(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្ករក្ស តំណាងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានទទួលអំណោយសប្បុរសជន និងចុះសួរសុខទុក្ខកងកម្លាំង ដែលកំពុងឈរជើងការពារព្រំដែន និងនាំយកថវិកា ព្រមទាំងអំណោយគ្រឿងបរិភោគ ឧបភោគប្រគល់ជូននាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង ដែលដឹកនាំកម្លាំងផ្ទាល់នៅតំបន់ព្រំដែនមុំបី ទីដែលទើបប៉ះទង្កិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

ពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយធ្វើឡើងនាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល រួមមាន ថវិកាចំនួន១៥,០០០ដុល្លារ, មី៨១១កេស, អង្ករ១៥តោន៩០០គីឡូ, ត្រីខ១៣៣កេស, ទឹកស៉ីអ៉ីវ២៥០យួរ, ទឹកសុទ្ធ១០០កេស, ឆៃប៉ូវ៥តោន, បន្លែ៤តោន, ត្រីងៀត៥០គីឡូក្រាម, ត្រីហើម៥០គីឡូក្រាម, សាប៊ូកក់សក់១,០០០ទីប, ត្រីចំហុយ៤០០កញ្ច្រែង, សាប៊ូដុសខ្លួន១,០០០ទីប ជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់គ្រប់បែបយ៉ាងការពារសុខសន្តិភាព ការពារបូរណភាពដែនដី និងអធិបតេយ្យជាតិ។

ថ្លែងក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល សូមថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ជាមេទ័ព​ដ៏ឆ្នើមរបស់កម្ពុជា​ បាន​ដឹកនាំ​កងទ័ព​ និងអាវុធ​ធន់ធ្ងន់​ជាច្រើន​ទៅកាន់​ព្រំដែន​ ដែលបានចុះមកជួបផ្ទាល់ដើម្បីសម្តែងនូវការគោរពដល់វីរភាព ស្មារតីស្នេហាជាតិរបស់កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់គ្រប់បែបយ៉ាងការពារជាតិមាតុភូមិ។

តំណាងនាយឧត្ដមសេនីយ៍​ កិត្តិសង្គហបណ្ឌិត ហ៉ីង​ ប៊ុនហៀង​, លោកឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល បានបញ្ជាក់ថា «ការ​ចល័ត​ទ័ព​ និង​អាវុធ​ធន់ធ្ងន់​ទាំងអស់​នេះ​ មិនមែន​ដើម្បី​គំរាមកំហែង ប្រទេស​ជិតខាង​ទេ​ ហើយ​ក៏​មិនចង់​បង្កសង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង​ដែរ​ ប៉ុន្តែ​គឺ​ដើម្បី​ត្រៀម​វាយបក​សត្រូវ​ឈ្លានពាន​ក្នុង​ករណី​ដែល​សត្រូវ​រំលោភបំពាន​លើ​អធិបតេយ្យ​ជាតិ​កម្ពុជា​»

លោកបានថ្លែងអំណរគុណចំពោះសបកប្បុរសជន ដែលមកសួរសុខទុក្ខកងទ័ព ហើយបាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគផ្តល់ជូនដល់កងកម្លាំងជួរមុខឈរជើងតាមព្រំដែនតាមរយះលោកជំទាវ ហុីង សុខលាភ៕