(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសព្វព្រះរាជហឫទ័យ ព្រះរាជប្រទាន ព្រះរាជទ្រព្យចំនួន ១០ ០០០ដុល្លារអាមេរិក ដល់កងទ័ពជួរមុខ ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីសម្តេចតេជោ ហ៊ុន សែន ក្នុងអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្តេចបានថ្លែងដូច្នេះថា «ព្រះសុវណ្ណីសារសំឡេង តាមរយៈសម្តេចព្រះអណុជ អរុណរស្មី សម្តេចម៉ែ ព្រះអង្គក្នុងឋានៈជាព្រះមាតាជាតិ ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ព្រះរាជទានព្រះរាជទ្រព្យចំនួន ១០ ០០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីជូនទៅដល់កងទ័ព ដែលកំពុងការពារព្រំដែន»។
ចំពោះព្រះរាជអំណោយនេះ សម្តេចតេជោ ហ៊ុន សែន សូមថ្លែងអំណរព្រះរាជគុណថ្វាយចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលបានគិតគូរចំពោះសុខទុក្ខរបស់កងទ័ព ដែលកំពុងធ្វើសកម្មភាពការពារនូវឯករាជ្យ អធិបតេយ្យភាព របស់ព្រះរាជណាចក្រកម្ពុជា។
សម្រាប់ព្រះរាជអំណោយនេះ សម្តេចតេជោ ហ៊ុន សែន សូមផ្ទេរទៅរាជរដ្ឋាភិបាល ដើម្បីចាត់ចែងសម្រាប់ជាតម្រូវការកងទ័ពនៅការពារព្រំដែន។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។ បន្ទាប់ពីការអំពាវនាវនេះ មានសប្បុរសជនជាច្រើន បានចូលរួមឧបត្ថម្ភថវិការបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី៕