(ភ្នំពេញ)៖ បន្ទាប់ពីការប្រកួតប្រជែងរកសំឡេងឆ្នោតយ៉ាងស្វិតស្វាញទីបំផុតលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋបានក្លាយជាប្រធានាធិបតីទី៤៥ របស់អាមេរិក ដោយទទួលអាសនៈ ២៧០អាសនៈ ខណៈដែលគូប្រកួតរបស់លោក គឺលោកស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យទទួលបាន ២៥០អាសនៈតែប៉ុណ្ណោះ។
លោកដូណាល់ត្រាំ បានទទួលជ័យជម្នះនៅរដ្ឋធំៗជាច្រើនដូចជា រដ្ឋ Texas, Florida និង Ohio រហូតដល់ជាង៣០រដ្ឋ។ ដោយឡែកលោកស្រី ហ៊ីលឡារី គ្លីនតុន បានយកឈ្នះនៅរដ្ឋធំៗ ដូចជា រដ្ឋ Washington, California និង Newyork ជាដើម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងពេលអញ្ជើញធ្វើបាឋកថាចែករំលែកបទពិសោធន៍ក្នុងការដឹកនាំបញ្ជាកងកម្លាំង ក៏ដូចជាសភាពការណ៍ជាតិ និងអន្តរជាតិដល់មន្រ្តីនគរបាលជាតិកម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅ បានបង្ហាញបំណងចង់ឃើញ លោកដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីថ្មីរបស់អាមេរិក។ ការចង់ឃើញដូចនេះ ក៏ដោយសារតែសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា មើលឃើញថា លោក ដូណាល់ ត្រាំ ដែលជាអ្នកជំនួញដ៏ល្បាញល្បីមួយរូប ប្រាកដជាសម្លឹងមើលឃើញរឿងធ្វើជំនួញច្រើនជាងការធ្វើសង្រ្គាម ជាហេតុធ្វើឲ្យស្ថានការណ៍នយោបាយពិភពលោក មានភាពល្អប្រសើរផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានមើលឃើញផងដែរថា ប្រសិនបើលោកត្រាំ ក្លាយជាប្រធានាធិបតី លោកក៏នឹងក្លាយទៅជាមិត្តភក្តិជាមួយប្រទេស ដែលកំពុងជាសត្រូវជាមួយអាមេរិក នាពេលបច្ចុប្បន្នដូចជាប្រទេសរុស្ស៊ីផងដែរ។
ផ្ទុយទៅវិញប្រសិនបើលោកស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតជាប្រធានាធិបតីវិញ សម្តេចនាយករដ្ឋមន្រ្តី កម្ពុជាថា ស្ថានការណ៍ពិភពលោកអាចនឹងមានភាពមិនល្អប្រសើរ។ មិនល្អប្រសើរដោយសារតែលោកស្រី ហ៊ីលឡារី គ្លីនតុន អាចនឹងបន្តនយោបាយសង្រ្គាម ដូចដែលលោកស្រីធ្លាប់បានផ្តល់យោបល់ឲ្យលោកប្រធានាធិបតីអាមេរិក ប៉ារាក់ អូបាម៉ា វាយប្រហារប្រទេសស៊ី រី កាលពីលោកស្រីនៅជារដ្ឋមន្រ្តីការបរទេសបរទេសអាមេរិកនោះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានមើលឃើញផងដែរថា ប្រសិនបើលោកស្រី ហ៊ីលឡារី គ្លីនតុន ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក សម្ព័ន្ធមិត្តិរវាងអាមេរិក និងរុស្ស៊ី ក៏ប្រហែលជានឹងមិនអាចមានភាពល្អប្រសើរនោះឡើយ ត្បិតថានយោបាយគណបក្សប្រជាធិបតេយ្យ របស់លោកស្រី គ្លីនតុន អាចនឹងបន្តនយោបាយដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ដូចពេលបច្ចុប្បន្ននេះ។
លោក ត្រាំ នៅក្នុងយុទ្ធនាការស្វែងរកប្រជាប្រិយភាពនាពេលកន្លងទៅ ធ្លាប់បានប្រកាសដាក់ចេញនយោបាយចងសម្ព័ន្ធភាព ជាមួយបណ្តាប្រទេសជាច្រើនលើពិភពលោកជាច្រើន ដែលកំពុងមានទំនាក់ទំនងមិនល្អជាមួយអាមេរិកដូចជា រុស្ស៊ី និងកូរ៉េខាងជើងជាដើម។
បើទោះបីជាយ៉ាងណា លោក ដូណាល់ ត្រាំ មិនមែនជាបុគ្គលប្រធានាធិបតីអាមេរិក ដែលស្ថិតក្នុងបេះដូងរបស់មេបក្សប្រឆាំងនៅកម្ពុជា គឺលោក សម រង្ស៊ី នោះឡើយ។ លោក សម រង្ស៊ី ធ្លាប់បានបង្ហាញការពេញចិត្តជាមួយលោកស្រី ហ៊ីលឡារី គ្លីនតុន ដោយលោកមើល ឃើញថា លោកស្រី គ្លីនតុន ជាអ្នកនយោបាយមានការចេះដឹងម៉ឹងម៉ាត់ និងនឹងនរក្នុងឆាកនយោបាយ។
ដោយឡែកលោក ត្រាំ វិញ ត្រូវបានលោក សម រង្ស៊ី ចាត់ទុកថា ជាជនផ្តាច់ការ ដែលស្រឡាញ់ទៅលើអំណាចលុយ។ សម្តេចតេជោ ហ៊ុន សែន ក្នុងពីធីចែកសញ្ញាបត្រដល់គរុនិស្សិត និងនិស្សិតវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសនៅដើមសប្តាហ៍នេះ បានប្រកាសថា សម្តេចនឹងបញ្ជូនរាល់សាររបស់ លោក សម រង្ស៊ី នេះឲ្យទៅដល់ដៃរបស់លោក ដូណាល់ ត្រាំ ហើយក៏ឲ្យប្រជាពលរដ្ឋអាមេរិកគាំទ្រលោក ត្រាំ កត់ត្រានូវសម្តីរបស់មេបក្សប្រឆាំងនៅកម្ពុជា ដែលហៅលោក ត្រាំ ថាជា ជនផ្តាច់ការនេះផងដែរ។
ពេលនេះលោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិក ដោយការចង់បានរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ហើយ គេរំពឹងថា ប្រធានាធិបតីអាមេរិកលើទី៤៥ ដែលមានត្រកូលជាអ្នកជំនួញនេះ នឹងធ្វើឲ្យពិភពលោកមានសេដ្ឋកិច្ចរីកចម្រើន លូតលាស់។ ជាពិសេសចៀសផុតពីសង្រ្គាម ពង្រីកអំណាច ដែលកំពុងធ្វើឲ្យពិភពលោកមានភាពរកាំរកូសខ្លាំង និងនាំឲ្យមានជនអន្តោប្រវេសន៍ជាច្រើនរត់ចេញពីបណ្តា ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុប៕