(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងរាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍វិញ នៅយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់នៅក្នុងសន្និសីទអន្តរជាតិកម្រិតខ្ពស់ ស្តីពី«ការអភិរក្សផ្ទាំងទឹកកក» ឆ្នាំ២០២៥ នាទីក្រុងឌូស្នាន់បេ ប្រទេសតាហ្ស៊ីគីស្ថាន។

បន្ទាប់ចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ, លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលពីការចូលរួមសន្និសិទអន្តរជាតិ ឆ្នាំ២០២៥ ស្តីពី «ការអភិរក្សផ្ទាំងទឹកកក» និងបានបង្ហាញថា លទ្ធផលនៃទស្សនកិច្ចរបស់ក្នុងនាមតំណាងសម្តេចធិបតីនាយករដ្ឋមន្រ្តី នៅក្នុងសន្និសីទអន្តរជាតិកម្រិតខ្ពស់ ស្តីពី«ការអភិរក្សផ្ទាំងទឹកកក» ឆ្នាំ២០២៥ គឺបានសម្រេចបានជោគជ័យ ទទួលបានលទ្ធផលផ្លែផ្កា ដែលក្នុនោះក្រៅពីការបង្ហាញមហិច្ឆតារបស់កម្ពុជា ក្នុងការចូលរួមជំរុញឱ្យមានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា បានអនុម័តសេចក្ដីថ្លែងការណ៍ផ្ទាំងទឹកកកឌូស្ហាន់បេ (The Dushanbe Glaciers Declaration) ជាមួយនឹងការអំពាវនាវ ដល់ការប្តេជ្ញាចិត្តដែលអាចអនុវត្តបាន គំនិតផ្តួចផ្តើមសហការនិងអនុសាសន៍ជាយុទ្ធសាស្រ្តនៅក្នុងសន្និសីទ COP30 នៅប្រទេសប្រេស៊ីលនាខែវិច្ឆិកាខាងមុខ ព្រមទាំងដើម្បីអនុវត្តសេចក្តីសម្រេចចិត្ត របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពី «ការអភិរក្សផ្ទាំងទឹកកកជាសកលឆ្នាំ២០២៥»

សូមបញ្ជាក់ថា សន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី«ការអភិរក្សផ្ទាំងទឹកកក» នេះ ត្រូវបានរៀបចំឡើងយោងតាមស្មារតី នៃសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាត អង្គការសហប្រជាជាតិ ស្តីពី «ការអភិរក្សផ្ទាំងទឹកកកជាសកលឆ្នា២០២៥» ដែលបានអនុម័តកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងបង្កើនការយល់ដឹង លើកស្ទួយ និងជួយសម្របសម្រួលសកម្មភាពនានា ព្រមទាំងវិធានការប្រកបដោយចីរភាព ឆ្ពោះទៅរកការថែរក្សា ក៏ដូចជាការគ្រប់គ្រងផ្ទាំងទឹកកកនៅគ្រប់កម្រិត ដែលត្រូវការជាចាំបាច់នូវសកម្មភាព និងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតរបស់ប្រទេសនានាជុំវិញពិភពលោក។

សន្និសីទនេះ មានអ្នកចូលរួមដែលជាមេដឹកនាំរដ្ឋ និងប្រទេស រួមជាមួយប្រតិភូ មកពីជាង ៦០ប្រទេស ព្រមទាំងអង្គការអន្តរជាតិ ភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ប្រមាណជាង២០០០នាក់៕