(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបំបែរជំហរដោះស្រាយវិវាទតាមព្រំដែនទិសខាងលិច ដោយការបបួលថៃ យកបញ្ហាជម្លោះព្រំដែនដ៏រ៉ាំរ៉ៃមិនចេះចប់ មិនចេះហើយនេះ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ។ Fresh Exclusive មានសេចក្តីរាយការណ៍វិភាគមួយជុំវិញបញ្ហានេះ៖

សេចក្តីសម្រេចដ៏ម៉ឺងម៉ាត់ចុងក្រោយមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកយកបញ្ហាជម្លោះព្រំដែនដ៏រ៉ាំរ៉ៃទាក់ទងនឹងប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជាចំណាត់ការដ៏វាងវៃមួយស្របតាមនយោបាយបុព្វបុរសរបស់ខ្លួន «ពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង»

ប្រសាសន៍គូសបញ្ជាក់របស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ទាំងក្នុងសារនៅបណ្តាញសង្គម និងប្រសាសន៍ថ្លែងនៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទីមួយនាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានធ្វើឡើងក្នុងពេលដែលស្ថានភាពថ្មីៗចុងក្រោយបានឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ជាមួយនឹងសកម្មភាពលេចឡើងជាបន្តបន្ទាប់របស់ក្រុមជ្រុលនិយមមួយចំនួនតូច ដែលបានបំផុសចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែលកត្តានេះហើយបាននាំឱ្យមានក្តីបារម្ភថា វានឹងអាចឈានទៅការប្រឈមមុខដាក់គ្នាសារជាថ្មីនៅពេលខាងមុខថែមទៀត។

គួរបញ្ជាក់ថាភាពកាន់តែតានតឹងនេះ គឺនៅបន្ទាប់ពីភាគីទាហានថៃ បានលើកគ្នាមកបាញ់សម្លាប់ទាហានល្បាតខ្មែរម្នាក់ គឺព្រឹន្ទបាលឯក សួន រ៉ោន ក្នុងហេតុការណ៍បង្ហាញនូវអំពើឈ្លានពានមួយនៅតំបន់មុំបី ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភាកន្លងមកនេះ។
ចំណាត់ការ «ពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង» នេះ ត្រូវបានគេចាត់ទុកថា ជាចំណាត់ការដ៏ក្លាហាន ឆ្លុះបញ្ចាំងទាំងភាពចាស់ទុំខាងការទូត និងការទទួលខុសត្រូវជាប្រវត្តិសាស្ត្ររបស់ជាតិថែមទៀត។

សម្តេចបវរធិបតី បានថ្លែងសង្ឃឹមថា ភាគីកម្ពុជានិងថៃ នឹងអាចធ្វើការជាមួយគ្នាដើម្បីឈានទៅរកដំណោះស្រ័យបញ្ចប់ការវិវាទនៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធី ផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។ ប៉ុន្តែបើទោះបីជាភាគីថៃ មិនព្រមឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ក៏ដោយ ក៏កម្ពុជា នឹងប្តឹងទៅតុលាការ ICJ ដែរ ដើម្បីរំលត់ និងបញ្ចប់បញ្ហាព្រំដែនជាមួយថៃនេះផងដែរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ទោះបីជារាជរដ្ឋាភិបាលទាំងពីរ បានខិតខំទប់ស្កាត់មិនឱ្យបញ្ហានេះ ឆេះក្លាយជាជម្លោះនិងរក្សាស្ថានភាពទំនាក់ទំនងនៅព្រំដែនល្អក៏ដោយ កំដៅនេះនៅមិនទាន់ចប់នៅឡើយ ប៉ុន្តែផ្ទុយទៅវិញកម្លាំងជ្រុលនិយមនៅតែបន្តដុតកំដៅជាប្រចាំ។ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរព្យយាមដោះស្រាយបញ្ហានេះ ដោយសន្តិវិធី ផ្អែកទៅលើបច្ចេកទេសនិងច្បាប់អន្តរជាតិ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាតំបន់រសើបនេះ។ រាជរដ្ឋាភិបាលបានសម្រេចឱ្យគណៈកម្មការព្រំដែនចម្រុះJBCកម្ពុជា, ទី១. រៀបចំការប្រជុំជាបន្ទាន់ជាមួយភាគីថៃដើម្បីដោះស្រាយបញ្ហាព្រំដែន, បន្តការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសយើងទាំងពីរ ។ ប្រគល់ភារកិច្ចឱ្យគណៈកម្មការព្រំដែនចម្រុះ ដើម្បីត្រៀមដាក់ចូលទៅក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំ JBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបី ដើម្បីទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង ដើម្បីពន្លត់បញ្ហានេះជាជាងអង្គុយបក់ផ្សែង»

