Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តសៀមរាប បញ្ជាឲ្យមន្ដ្រី យកឈើក្រញូងមួយដើម ទៅរក្សាទុកនៅវត្តដំរីសែនជ័យ ដើម្បីឆ្លាក់ជាព្រះពុទ្ធរូប (Video Inside)

09-11-2016 16:18

(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា​ ឆ្នាំ២០១៦នេះ បានបញ្ជាផ្ទាល់ ឲ្យមន្ដ្រីរដ្ឋបាលព្រៃឈើ មន្រ្ដីបរិស្ថាន និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ដឹកដើមក្រញូងមួយដើម ដែលត្រូវបានគេកាប់បំផ្លាញនោះ យកទៅរក្សាទុកនៅវត្តដំរីសែនជ័យ ដើម្បីត្រៀមទុកឲ្យប្រជាពលរដ្ឋមូលដ្ឋាន សម្រេចឆ្លាក់ជាព្រះរូប ដើម្បីគោរពបូជា។

លោក ឃឹម ប៊ុនសុង បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រោយពីមានបញ្ជាយ៉ាងដាច់ណាត់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្ដេចតេជោ ហ៊ុន សែន ថា ត្រូវតែស្វែងរកក្រុមជនសង្ស័យ និងបក្ខពួក ដែលបានកាប់ដើមក្រញូងនេះ ឲ្យខាងតែបាន ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់នោះ លោកបានដឹកនាំផ្ទាល់ ក្នុងប្រតិបត្តិការនេះ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យពីរនាក់រួមមាន ឈ្មោះ ឈរ ថាណាត អគ្គនាយករងអាជ្ញាធរជាតិអប្សារាទទួលព្រៃឈើ និងលោក ចេវ ផល ប្រធានការិយាល័យគ្រប់គ្រងព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា រីឯបក្ខពួកផ្សេងទៀតនគរបាលជំនាញ កំពុងតែធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនបន្ថែមទៀត។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានចាត់ទុកថា ជនសង្ស័យដែលបានកាប់ដើមក្រញូង មួយដើមនេះ ជាជនដែលបំផ្លាញបេតិកភ័ណ្ឌជាតិ ដោយហេតុថា អ្វីក៏ដោយឲ្យតែមានអាយុចាប់ពី១០០ឆ្នាំ​ គឺត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិបេតិកភ័ណ្ឌជាតិ ជាក់ស្ដែងឈើក្រញូងនេះ មានអាយុរាបរយឆ្នាំហើយ ជាឈើដែលមានតម្លៃ ជាឈើដែលប្រជាពលរដ្ឋតែងតែគោរពបូជាគ្រប់ពេល ដូច្នេះជនសង្ស័យ​ដែល​កាប់បំផ្លាញ ជាមួយបក្ខពួក ត្រូវតែដាក់ទោសតាមច្បាប់ដាច់ខាត។

សូមបញ្ជាក់ថា ឈើគ្រញូងមួយដើមយ៉ាងធំនៅក្នុងឧទ្យានជាតិអង្គរ ត្រូវបានគេលួចកាត់កាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។ ដើមគ្រញូងមានអង្កត់ផ្ចិត ៨៣០សង់ទីម៉ែត្រ (៨.៣តឹក) ប្រវែងជាង៨ម៉ែត្រ នៅមាត់កសិន្ធអង្គរធំ ខាងកើតវត្តថ្មីដំរីសែនជ័យ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប៕