(តាកែវ)៖ អាជ្ញាធខេត្តតាកែវ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ បានរៀបចំតម្លើងឧបករណ៍ហាត់ប្រាណ នៅសួនច្បារមាត់បឹងតាកែវ បន្ថែមពីការតម្លើងឧបករណ៍ក្មេងលេង «Playground» ដែលអាជ្ញាធខេត្ត ទើបតែតម្លើងកាលពីពេលថ្មីៗកន្លងមកនេះ។

បើយោងតាមមន្ដ្រីសាលាខេត្តតាកែវ, លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំដល់មន្ដ្រីសាលាខេត្ត ឲ្យរៀបចំតម្លើងឧបករណ៍ហាត់ប្រាណនេះ បន្ទាប់ពីប្រជាពលរដ្ឋដែលតែងតែដើរហាត់ប្រាណនៅមាត់បឹងតាកែវ បានស្នើសុំដល់អាជ្ញាធខេត្ត ជួយដាក់ឧបករណ៍ហាត់ប្រាណ នៅសួនច្បារមាត់បឹងតាកែវ ដើម្បីឲ្យពួកគាត់អាចហាត់ប្រាណ ដោយឧបករណ៍គ្រឿងម៉ាស៊ីនបន្ថែមពីការហាត់ប្រាណដោយដើរថ្មើជើង។

ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យមកលេងកម្សាន្តនៅក្នុងខេត្តតាកែវ កាន់តែច្រើនឡើង អាជ្ញាធរខេត្តតាកែវ បានបន្តអភិវឌ្ឍន៍ ជួសជុល បំពាក់ភ្លើងលម្អតាមផ្លូវ ក្នុងក្រុងដូនកែវ កែលម្អសួនច្បារ និងបន្តធ្វើការពង្រីកនូវទីធ្លាកម្សាន្តសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកធ្វើការលំហែកាយ ធ្វើលំហាត់ប្រាណ ហើយកន្លងមកថ្មីនេះ អាជ្ញាធខេត្តទើបតែបានបំពាក់ ឧបករណ៍សម្រាប់ ក្មេងលេងនៅសួនច្បារមាត់បឹងតាកែវ ដែលនឹងធ្វើឲ្យសួនច្បារមាត់បឹងតាកែវ កាន់តែស្រស់បំព្រងទ្វេឡើងមួយកម្រិតទៀត៕