(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសដាក់វិធានការណ៍ឱ្យក្រុមហ៊ុនស៊ីនទ្រី គ្រប់គ្រងការដាក់ផែនការប្រមូលសំរាមឱ្យបានល្អ និងច្បាស់លាស់ នៅក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក ស្របពេលដែលប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ នឹងមកលេងកម្សាន្ដ ព្រមទាំងបង្កើតឱ្យមានសំរាមជាច្រើន នៅតាមដងផ្លូវ និងសួនច្បារក្នុងរាជធានីភ្នំពេញ ។
ទីភ្នាកងារសារព័ត៌មានកម្ពុជា (AKP) បានចុះផ្សាយដោយដកស្រង់ សំដីលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញថា រដ្ឋបាលរាជធានីភ្នំពេញ បានដាក់វិធានការណ៍ឱ្យក្រុមហ៊ុនស៊ីនទ្រី ដាក់ផែនការប្រមូលសំរាមឱ្យបាន ច្បាស់លាស់ ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយត្រូវបង្កើនចំនួនអ្នកបោសសំអាត ប្រមូលសំរាម និងចំនួនរថយន្តដឹកសំរាមឱ្យទាន់ពេលវេលា។
លោកបន្ថែមទៀតថា ការដាក់ចេញនូវវិធានការណ៍នេះ ដើម្បីបញ្ជៀសបញ្ហា កកស្ទះសំរាមដែលប្រមូលមិនទាន់ មានបរិមាណច្រើនគរជាគំនរធំៗ ជះក្លិនស្អុយ នៅក្នុងរាជធានីភ្នំពេញ ជាពិសេសគឺ ធានាបានភាពស្អាតកុំឱ្យទទួលរងការរិះគន់ពី ប្រជាពលរដ្ឋមកលើអាជ្ញាធររាជធានីភ្នំពេញ។
លោក អ៊ិត ចាន់ដា ប្រធានការិយាល័យអតិថិជន និងសំអាតក្រុង នៃក្រុមហ៊ុនស៊ីនទ្រី បានឲ្យដឹងថា ភាគីក្រុមហ៊ុន និងសាលារាជធានីភ្នំពេញ បានត្រៀមកម្លាំងជាង១៧៧០នាក់ ដើម្បីបោស សំអាត និងប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ នាឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខ។
លោកបានអះអាងថា ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ខាងមុខនេះ សំរាមនៅក្នុងរាជធានីភ្នំពេញ អាចកើនឡើងចំនួនពី៣០តោន ទៅ៤០តោនក្នុងមួយថ្ងៃ លើសចំនួនដែល កំពុងមានស្រាប់១៩០០តោនក្នុងថ្ងៃ។
លោកបានបន្ថែមទៀតថា ក្នុងបរិវេណប្រារព្ធពិធីក្រុមហ៊ុន បានចែកក្រុមបោសសំអាត និងប្រមូលសំរាម ចំនួន១០ក្រុម ដោយចែកជាពីរវេន គឺវេនយប់ និងវេនថ្ងៃ ហើយចាប់ផ្តើម
បោសសំអាតចាប់ពី ម៉ោង១១យប់ រហូតដល់ម៉ោង៧ព្រឹក ពិសេសក្រុមហ៊ុនបាន បន្ថែមធុងសំរាមរហូតដល់ជាង១០០០ ធុងនៅក្នុងបរិវេណ ព្រះរាជពិធីបុណ្យ៕