិងមន្រ្តីសុខាភិបាល ព្រមទាំងនាំយកឱសថ សម្ភារៈបរិក្ខាពេទ្យបន្ថែមចាំបាច់មួយចំនួន ជូនដល់មណ្ឌលសុខភាព សម្រាប់ប្រើប្រាស់ក្នុងការបម្រើសេវាសុខាភិបាល។
ក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានធ្វើចំណារនៅក្នុងកំណត់ត្រារបស់មណ្ឌលសុខភាពដោយបានកោតសរសើរនូវវីរភាពរបស់មន្រ្តីសុខាភិបាលនៅមណ្ឌលសុខភាពកោះកេរ្ត៍ ដែលបានបម្រើសេវាជូនប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ខ្ពស់ និងបានផ្ដល់អនុសាសន៍សំខាន់ៗ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានសុខភាពល្អនិងកាន់តែ មានភាពជឿជាក់ ព្រមទាំងបានជូនពរដល់មន្រ្តីទាំងអស់ទទួលបានជ័យជំនះថ្មីៗទៀតក្នុងភារកិច្ច និងការងាររបស់ខ្លួន។
ក្រោយពីបញ្ចប់ការសួរសុខទុក្ខអ្នកជំងឺ និងសំណេះសំពាលជាមួយបុគ្គលិក មន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាពកោះកេរ្ត៍ លោកសាស្រ្តាចារ្យ ឈាង រ៉ា បានបន្តដំណើរទៅមណ្ឌលសុខភាពគូលេន ដែលស្ថិតនៅភូមិ គូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលេន ខេត្តព្រះវិហារ។ នាឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានផ្តល់ការណែនាំ និងចំណុចគន្លឹះបន្ថែម សម្រាប់ការថែរក្សាសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សមធម៌ និងនវានុវត្តន៍ ជាពិសេសត្រូវចូលរួមថែរក្សានូវហេដ្ឋារចនាសម្ព័ន្ធ ត្រូវបន្តខិតខំពង្រឹងយន្តការថែទាំព្យាបាល និងការធ្វើរោគវិនិច្ឆ័យអ្នកជំងឺឱ្យបានច្បាស់លាស់ និងទាន់ពេលវេលា ពង្រឹងសេវាបញ្ជូនអ្នកជំងឺឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ឆាប់រហ័ស៕