(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ បានរំលឹកឡើងវិញនូវវិដេអូបទចម្រៀងមួយដែលលោកបានរៀបចំផលិតកាលពីជិត២០ឆ្នាំមុន។

បទចម្រៀងដែលបង្កប់ដោយអត្ថន័យដ៏ជ្រាលជ្រៅ និងស្នាដៃដ៏ធំធេងរបស់បិតាសន្តិភាព សម្តេចតេជោ ហ៊ុន សែន ត្រូវបានលោកឧត្តមសេនីយ៍ឯក យកមកបង្ហោះឡើងវិញនៅលើបណ្ដាញសង្គម Facebook ផ្លូវការរបស់លោក ជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន គឺជាអច្ឆរិយបុគ្គលដ៏ខ្ពង់ខ្ពស់អស្ចារ្យ សម្រាប់កម្ពុជា ចាទុកប្រវត្តិសាស្ត្រ។ សម្តេច ជាមេទ័ពដ៏អង់អាចក្លាហានប្រកបដោយអំណាចតេជៈនិងរិទ្ធីបារមីដ៏ខ្ពង់ខ្ពស់ ដែលបានយកជីវិតធ្វើដើមទុន រំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបខ្មៅងងឹតប្រល័យពូជសាសន៍ សម្តេច ជាមេដឹកនាំប្រទេសដ៏ប៉ិនប្រសព្វប្រកបដោយបញ្ញាញាណឈ្លាសវាងវៃនិងមានទស្សនៈវិស័យវែងឆ្ងាយ កសាងប្រទេសពីចំណុចសូន្យ រហូតរីកចម្រើនស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់និងពិភពលោក។ សម្តេច ជាមគ្គុទ្ទេសក៍ឯក ដែលបាននាំមកនូវ សន្តិភាពនិងការឯកភាពជាតិពេញលេញ ជូនកម្ពុជា ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំក្រោយសម័យអង្គរ។ សម្តេច ជាបិតាសន្តិភាព ដែលមានការទទួលស្គាល់ជាអន្តរជាតិ (ទទួលបាន មេដាយសន្តិភាពពិភពលោក និង ពានរង្វាន់ មេដាយសន្តិភាព ដើម្បីមនុស្សជាតិនិងភពផែនដី)។

និយាយដល់អច្ឆរិយភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេច តេជោ ហ៊ុន សែន ខ្ញុំក៏នឹកដល់បទចម្រៀងមួយបទ ដែលខ្ញុំបានផ្តួចផ្តើមនិពន្ធនិងផលិតឡើង កាលខ្ញុំនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីរៀបរាប់អំពី វីរភាពរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងកាលៈទេសៈដែលកម្ពុជា មានការប៉ះទង្គិចគ្នា ជាមួយអ្នកជិតខាង នៅតំបន់ប្រសាទព្រះវិហារ ហើយលោកទាំងទ្វេរ បានចុះដល់ព្រំដែនផ្ទាល់ផងដែរ។ បើទោះបីជា ក្នុងបទចម្រៀង ខ្ញុំពុំអាចរៀបរាប់អស់ អំពីវីរភាពនិងគុណូបក្ការៈរបស់ សម្តេចទាំងទ្វេរបាន ប៉ុន្តែបទចម្រៀងដែលផលិតមកជិត២០ឆ្នាំហើយនេះ ក៏ជាភស្តុតាងមួយផ្នែក បញ្ជាក់ថាក្រោមស្នាដៃសមិទ្ធផល របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាពិតជាមានសន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តការអន្តរជាតិ រហូតមកពិតប្រាកដមែន។
អរគុណ សន្តិភាព!