ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត ត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមសម្អាតទីក្រុងភ្នំពេញ
09-11-2016 16:55
(ភ្នំពេញ)៖ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត បាននាំរថយន្តលាងសម្អាតផ្លូវចំនួនពីគ្រឿង ដើម្បីត្រៀមខ្លួនចូលរួម សម្អាតវិថីនានា នៅក្នុងទីក្រុងភ្នំពេញ។
ក្រុមហ៊ុន នឹងប្រើប្រាស់រថយន្តសម្អាតផ្លូវ ម៉ាកអ៊ីស៊ុយហ្ស៊ុយ ដែលមានលទ្ធភាព បោស លាងសម្អាត និងបូមធូលីសើម ដើម្បីចូលរួមលើកកម្ពស់បរិស្ថានល្អ នៅក្នុងរាជធានី។
រថយន្តធុនធ្ងន់ពណ៌ក្រហម ដែលមានពាក្យស្លោកថា «ទីក្រុងស្អាត សុខភាពល្អ» នឹងចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗនេះ ហើយការដំណើរការធ្វើការសម្អាតក្រុង នឹងធ្វើឡើងតែពេលយប់ប៉ុណ្ណោះ ដើម្បីជៀសវាង ការបង្កការកកស្ទះចរាចរណ៍ ដល់ប្រជាពលរដ្ឋ។
ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត ដែលផលិតស្រាបៀរកម្ពុជា សង្ឃឹមថា ការចូលរួមនេះ នឹងធ្វើឲ្យបរិស្ថានទីក្រុងភ្នំពេញ កាន់តែស្រស់ស្អាតជាងមុន៕