(ភ្នំពេញ)៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានគេមើលឃើញថាហាក់មានភាពល្អូកល្អិន ស្និតស្នាល រាក់ទាក់ជាមួយនឹងអ្នកតំណាងរាស្ត្រ រួមនិងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតរបស់គណបក្សសង្គ្រោះជាតិជាសាធារណៈនៅក្នុងឱកាសចូលរួមបុណ្យឯករាជ្យជាតិ នៅឯវិមានឯករាជ្យនាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
ខណៈឈររង់ចាំទទួលស្វាគមន៏ដំណើរយាងមកដល់របស់ព្រះមហាក្សត្រ គេបានឃើញសម្ដេចតេជោហ៊ុន សែន និងអ្នកតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិមួយចំនួនទៀតដែលក្នុងនោះរួមមាន លោកអេង ឆៃអ៊ាង លោកយ៉ែម បុញ្ញឬទ្ធិ...ជាដើម បានឈរជជែកនិយាយរកគ្នាក្នុងភាពស្និតស្នាល ល្អូកល្អិន រាក់ទាក់ ដោយមានញញឹមដាក់គ្នាផងដែរ។
គេមិនបានដឹងថាថា្នក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ពិភាក្សាគ្នារឿងអ្វីនោះទេ ដោយគេគ្រាន់តែមើលឃើញពីចំងាយថាពួកគាត់ពិភាក្សាគ្នាក្នុងរូបភាពស្និតស្នាលតែប៉ុណ្ណោះ តែមតិភាគច្រើនបានអះអាងថា អ្នកនយោបាយ តែពេលជួបគ្នា ទោះក្រៅផ្លូវការក៏ដោយ ក៏ជៀសមិនផុតពីការលើកយកប្រធានបទនយោបាយមកជជែកគ្នានោះដែរ។
ក្រុមអ្នកវិភាគដែលមើលឃើញទិដ្ឋភាព និងសកម្មភាពនេះបានលើកឡើងថា ខណៈលោកសម រង្សុី ជាមេ បក្សប្រឆាំងកំពុងប្រកាន់ជំហរអរិភាពជាមួយនិងគណបក្សកាន់អំណាច បែរជាកូនចៅរបស់គាត់នាំគ្នាបង្ហាញភាព ស្និតស្នាលជាមួយមេបក្សកាន់អំណាចទៅវិញ តើនេះវាអាចបង្ហាញអោយឃើញពីភាពមិនចុះសំរុងគ្នានៅក្នុងជួរក្បាលម៉ាសុីន របស់គណបក្សដែរឬអត់?៕