Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន សរសើររាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលគ្រប់គ្រងសាច់ប្រាក់បានយ៉ាងល្អ, ចំនួនសាច់ប្រាក់នៅរតនាគារជាតិពេលនេះ មានចំនួនច្រើនជាង ពេលសម្តេចចាកចេញពីតំណែង ជានាយករដ្ឋមន្ត្រី (Video inside)

02-06-2025 17:35

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងនូវការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានគ្រប់គ្រងសាច់ប្រាក់បានយ៉ាងល្អ បើទោះបីមានការដំឡើង​ប្រាក់បៀវត្សជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងបង្កើតការចំណាយចាំបាច់ផ្សេងៗ ក៏សាច់ប្រាក់ក្នុងរតនាគារជាតិពេលនេះ មានចំនួនច្រើនជាង ពេលសម្តេចចាកចេញពីតំណែងនាយករដ្ឋមន្ត្រី កាលពីជាង២ឆ្នាំមុន។

សម្តេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងសមាជជាលើកដំបូង របស់រដ្ឋសភា និងព្រឹទ្ធសភា ជជែកអំពីប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម។

បើទោះបីមានការកោតសរសើរយ៉ាងនេះក្តី ក៏សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរាជរដ្ឋាភិបាលមិនត្រូវចាយវាយខ្ជោះខ្ជាយនោះទេ គឺត្រូវចាយវាយដោយសន្សំសំចៃ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវខ្ញុំសុំសរសើរ ចំពោះរាជរដ្ឋាភិបាលថ្មី គិតពីថ្ងៃដែលខ្ញុំចាកចេញ និងថ្ងៃនេះ ចំនួនសាច់​ប្រាក់ គឺមានចំនួនច្រើនជាងពេលដែលខ្ញុំចាកចេញ បើទោះបីជាបានដំឡើងបៀវត្ស និងបង្កើនការចំណាយមួយចំនួនក៏ដោយ។ សូមថ្លែងនូវការវាយតម្លៃខ្ពស់ ជាមួយនឹងការខិតខំប្រឹងប្រែងនេះ។ ប៉ុន្តែនិយាយយ៉ាងដូច្នេះមិនមែនបានន័យថា ឱ្យចាយខ្ជោះខ្ជាយទេ យើងត្រូវចាយដោយមានការសន្សំសំចៃ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងផងដែរថា មុនពេលជួបវិបត្តិជំងឺកូវីដ១៩ សម្តេចបានប្រឹងប្រែងសន្សំថវិកាជាតិសល់រហូតដល់ទៅប្រមាណ ៤ពាន់លានដុល្លារអាមេរិក។ ថវិកាសន្សំនោះបានបញ្ចេញ ៤០០លានដុល្លារទិញម៉ាស៊ីនភ្លើងពីអាឡឺម៉ង់ ដើម្បីទប់ទល់នឹងការខ្វះខាងអគ្គិសនី និង ៣០០លានដុល្លារ ទៅធ្វើផ្លូវ និងហេដ្ឋាចរនាសម្ព័ន្ធនៅព្រះសីហនុ និងមួយចំនួនទៀតទៅធ្វើផ្លូវ និងហេដ្ឋារចនាសម្ព័​ន្ធនៅសៀមរាប។

សម្តេចបានបញ្ជាក់ថា សម្តេចមានគម្រោងសន្សំលុយឱ្យបាន ៥ពាន់លានដុល្លារ ហើយប្រើប្រាស់ថវិកានោះធ្វើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដោយមិនប្រើថវិកាបរទេស តែកូវីដ១៩ មកដល់ធ្វើឱ្យការចំណាយកើនខ្ពស់ និងចំណូលមានការថមថយ៕