(ភ្នំពេញ)៖ បន្ទាប់ពីសមាជព្រឹទ្ធសភា និងរដ្ឋសភានៃកម្ពុជា បានបើកកិច្ចប្រជុំតាំងពីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់វេលារំលងអធ្រាត្រ ឆ្លងថ្ងៃ, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធាន​សមាជព្រឹទ្ធសភា និងរដ្ឋសភានៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការប្រជុំឆ្លងថ្ងៃ កាត់យប់ដូចនេះមិនជារឿងថ្មីសម្រាប់សម្តេចនោះឡើយ សម្តេចធ្លាប់បានប្រជុំយូរជាងនេះថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះនាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញបន្តដឹកនាំរដ្ឋសភា និងព្រឹទ្ធសភា បន្តសមាជប្រជុំថ្ងៃទី២ ជជែកអំពី​ប្រព័ន្ធកសិកម្ម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូវនេះថា «ខ្ញុំសូមជម្រាបថា ក្នុងជីវិតរបស់ខ្ញុំនេះវាជួបប្រទះនូវរឿងបែបនេះជាច្រើនលើកដែរហើយ ប៉ុន្តែមិនដល់កម្រិតពេលមុននោះទេ កាល IMC ហ្សាតាកា ចុងឆ្នាំ១៩៨៩ បន្ទាប់ពីបរាជ័យនៃសន្និសីទទីក្រុងប៉ារីស លើកទី១ យើងមកប្រជុំក្រៅផ្លូវការនៅហ្សាតាកា ប៉ុន្តែគេហៅ IMC ពេលនោះយើងចាប់ប្រជុំ ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់យើងបាយ ហើយបន្តការប្រជុំដល់ម៉ោង ៨ យើងបាយទៀត ហើយក៏បន្តការប្រជុំដល់ម៉ោង ២៖៣០រំលងអធ្រាត្រ តែការប្រជុំទាំងអស់គឺបរាជ័យ»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា នៅក្នុងការប្រជុំក្រៅផ្លូវការនៅទីក្រុងហ្សាតាកានោះ បន្ទាប់ពីការប្រជុំរហូតដល់ម៉ោង ២៖៣០ រំលងអធ្រាត្រហើយនោះ សម្តេចបានបន្តធ្វើសន្និសីទសារព័ត៌មាន​ចាប់ពីម៉ោង៣ រហូតដល់ម៉ោង ៤ទៀបភ្លឺថែមទៀត ដូចនេះសម្តេចធ្លាប់បានជួបប្រទះរួចអស់ហើយសម្រាប់ការប្រជុំឆ្លងថ្ងៃដូចនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដែរថា គ្រាដែលទៅប្រជុំនៅទីក្រុងប៉ារីសនោះផងដែរ សម្តេចក៏បានដួលហើយបានចូលពេទ្យ បន្ទាប់ពីចេញពីពេទ្យហើយនោះ ក៏គេបានឱ្យសម្តេចទៅចូលរួមប្រជុំថែមទៀត ព្រោះគេចង់ដឹងពីការសម្រេចចិត្តរបស់អ្នកធំ, សម្តេចបញ្ជាក់ថាការប្រជុំដែលពិបាកៗ ការ​ប្រជុំឆ្លងថ្ងៃនៅក្រៅ​ប្រទេសសម្តេចបានធ្លាប់បានជួបប្រទះរួចហើយ ហើយមិននឹកស្មានថា មកដល់ប្រទេសកម្ពុជាហើយ​នៅតែមានការបន្ត​ប្រជុំឆ្លងថ្ងៃដូចនេះទៀត៕