
សម្តេចតេជោ ហ៊ុន សែន៖ ហេតុការណ៍នៃការប៉ះទង្គិចជាមួយថៃ នឹងបង្ហាញមុខនរណាស្នេហាជាតិពិតប្រាកដ, ពេលមិនវៃបក គេថាកំសាកមិនហ៊ានវៃ ពេលដែលវៃ គេថាប្រើហិង្សា (Video inside)
02-06-2025 04:27
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថាហេតុការណ៍នៃការប៉ះទង្គិចជាមួយថៃ បានស្តែងឱ្យឃើញច្បាស់ថានរណាស្នេហាជាតិពិតប្រាកដ, ពេលកម្ពុជាមិនវាយតបគេថាកំសាក ពេលកម្ពុជាវាយតប គេថាប្រើហិង្សា។
ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងក្នុងសមាជជាលើកដំបូងជជែកអំពីប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម របស់រដ្ឋសភា និងព្រឹទ្ធសភា។
ចំពោះមុខអង្គពិធី, សម្ដេចតេជោ បានថ្លែងថាគ្មានប្រទេសណាមួយដកទ័ពចេញទឹកដីរបស់ខ្លួននោះទេ តួយ៉ាងតំបន់មុំបីនេះ កន្លែងសាលារួមចិត្ត ខណៈដែលព្រំដែនមិនមែនស្ថិតនៅតំបន់ហ្នឹងនោះទេ។
សម្ដេចប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា៖ «នេះមិនមែនជាការបំផុសកំហឹងនោះទេ តែជារឿងអធិបតេយ្យជាតិ ហើយពេលនេះយើងនឹងបានដឹងច្បាស់ថា អ្នកណាស្នេហាជាតិ អ្នកណាស្រឡាញ់ជាតិពិតប្រាកដ។ ពេលយើងមិនវាយបក គេថាយើងកំសាកមិនហ៊ានវៃ ពេលដែលយើងវៃ គេថាយើងប្រើហិង្សា, ពេលដែលយើងមិនប្ដឹងគេថាយើងមិនហ៊ាន ពេលដែលយើងប្ដឹងគេថាយើងបង្ករឿង អាហ្នឹងពួកខាងក្នុងនេះ (ក្រុមជ្រុលនិយមខ្មែរក្រៅប្រទេស)»។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, កម្ពុជាមិនបោះបង់ចោលនូវយន្តការចរចារណាមួយទេ ប៉ុន្តែការចរចារលើកនេះ កម្ពុជានឹងបបួលភាគីថៃ យកចំណុចរស៊ើបទាំងបួនកន្លែងនេះ (តំបន់មុំបី, ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច និងតាក្របី) ទៅកាន់តុលាការ រីឯគណៈកម្មការព្រំដែនចម្រុះ (JBC) នៅបន្តពិនិត្យតាមបង្គោល និងបោះបង្កោលព្រំដែនបន្តទៀត៕