នាយករដ្ឋមន្រ្តីកម្ពុជា អបអរសាទរចំពោះជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក! (Video inside)
09-11-2016 14:55
(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីលទ្ធផលបានប្រកាសថា លោក ដូណាល់ ត្រាំ ជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានចេញមកសម្តែងការអបអរសាទរផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការអបអរសាទតាមទំព័រ Facebook របស់សម្តេចថា «អបអរសាទរ ឯកឧត្តម ដូណាល់ ត្រាំ (Donald Trump) ដែលបានទទួលជោគជ័យសំរាប់ការបោះឆ្នោតជាប្រធាធិបតីអាមេរិក»។
សម្តេចតេជោ ហ៊ុន សែន ក៏ឆ្លៀតឌឺដងឲ្យមេបក្សប្រឆាំង ដែលបានហៅសម្តេច និង លោក ត្រាំ ជាជនផ្តាច់ការផងដែរ។ សម្តេចតេជោ បានថ្លែងដូច្នេះ «ប៉ុន្មានថ្ងៃមុន នៅពេលដែលខ្ញុំបង្ហាញនូវការគាំទ្ររបស់ខ្ញុំ ចំពោះ ឯកឧត្តម មានមនុស្សមួយចំនួនបានចេញមកវាយប្រហារខ្ញុំ រហូតចោទ ឯកឧត្តម ថាជាមនុស្សផ្តាច់ការទើបមានមនុស្សដូចខ្ញុំទៅគាំទ្រ»។
សូមបញ្ជាក់ថា ការគាំទ្ររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះលោក ត្រាំ បានធ្វើឡើងមុនពេលដំណើរការបោះឆ្នោតមកម្ល៉េះ។ សម្តេចតេជោ ហ៊ុន សែន ថា បើដូណាល់ ត្រាំ ឈ្នះឆ្នោត ពិភពលោកនឹងមានសភាពការណ៍ល្អប្រសើរ។
ពេលនេះអ្វីៗច្បាស់ហើយ គឺប្រជាជនអាមេរិកត្រូវការឯកឧត្តមដឹកនាំ ហើយការគាំទ្ររបស់ខ្ញុំក៏មិនខុសដែរ៕