(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា នេត្រភក្ត្រា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចែកកាបូប សម្ភារសិក្សា នំ គ្រឿងឧបភោគ បរិភោគ និងអាវកីឡា ជូនដល់សិស្សានុសិស្សជិត ១ពាន់នាក់ នៅសាលាបឋមសិក្សាព្រះគ្រូគឹមឯម ស្ថិតនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ និងសាលាបឋមសិក្សាដំរីផុង ស្ថិតនៅឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។ ក្នុងនោះសាលាបឋមសិក្សាព្រះគ្រូគឹមឯមជិត៥០០នាក់ និងសាលាបឋមសិក្សាដំរីផុង ជិត៤០០នាក់។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងលោក Kevin Luo នាយកប្រតិបត្តិ និងជាស្ថាបនិកអង្គការមនុស្សសធម៌ វ័នរ៉ូដ, សមាគមធុរកិច្ចចិននៅក្រៅប្រទេសកម្ពុជា ហ៊ូណាន ព្រមទាំងអាជ្ញាធរស្រុក លោកគ្រូ អ្នកគ្រូ អាណាព្យាបាលជាច្រើនរូបទៀត។
ការនាំយកកាបូប និងសម្ភារសិក្សាមកចែកជូនដល់សិស្សានុសិស្សនាពេលនេះ ធ្វើឡើងដើម្បីអបអរសាទខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» និងខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «លើកកម្ពស់ការងារ សមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាព និងភាពធន់»។ ដើម្បីរម្លឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ អនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងលិខិតូបករណ៍អន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិកុមារផ្សេងៗទៀត។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា អំណោយទាំងនេះ ទទួលបានការគាំទ្រពីអង្គការមនុស្សសធម៌ វ័នរ៉ូដ និងសមាគមធុរកិច្ចចិននៅក្រៅប្រទេសកម្ពុជា ហ៊ូណាន ដែលបានចូលរួមចំណែកចែករំលែកក្តីស្រឡាញ់ជាមួយក្រសួងព័ត៌មាន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ សម្រាប់នាំយកកាបូប ព្រមទាំងសសម្ភារសិក្សាមកចែកជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាព្រះគឹមឯម នៅស្រុកព្រែកប្រសព្វ និងសាលាបឋមសិក្សាដំរីផុង នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏លើកទឹកចិត្តដល់កុមារតូចៗទាំងអស់ ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបចំណេះវិជ្ជាពីលោកគ្រូអ្នកគ្រូ និងធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ។ លោករដ្ឋមន្ត្រី បានជូនពរកូនៗក្មួយៗកុមារាកុមារីទាំងអស់ទទួលបាននូវសុខភាពល្អ ប្រាជ្ញាវៀងវៃ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។
លោករដ្ឋមន្ត្រីបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានៅអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងបុរេសកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តយកចិត្តទុកដាក់ជាអាទិភាព តាមរយៈការដាក់ចេញកម្មវិធីនយោបាយនានា សំដៅគាំពារ អភិវឌ្ឍ និងលើកកម្ពស់សុខុមាលភាពកុមារ ចាំតាំងពីបឋមវ័យ រហូតដល់យុវវ័យ។ កុមារតំណាងឱ្យធនធានសក្តានុពលរបស់ប្រទេសជាតិ ដែលនឹងត្រូវបន្តវេននាពេលអនាគត។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ដថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយយកកត្តាមនុស្ស ជាអាទិភាពគន្លឹះទី១ និងបានដាក់ចេញវិធានការគន្លឹះនានា សម្រាបវិស័យអប់រំ យុវជន និងកីឡា ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានអំពាវនាវឱ្យបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើកុមារនៅគ្រប់ទម្រង់ ជំរុញលើកទឹកចិត្តដល់ឪពុក ម្តាយពអាណាព្យាបាល ត្រូវប្រឹងប្រែងជំរុញកូនចៅរបស់ខ្លួនឱ្យបន្តសិក្សារៀនសូត្ររហូតបញ្ចប់ថ្នាក់មកហាវិទ្យាល័យ ដើម្បីចូលរួមពង្រឹងធនធានមនុស្សប្រកបនិរន្តភាព។ «ដូច្នេះយើងទាំងអស់ត្រូវចូលរួមផ្តល់ក្តីស្រឡាញ់ ភាពសប្បាយរីករាយ និងក្តីសង្ឃឹមសម្រាប់កុមារទាំងអស់ដើម្បីពួកគេក្លាយខ្លួនជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។ កុមារកម្ពុជាទទួលបានភាពសុខសាន្ត និងការបីបាច់ថែក្សា ដោយក្តីអាណិតស្រលាញ់គ្រប់ៗគ្នា»។
លោករដ្ឋមន្ដ្រី បានអំពាវនាវទៅដល់គ្រប់អង្គភាព ស្ថាប័ន អង្គការនានា សប្បុរសជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មាតាបិតា អាណាព្យាបាល ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឱ្យក្លាយទៅជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
សម្រាប់នាយកប្រតិបត្តិ និងជាស្ថាបនិកអង្គការមនុស្សសធម៌ វ័នរ៉ូដ បានឱ្យដឹងថា ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ អង្គការ វ័នរ៉ូដ តែងតែប្រកាន់ភ្ជាប់នូងគោលការណ៍មួយគឺធ្វើអំពើល្អជារៀងរាល់ខែ» ដោយអនុវត្តសកម្មភាពសប្បុរសធម៌មួយនេះ គ្រប់បណ្តាខេត្ត នៅក្នុងប្រទេសកម្ពុជា។ មកដល់ពេលនេះ អង្គការ វ័នរ៉ូដ បានឧបថម្ថកាតាបសិក្សាចំនួនជាង ១៥,០០០កាតាប, តុប៉េងប៉ុងចំនួន៨២, តារាងបាល់ទាត់ចំនួន៤៥ និងបាល់ទាត់ បាល់ទះជាច្រើនប្រភេទទៀត។
បើតាមតំណាងសហព័ន្ធសហគ្រិនចិននៅបរទេសខេត្តហ៊ូណាន បានថ្លែងថា នេះមិនមែនជាលើកទីមួយទេ ដែលសហព័ន្ធសហគ្រិនចិនមនៅបរទេសខេត្តហ៊ូណាន ធ្វើនូវសកម្មភាពបរិច្ចាគសប្បុរសធម៌ ដោយកន្លងមកបានប្រកាន់ខ្ជាប់នូវគោលគំនិតនៃការផ្តល់អំណោយជួយដល់សង្គម ការយកចិត្តទុកដាក់ចំពោះក្រុមងាយរងគ្រោះ ប្រកបដោយទំនួលខុសត្រូវខ្ពស់ដល់សង្គមយ៉ាងសកម្ម។ ប៉ុន្មានថ្ងៃកន្លងមកនេះក៏បានជួយដល់មណ្ឌលកុមារកំព្រា សាលារៀន និងក្រុមងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជាជាច្រើន ដោយបានបរិច្ចាគនូវសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្ភារៈសិក្សា និងបរិក្ខារពេទ្យយ៉ាងច្រើន។
លោកបានឱ្យដឹងថា នៅពេលអនាគត សមាគមធុរកិច្ចចិនហ៊ូណានក្រៅប្រទេសកម្ពុជានឹងបន្តយកចិត្តទុកដាក់ និងគាំទ្រដល់វិស័យអប់រំនៅកម្ពុជា និងការអភិវឌ្ឍក្រុមងាយរងគ្រោះ បន្តអនុវត្តសកម្មភាពសុខុមាលភាពសាធារណៈផ្សេងៗ ដោយភាពកក់ក្តