(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងឱ្យដឹងថា ក្រសួងព្រះបរមរាជវាំង គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ សហការគ្នានឹងប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក នៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងនៅ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅក្នុងទិវានេះ មានរៀបចំពិព័រណ៍ដាក់ តាំងបង្ហាញពីសមិទ្ធផល និងផលិតផលនានារបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន និងអង្គការដៃគូអភិវឌ្ឍវិស័យ បរិស្ថាន ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥។
ទិវានេះរៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត និងសាធារណជនទាំងអស់ ចូលរួមឱ្យបានផុសផុល ក្នុងកិច្ចគាំពារបរិស្ថាន (គុណភាពខ្យល់ ទឹក សំឡេង) ការគ្រប់គ្រងសំរាម ប្លាស្ទិក ដើម្បីរួមគ្នាការពារភពផែនដីយើង ឱ្យមានភាពស្អាត បៃតង និងចីរភាព ជាឧត្តមប្រយោជន៍ដល់សង្គម និងមនុស្សជាតិគ្រប់ជំនាន់៕