(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីគម្រោងបបួលថៃ នាំយកបញ្ហានៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រោយពីត្រឡប់ពីបំពេញ​បេសក​កម្មក្រៅប្រទេស នៅព្រឹកថ្ងៃនេះ សម្តេចបានជួបប្រជុំជាមួយ​ថ្នាក់​ដឹក​នាំកងទ័ពរបស់យើងនៅព្រំដែន ដើម្បីស្ដាប់នូវរបាយការណ៍​ពីសភាព​ការណ៍​ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា ដូចអ្វីដែលសម្តេចបានបញ្ជាក់​នាពេលកន្លងទៅ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែន​ដោយសន្តិ​វិធី​តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិជាគោល​។

ឈរលើស្មារតីខាងលើនេះ សម្តេចមហាបវរធិបតី បានបញ្ជាឱ្យគណៈ​កម្ម​ការ​​ព្រំដែនចម្រុះ (JBC) កម្ពុជា ធ្វើកិច្ចការចំនួនពីរដូចខាងក្រោម៖

១៖ រៀបចំការប្រជុំ JBC ជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែន និង​បន្តការងារវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាង​ប្រទេស​ទាំងពីរ។

២៖ ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំ JBC ពាក់ព័ន្ធនឹងការ​យក​​​បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបី ទៅ​តុលា​ការ​យុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចផងដែរថា ដោយសារ​ក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតា​មាន់​ធំ ប្រាសាទតាមាន់តូច មានសកម្មភាពជាបន្ត​បន្ទាប់​របស់ក្រុមជ្រុល​និយម​មួយចំនួនតូចបានបំផុសចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែល​អាចឈានទៅការប្រឈម​មុខដាក់គ្នាសារជាថ្មី​នៅពេល​ខាងមុខ។ សម្តេចមហាបវរធិបតី សង្ឃឹមថា ភាគីទាំងពីរនិងអាចធ្វើការជាមួយគ្នាដើម្បីឈានទៅរកដំណោះស្រ័យបញ្ចប់ការវិវាទនៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធី ផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។

បើទោះបីជាយ៉ាងណា សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់សារជាថ្មីម្ដងទៀតថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កំលាំងកងទ័ព៕