«កម្ពុជាសង្ឃឹមថាភាគីថៃនឹងឯកភាពជាមួយកម្ពុជា ដើម្បីរួមគ្នាយកបញ្ហានេះទៅតុលាការអន្តរជាតិនៅក្នុងស្មារតីសុច្ចរិតភាពនិងស្មោះត្រង់ជាមួយគ្នាទៅវិញទៅមកដើម្បីបញ្ចប់និងបញ្ចៀសបញ្ហានេះកុំឱ្យអាចក្លាយទៅជាបញ្ហាដែលអាចឈានទៅដល់ការប្រឈមមុខដាក់គ្នាប្រដាប់អាវុធសាជាថ្មីដោយសារភាពមិនច្បាស់លាស់ពីករណីព្រំដែនក៏ដូចជា MOU ឆ្នាំ២០០០នេះ។ ខ្ញុំសូមបញ្ជាក់ថា ទោះបីជាភាគីថៃមិនឯកភាពជាមួយយើងនៅក្នុងការយកបញ្ហានេះទៅ ICJ ក៏កម្ពុជានឹងប្តឹងទៅ ICJ នូវបញ្ហានេះ ដើម្បីបញ្ចប់បញ្ហានេះ និងពន្លត់បញ្ហានេះតែម្តង កុំឱ្យមានបញ្ហាស្រពិចស្រពិលគ្នា ជាពិសេសការធ្លាក់ចូលទៅក្នុងការបំផុសរុញច្រានដោយក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្នុងប្រទេសថៃនិងកម្ពុជាដែលអាចឈានទៅដល់ការផ្ទុះអាវុធនិងការប្រឈមគ្នា»

* ហេតុអ្វីបានជាកម្ពុជាយកសំណុំរឿងទៅតុលាការយុត្តិធម៌អន្តរជាតិ?

ភាពជាប់គាំងនៅក្នុងយន្តការទ្វេភាគីរវាងជាពិសេសអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ ២០០០ រវាងកម្ពុជានិងថៃ ដែលត្រូវបានគេសន្មត់ថា ជាការបង្កើតនូវមូលដ្ឋានសម្រាប់កិច្ចការងារកំណត់ព្រំដែនបច្ចេកទេសនៅតាមតំបន់ជម្លោះនោះ បែរជាជាប់គាំងទៅវិញ និងមិនអាចធ្វើការដោះស្រាយការងារព្រំដែនបានយ៉ាងពេញលេញនោះឡើយ។

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា ក្រោយពីត្រឡប់បំពេញបេសកកម្មក្រៅប្រទេស រួចមកសម្តេចបានធ្វើការជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពកម្ពុជានៅព្រំដែន ដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ៖ «ម្សិលមិញនេះខ្ញុំ បានទៅព្រះវិហារ ដើម្បីទៅជួបជាមួយនឹងមេដឹកនាំកងទ័ពកងទ័ពរបស់យើង ដែលនៅទៅនោះ ដែលត្រៀមលក្ខណៈរួចជាស្រេច ដើម្បីឈរជើង ដើម្បីការពារនូវបូរណភាពទឹកដីកម្ពុជា។ កម្ពុជាមិនមានបំណងឈ្លានពានចូលប្រទេសជិតខាង… មិនមានការចង់បានដីប្រទេសណាសូម្បីតែមួយមីលីម៉ែត។ ប៉ុន្តែកម្ពុជាប្តេជ្ញាចិត្តនូវក្នុងការការពារដាច់ខាតនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើងនេះ គឺជាការប្តេជ្ញាចិត្តរបស់កងទ័ពរបស់យើង និងកងនគបាលជាតិរបស់យើងដែលឈរជើងនៅខាងមុខ»

ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់កាលពីសប្តាហ៍មុនថា កន្លែងដែលមានការវាយប្រហារបានកើតឡើងនៅតំបន់មុំបីនោះ គឺនៅក្នុងឆ្នាំ២០០៩ សម្តេចក៏ធ្លាប់បានអង្គុយនៅទីនោះដោយខ្លួនឯងផងដែរ។ សម្តេចបានដាក់សំណួរថា ហេតុអ្វីបានជាកន្លែងនោះ ប្រែជាក្លាយជាដីរបស់ថៃទៅវិញ?

អំពើលបលួចចូលមកក្នុងទឹកដីកម្ពុជា និងថែមទាំងបាញ់ប្រហារលើកងទ័ពល្បាតព្រំដែនចុងក្រោយនេះ បានបន្ថែមភាពតានតឹងសាជាថ្មីដល់ជម្លោះព្រំដែនដ៏យូរអង្វែង ដែលមុននេះរឿងជម្លោះនៅតំបន់ប្រាសាទព្រះវិហារ ដែលជាទីតាំងប្រវត្តិសាស្ត្រ ប៉ុន្តែក្រោយមកត្រូវបានផ្តល់មកកម្ពុជាវិញ តាមរយៈតុលាការយុត្តិធម៌អន្តរជាតិក្នុងឆ្នាំ២០១៣។ ទោះបីជាប្រាសាទព្រះវិហារ លែងមានជម្លោះក៏ដោយ ប៉ុន្តែទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជាថៃ នៅតែបន្តមានភាពតានតឹងដោយការប្រឈមមុខដាក់គ្នាក្នុងពេលខ្លះថែមទៀត សូម្បីតែក្នុងបរិវេណតំបន់ប្រាសាទបុរាណខ្មែរនៅប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របីជាដើម។

ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា បានទាមទារឱ្យប្រទេសថៃធ្វើការស៊ើបអង្កេតលើអំពើលួចបាញ់ប្រហាររបស់ទាហានថៃក្នុងព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភា ដែលបណ្តាលឱ្យមានទាហានកម្ពុជាម្នាក់ស្លាប់ក្នុងពេលនោះ។ សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍នៅសមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទីមួយនាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានលើកជុំវិញបញ្ហាបាត់បង់ជីវិតរបស់យុទ្ធជនខ្មែរដែលល្បាតលើទឹកដីរបស់ខ្លួនឯងសោះ ប៉ុន្តែត្រូវបានទាហានថៃបាញ់សម្លាប់៖

«ហើយរឿងដែលខ្ញុំឈឺចាប់បំផុត គឺការស្លាប់យុទ្ធជនម្នាក់ ព្រោះកន្លែងនេះ ខ្ញុំជាមួយ (សម្តេច) ទៀ បាញ់ ដឹងច្បាស់លើរឿងនេះ។ យើងកាន់កាប់កន្លែងនោះតាំងពី១៩៩៨។ ពេលនោះខ្មែរក្រហមឈរជើង ដាក់អាវុធច្រើនណាស់នៅតំបន់នោះ រាប់ទាំងនៅក្នុងដីថៃមួយចំនួនផង យើងបើកប្រត្តិការ និងកិច្ចសហកាជាមួយឡាវ សហការជាមួយកងទ័ពកម្ពុជា និងកងទ័ពវៀតណាម វ៉ៃយកគ្រាប់កាំភ្លើង និងកាំភ្លើងច្រើនណាស់។ (សម្តេច) ទៀ បាញ់ បានទៅដល់តាំងពី១៩៩៨ រឿងអីពេលនេះ មកទាមទាមកឱ្យយើងដកកងទ័ពចេញ?»

