(ពោធិ៍សាត់)៖ ក្មេងស្រីម្នាក់ បានសម្រេចចិត្តគិតខ្លី ចងកសម្លាប់ខ្លួនឯង ជាមួយខ្សែនីឡុងជាមួយខោជើងវែងជាប់នឹងធ្នឹមផ្ទះ ដោយសារតែខឹងឪពុកម្តាយប្រើឲ្យមើលគោក្របីរាល់ថ្ងៃ មិនបានដើរលេងនឹងគេ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្ញើល កាលពីវេលាម៉ោង៣៖១៥នាទីព្រឹក ឈានចូលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចក្រោមផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិថ្គោលធំ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា សាកសពក្មេងស្រីដែលគិតខ្លី ចងកសម្លាប់ខ្លួនឯងនោះ មានឈ្មោះ សៃ វណ្ណា ភេទស្រី អាយុ ១២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ, មានបងប្អូនបង្កើត ០៥នាក់ ក្នុងនោះប្រុស ០៤នាក់, មានឪពុកឈ្មោះ សៃ សូយ មុខរបរជាកសិករ និងម្តាយឈ្មោះ យន់ យួន មុខរបរចេញចូលរកស៉ីនៅស្វាយស៊ីសាផុន។
លោកអធិការបានបន្តថា កាលពីថ្ងៃទី០៨ ខែតុលា ក្មេងស្រីរងគ្រោះបានដើរលេងភ្លេចមើលគោក្របី ពេលត្រលប់មកផ្ទះវិញ ឪពុករបស់ក្មេងស្រីរងគ្រោះបានជេររករឿង ទើបក្មេងស្រីរងគ្រោះ តូចចិត្តក៏បានសម្រេចចិត្តគិតខ្លី ចងកសម្លាប់ខ្លួនឯង ជាមួយខ្សែនីឡុងជាមួយខោជើងវែងជាប់នឹងធ្នឹមខាងក្រោមផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅពិនិត្យសាកសព ឃើញថាក្មេងស្រីរងគ្រោះ ពិតជាបានចងកសម្លាប់ខ្លួនឯងប្រាកដមែន ដោយសារតែខឹងឪពុកម្តាយប្រើឲ្យមើលគោក្របីរាល់ថ្ងៃ មិនបានដើរលេងនឹងគេ។ បច្ចុប្បន្នសាកសពក្មេងស្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