(ភ្នំពេញ)៖ កម្មករនិយោជិត និងសហជីពធំៗនៅកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងលើកយកបញ្ហាព្រំដែននៅតំបន់មុំ៣ ប្រសាទតាមាន់តូច ប្រសាទតាមាន់ធំ ប្រសាទតាក្របីទៅកាន់តុលាការអន្តរជាតិ(ICJ)ដើម្បីជម្រះឱ្យដាច់ស្រេចជាមួយនឹងភាគីថៃ។

ក្រោយការប្រកាសរបស់នាយករដ្ឋមន្ត្រីភ្លាម អ្នកស្រី សៀវ គន្ធា ជាកម្មការិនីរោងចក្រនៅរាជធានីភ្នំពេញ បានពេញចិត្តចំពោះជំហរដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលដែលបង្ហាញជំហរដ៏ម៉ឺងម៉ាត់ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ។

អ្នកស្រីបានបញ្ជាក់ថា៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែនរវាងកម្ពុជា និងថៃ។ យើងត្រូវការពារទឹកដីរបស់យើង ដោយផ្អែកលើច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ»

ជាមួយគ្នានេះ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដោយលោកបានចាត់ទុកថា នេះគឺជាចំណាត់ការប្រកបដោយភាពចាស់ទុំខាងនយោបាយនៃអ្នកដឹកនាំកម្ពុជា ដោយបានគិតគូរវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់ខ្ពស់។

លោកបានបញ្ជាក់ថា៖ «ក្នុងនាមថ្នាក់ដឹកនាំសហជីព ខ្ញុំសូមប្រកាសគាំទ្រផងដែរនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលគាំទ្រឱ្យរាជរដ្ឋាភិបាល ប្រទេសទាំងពីរនាំយកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការអន្តរជាតិ ដោយមិនចាំបាច់ឱ្យកម្ពុជាប្តឹង»

បន្ថែមពីនេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) បានប្រកាសគាំទ្រយ៉ាងពេញទំហឹងដាក់ពាក្យបណ្តឹងជុំវិញព្រំដែនខ្មែរក្នុងតំបន់​ប្រាសាទតាមាន់ធំ តាក្របី និងតំបន់មុំបីទៅកាន់តុលាការអន្តរជាតិ ICJ ដើម្បីឱ្យដាច់ស្រឡះជាមួយភាគីថៃ។

លោកបានបញ្ជាក់ថា៖ «ខ្ញុំបាទសូមគាំទ្រចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលនឹងដាក់ពាក្យបណ្តឹងជុំវិញព្រំដែនខ្មែរក្នុងតំបន់ប្រាសាទតាមាន់ធំ តាក្របី និងមុំបី ទៅកាន់តុលាការអន្តរជាតិ ICJ ដើម្បីឱ្យដាច់ស្រឡះជាមួយភាគីថៃ។ ចំណាច់ការរបស់សម្តេចបង្ហាញពីការតាំងចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការការពារទឹកដីដែនអធិបតីជាតិ ដោយមិនអនុញ្ញាតឱ្យភាគីណាមួយមករំលោភបំពានបានឡើយ»

សូមជម្រាបដែរថា ការចេញសារគាំទ្ររបស់កម្មករ និងសហជីពនៅកម្ពុជានាពេលនេះ គឺធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងពីជំហរដ៏ម៉ឺងម៉ាត់ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ដែលបានធ្វើនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា៕