ជាមួយនឹងភាពមិនទាន់ដាច់ស្រេចលើបញ្ហាព្រំដែនរវាងប្រទេសទាំង២នេះ សេចក្តីរាយការណ៍បានបង្ហាញថា កងកម្លាំងនៃប្រទេសទាំង២ ជាមួយនឹងគ្រឿងយុទ្ធោបករណ៍ប្រយុទ្ធរៀងៗខ្លួន ត្រូវបានបញ្ជូនទៅកាន់តំបន់ព្រំដែន ក្នុងពេលដែលមានស្ថានការណ៍តានតឹងតាមព្រំដែនបានកើតឡើង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់រួចមកហើយថា ការបញ្ជូនកងកម្លាំងកម្ពុជាទៅនេះ មិនមែនដើម្បីការធ្វើសង្គ្រាមទេ ប៉ុន្តែ «គឺជាការត្រៀមបម្រុងទុកជាយថាហេតុអាក្រក់ណាមួយ ក្នុងករណីដែលភាគីម្ខាងទៀតបំពានតែប៉ុណ្ណោះ គឺយើងមានសិទ្ធិការពារខ្លួន»

សម្តេចបវរធិបតី បានមានប្រសាសន៍បញ្ជាក់សាជា ថ្មីនូវការរក្សាសិទ្ធិការពារខ្លួននិងរក្សាដែនអធិបតីភាពជាតិរបស់កម្ពុជា៖ «ខ្ញុំក៏សូមបញ្ជាក់ជូនអង្គសមាជ ក៍ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរថា បើទោះបីជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ក៏ប៉ុន្តែកម្ពុជា រក្សាសិទ្ធិនូវក្នុងការរក្សានូវបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ប្រសិនបើមានការប៉ុនប៉ងរំលោភអធិតេយ្យភាពកម្ពុជាដោយប្រើប្រាសកម្លាំងប្រដាប់អាវុធ។ នេះជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល»

បទពិសោធន៍របស់កម្ពុជាចាប់តាំងពីឆ្នាំ២០០៨ នៅពេលដែលកើតមានជម្លោះតាមបណ្តោយព្រំដែនជាមួយនឹងប្រទេសថៃ គឺជាមេរៀនមួយ ដែលកម្ពុជាត្រូវតែបង្កាទុកជាមុនដើម្បីការត្រៀមទុកជាមុនក្រែងមានអំពើបំពានណាមួយជាយថាហេតុដាក់មកលើទឹកដីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ដែលមុននេះ បានថ្លែងបង្ហាញក្តីជឿជាក់ថា បើទោះបីជាអំពើបំពានមុននេះ មិនមែនជាគោលនយោបាយរបស់រាជរដ្ឋាភិបាលថៃកម្ពុជាក៏ពិតមែន ប៉ុន្តែកម្ពុជា ត្រូវរក្សាសិទ្ធិក្នុងកិច្ចការពារខ្លួន នៅពេលណាដែលមានការបំពានមកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងនៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទីមួយនាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍គាំទ្រជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របីជាដើម ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ប៉ុន្តែសម្តេចបានជម្រុញលើការចរចាគ្នាក្នុងយន្តការទ្វេភាគីបន្ថែម ទៀតដូចជាយន្តការគណៈកម្មាធិការព្រំដែនរួម JBC នោះជាដើម៖

