(ភ្នំពេញ)៖ គណបក្សកម្លាំងជាតិ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ព្រោះមានតែយន្តការ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែមួយគត់ដែលអាចដោះស្រាយបញ្ហាព្រំដែន ដែលបាននិងកំពុងកើតមាន និងធ្វើឱ្យកម្ពុជាទទួលបានយុត្តិធម៌ ព្រមទាំងអាចបញ្ចប់នូវគំនិតក្នុងការឈ្លានពានបូរណភាពទឹកដីតាមបន្ទាត់ព្រំដែនពីប្រទេសជិតខាង។
តាមរយៈសេចក្តីថ្លែងការណ៍ គណបក្សកម្លាំងជាតិ បានយល់ឃើញថា៖ «ព្រឹត្តិកាណ៍ផ្ទុះអាវុធដែលបានបង្ករឡើងដោយភាគីកងទ័ពថៃ ក្នុងដែនអធិបតេយ្យភាពប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គឺជាការបង្ហាញឱ្យឃើញកាន់តែច្បាស់ថា ប្រទេសជិតខាងមួយចំនួននៅតែចិញ្ចឹមចិត្តក្នុងការឈ្លានពាន លេបយកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតាំងពីអតីតកាល ហើយក៏ជាការរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់និន្នាការនយោបាយមិនត្រូវភ្លេចខ្លួន និងត្រូវតែរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រលាញ់របស់យើង»។
គណបក្សកម្លាំងជាតិ អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស គ្រប់និន្នាការនយោបាយ សូមរួបរួមសាមគ្គីគ្នា ដើម្បីមានឯកភាពផ្ទៃក្នុងជាតិតែមួយ ក្នុងការប្រឆាំងនឹងបរទេសដែលមានបំណងឈ្លានពាន អធិបតេយ្យភាពបូរណភាពទឹកដីប្រទេសកម្ពុជា (ទាំងព្រំដែនគោក និងព្រំដែនសមុទ្រ) និងសូមលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់សិទ្ធិការពារបូរណភាពទឹកដីតាមគ្រប់មធ្យោបាយក្នុងករណីមានការឈ្លានពានពីបរទេស៕