(ភ្នំពេញ)៖ ថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥នេះ រាប់ថាជាព្រឹត្តិការណ៍ប្រវត្តិ​សាស្ត្រមួយក្នុងប្រវត្តិការងាររបស់ព្រឹទ្ធសភារដ្ឋសភា និងរាជរដ្ឋាភិបាល។ តាមរយៈព្រឹត្តិការណ៍សមាជលើកដំបូង ថ្នាក់ដឹកនាំសមាជិក សមាជិក​ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល បានបើកការជជែកគ្នាតាំងពីម៉ោង​៨ព្រឹក រហូតដល់ម៉ោង០០៖២២នាទីរំលងអធ្រាត្រចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។

រដ្ឋសភា និងព្រឹទ្ធសភា បានបើកសមាជជាលើកដំបូង ដើម្បីជជែកលើរបៀបវារៈសំខាន់ៗចំនួន៣រួមមាន៖ ប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ និងប្រព័ន្ធកសិកម្ម។

ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៦យប់ (ដល់ពេលសម្រាកពិសាបាយ២ម៉ោង) បញ្ចប់បានរបៀបវារៈទី១ គឺប្រព័ន្ធគាំពារសង្គម។ ចប់របៀបវារៈទី១ ម៉ោង​៦យប់​ទៅហើយ តែសម្តេចតេជោ ក្នុងឋានៈជាប្រធានសមាជមិនបាន​ប្រកាស​សម្រាកសមាជនោះឡើយ។ សម្តេចតេជោ បានប្រកាសបន្តចូល​ទៅរបៀបវារៈទី២ ចាប់ពីម៉ោង២០៖៣០នាទី រហូតដល់ម៉ោង០០៖៣០នាទីរំលងអធ្រាត្រ។

សម្តេចតេជោ បានប្រកាសថា សមាជថ្ងៃទី១នេះ ត្រូវតែបញ្ចប់របៀបវារៈទី២ ទោះបីត្រូវប្រើពេលវេលាច្រើនប៉ុណ្ណាក៏ដោយ ដើម្បីថ្ងៃស្អែក​ឈានទៅជជែក​​លើរបៀបវារៈទី៣ ហើយឈានទៅបញ្ចប់សមាជ​តាមការគ្រោងទុក។ បន្ទាប់ពីបញ្ចប់សមាជ សម្តេចនឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានផងដែរ។

មានប្រសាសន៍លេងសើចបន្លំមែនផងនោះ សម្តេចតេជោ បានគូសបញ្ជាក់ថា ការប្រើពេលវេលាច្រើនម៉ោងក្នុងសមាជនេះក៏ជាការសាកល្បងកម្លាំងរបស់​ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល​ផងដែរ។

សមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាវេទិកាមួយដ៏ល្អ ព្រោះជាការជួបជជែកដេញដោលគ្នាក្នុងន័យកែលំអរវាងព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល លើកិច្ចការចាំបាច់ទាំងឡាយរបស់ជាតិ។ ជាពិសេសជាវេទិកាមួយ ដែលសមាជិកព្រឹទ្ធសភា រដ្ឋសភា បានលើកបញ្ហា និងសំណូមពរ​ទាំងឡាយទៅកាន់នាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាល៕