«អ្វីដែលខ្ញុំចង់បញ្ជាក់បន្ថែមនៅទីនេះ ទៅលើអ្វីដែលនាយករដ្ឋមន្រ្តី បានមានយោបល់រួចហើយ គឺនៅត្រង់ថា ទី១. យន្តការដែរមានស្រាប់ត្រូវបន្តការចរចារ មិនមែនបានសេចក្តីថាយើងទៅតុលាការអន្តរជាតិឡាអេ យើងបោះបង់ចោលនូវយន្តការនៃការចរចារនោះទេ។ គណៈកម្មការព្រំដែននៃប្រទេសទាំងពីរ នៅបន្តការចរចា ក៏ប៉ុន្តែមានយន្តការដទៃទៀតនៅរក្សាទាំងអស់ ដោយមានយន្តការជួបពិភាក្សារវាងរដ្ឋមន្រ្តីមហាផ្ទៃ ជាមួយបណ្តាខេត្ត រវាងរដ្ឋមន្រ្តីការពារជាតិ នៅរក្សាទាំងអស់ ប៉ុន្តែគ្រាន់តែលើកនេះ យើងដាក់ទៅក្នុងរបៀបវារៈបបួលភាគីថៃ យកបញ្ហាទាំងប៉ុន្មាននេះ ទៅតុលាការអន្តរជាតិទីក្រុងឡាអេ ។ យើងបបួលបែបនេះគឺវាជាការគួរសមរបស់យើង ហើយមិនមែនមានតែបញ្ហាកម្ពុជាទេ បើតាមយើងដឹងមានប្រទេសជាច្រើនបបួលគ្នាបែបបនេះ ដូចករណីសិង្ហបុរី និងម៉ាឡេស៊ីគេក៏បបួលគ្នាទៅដែរ។ យប់មិញក្រោយពីបង្ហោះសាររបស់នាយករដ្ឋមន្រ្តី និងបង្ហោះសាររបស់ខ្ញុំមានអ្នកចូលមកសួរថា «ប្រសិនបើយើងបបួលគេៗមិនទៅ យើងធ្វើយ៉ាងមិច»? ខ្ញុំក៏បានឆ្លើយត្រឡប់ទៅវិញបើមិនព្រមទៅ មានន័យថាយើងត្រូវតែប្តឹង ព្រោះបើសិនជាបបួលគ្នាទៅ វាជាការល្អនេះជាការទុកមុខទុកមាត់ឱ្យគ្នាទៅវិញទៅមក»

* ដំណោះស្រាយតាម ICJ ដើម្បីទប់ស្កាត់អំពើកេងប្រវ័ញ្ចជាតិនិយម

ភាពតានតឹងនៃទំនាស់ព្រំប្រទល់រវាងកម្ពុជានិងថៃ ដែលមិនទាន់អាចដោះស្រាយបាននៅក្នុងតំបន់តាមព្រំដែនទាំងនេះ កំពុងត្រូវបានកេងប្រវ័ញ្ចដោយក្រុមជ្រុលនិយម ដោយពួកគេបាន ចាក់រុកឆ្កឹះឆ្កៀលដើម្បីដុតបញ្ឆេះមនោសញ្ចេតនាជាតិនិយមនៅក្នុងប្រទេសទាំងពីរ។ ភាពតានតឹងដែលមានទង្វើកេងប្រវ័ញ្ចនយោបាយនេះ នឹងអាចធ្វើឱ្យប្រទេសទាំង២ ងាយនឹងប្រឈមមុខគ្នាលើដំណោះស្រាយតាមចុងកាណុង បើសិនមិនមានការបញ្ជូនបញ្ហានេះទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នោះទេ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមើលឃើញនូវបញ្ហាដែលប្រឈមទាំងនេះ និងជឿថា មានតែការកាត់ក្តី ដោយតុលាការ ICJ ទេ ដែលជាការសម្រេចចុងក្រោយក្នុងការបន្សាបភាពតានតឹងទាំងនេះ តាមរយៈយន្តការផ្អែកលើច្បាប់ជាជាងការប្រឈមមុខដាក់គ្នាដោយយោធា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ម្យ៉ាងទៀត ខ្ញុំក៏ចង់និយាយរឿងនេះជូនចំពោះពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋថៃឲ្យបានជ្រាបថា គឺថាបើយើងមិនពឹងផ្អែកភាគីទី៣ គឺតុលាការអន្តរជាតិ ឡាអេ ដោះស្រាយទេ ជម្លោះបែបនេះ នឺងបន្តរាប់សិបរាប់រយឆ្នាំទៀត អត់ចប់ទេ។ មូលហេតអ្វីទៅបានជាដោះអត់ចប់? មូលហេតុត្រង់ថា ប្រទេសនិមួយៗ មិនអាចដកថយចេញពីចំនុចដែលខ្លួនប្រកាន់ឥរិយាបថបានទេ ប្រសិនបើដកថយចញពីចំនុចនេះ ប្រជាជនក្នុងប្រទេសរបស់ខ្លួន នឹងបន្ទោស ទាំងសងខាង។ បើសិនជាត្រូវដកថយចេញពីចំនុចនេះ តាមរយៈយន្តការទ្វេភាគី ដែលមិនមែនជាតុលាការ វាច្បាស់ជាប្រជាជនស្តីបន្ទោស…មិនថាយើង មិនថាថៃទេ អញ្ចឹងយល់ល្អបំផុត គឺដើម្បីឲ្យប្រជាជនអស់ចិត្ត និងរដ្ឋាភិបាលសុខស្រួល យើងយកបញ្ហានេះ ឲ្យតុលារការកាត់ក្តីតែម្តង ហើយកម្ពុជាសន្យាគោរពទៅនឹងការសម្រេចចិត្តរបស់តុលាការ»

ជោគជ័យកាលពីមុនរបស់កម្ពុជានៅ ICJ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ (ឆ្នាំ២០១៣) បានពង្រឹងទំនុកចិត្តផ្នែកច្បាប់ដល់ប្រទេសកម្ពុជាជាខ្លាំង។ តុលាការ ICJ ក្នុងការសម្រេចចិត្តនាពេលនោះ បានបញ្ជាក់ជាថ្មីអំពីអធិបតេយ្យភាពរបស់កម្ពុជាចំពោះប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទ ទោះបីភាគីថៃ មានការតស៊ូដ៏ខ្លាំងក្លានៅពេលនោះក៏ដោយ។ សេចក្តីសម្រេចនោះ បានបង្កើតនូវគំរូដ៏សំខាន់ និងបង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការលើកសំណុំរឿងផ្លូវច្បាប់ដែលគែអាចជឿទុកចិត្តបាន និងការមានឯកសារត្រឹមត្រូវដ៏ពេញលេញ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជម្រុញក្តីទៅតុលាការយុត្តិធម៌អន្តរជាតិនេះ គឺជាអ្វីដែលកម្ពុជាធ្លាប់បានធ្វើពីមុននៅក្នុងការបញ្ចប់ជម្លោះបញ្ហានៅប្រាសាទព្រះវិហារកន្លងមកជាបន្តបន្ទាប់ផងដែរ។

«បញ្ហានេះ ក៏ធ្លាប់បានធ្វើ។ ព្រះករុណាព្រះបិតាជាតិ ព្រះបរមរតនៈកោដ្ឋ ក៏ធ្លាប់បានធ្វើនៅឆ្នាំ១៩៦២ទៅលើប្រាសាទព្រះវិហារ ហើយយើងបានប្តឹងដើម្បីបកស្រាយនៅឆ្នាំ២០១១ផងដែរ។ យើងទទួលការគោរព ទទួលយកការសម្រចការបកស្រាយនោះដោយស្ម័គ្រចិត្តដោយពេញចិត្ត។ អញ្ចឹងការបបួលទៅកាន់តុលាការ គឺវាជាការទុកមុខទុកមាត់ឱ្យគ្នា។ នៅក្នុងការប្រជុំនាពេលខាងមុខ, ភាគីកម្ពុជា នឹងដាក់ចេញស្នើសុំបបួលភាគីថៃ ដើម្បីទៅកាន់តុលាការអន្តរជាតិ។ យើងរងចាំមើល ប្រសិនបើមានការគេចវេសណាមួយ ដោយក្រុមណាមួយ គឺច្បាស់ជាមានអាថ៍កំបាំងនៅពីក្រោយខ្នងហើយ… ហេតុអ្វីបានជាមិនចង់ដោះស្រាយតាមផ្លូវចរចារ តាមផ្លូវតុលាការ ព្រោះចរចា២៥ឆ្នាំហើយ ខ្ញុំប្រើពេល២៣ឆ្នាំកន្លះ តាំងពី MOU ឆ្នាំ២០០០រហូតមកដល់ឆ្នាំ២០២៣ ខែ៨ បានសេចក្តីថា ខ្ញុំប្រើពេលជាង២៣ឆ្នាំ បន្តមករដ្ឋាភិបាលថ្មីជិត២ឆ្នាំហើយ យើងដោះស្រាយអត់បានទេ»

* ប្រតិកម្មរបស់ប្រទេសថៃ

គិតមកត្រឹមថ្ងៃទី២ ខែមិថុនា ប្រទេសថៃជាផ្លូវការនៅមិនទាន់មានប្រតិកម្មណាមួយជាសាធារណៈ ចំពោះការអំពាវនាវរបស់កម្ពុជាក្នុងការបបួលគ្នាទៅដោះស្រាយបញ្ហាទំនាស់ព្រំដែន នេះនៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិឡើយ។ ទោះយ៉ាងណាក៏ដោយ អាកប្បកិរិយារបស់ថៃដែលធ្លាប់បានបង្ហាញពីមុនមកនេះ ត្រូវគេឃើញមានទំនោរសំខាន់៣៖ ទី១. ភាពស្ទាក់ស្ទើរឆ្ពោះទៅរកអាជ្ញាកណ្តាលអន្តរជាតិ, ទី២. ភាពមិនច្បាស់លាស់ខ្លួនឯងនូវការធ្វើដំណើរទៅតុលាការក្នុងការដោះស្រាយ និងទី៣. ការប្រឈមហានិភ័យនៅក្នុងស្រុកប្រសិនណាបើមានការចាញ់លក្តីនៅតុលាការ ICJ ដែលនឹងអាចធ្វើឱ្យមានការរិះគន់ក្នុងស្រុក និងការបាត់បង់មោទនភាពជាតិថៃរបស់ខ្លួនឯង ជាពិសេសក្នុងចំណោមសមាជិកគណបក្សនយោ បាយនានានៅក្នុងប្រទេស។

ក្រុមអ្នកតាមដានសភាពការណ៍ក្នុងនិងក្រៅស្រុកបានវាយតម្លៃថា ការស្នើរបស់កម្ពុជាទៅប្រទេសថៃដើម្បីបញ្ចប់ជម្លោះបញ្ហាព្រំដែនតាមរយៈការរកដំណោះស្រាយរបស់តុលាការយុត្តិធម៌អន្តរជាតិ គឺជាទង្វើបង្ហាញនូវការដោះស្រាយវិវាទរវាងប្រទេសមួយក្នុងលក្ខណៈស្របច្បាប់អន្តរជាតិ និងប្រកបដោយសីលធម៌ដ៏ខ្ពង់ខ្ពស់។ តាមរយៈការជ្រើសរើសច្បាប់អន្តរជាតិ ជាជាងការប្រឈមមុខដាក់គ្នាដោយកម្លាំងយោធា កម្ពុជាកំពុងពង្រឹងមុខមាត់របស់ខ្លួន ជាប្រទេសស្វែងរកសន្តិភាព ដែលគោរពបទដ្ឋានអន្តរជាតិ។ ប្រការនេះ កាន់តែជួយបង្កើននូវភាពជឿជាក់ខាងការទូតរបស់កម្ពុជា ជាពិសេសក្នុងចំណោមសមាជិកអាស៊ាន និងមហាអំណាចពិភពលោក ដែលតែងផ្តល់តម្លៃដល់យន្តការដោះស្រាយតាមផ្លូវច្បាប់។

ការជ្រើសយកផ្លូវដោះស្រាយតាមរយៈតុលាការ ICJ គឺជាជម្រើសសន្តិភាព និងជាគោលការណ៍ល្អបំផុតរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងពីសមត្ថភាពដឹកនាំដ៏ខ្លាំង នៃរដ្ឋបុរសខ្មែរក្នុងសតវត្សទី២១។ ប្រជាជនកម្ពុជា ជឿជាក់លើនយោបាយឈ្នះឈ្នះ របស់បិតាសន្តិភាពជាតិខ្មែរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសមត្ថភាពដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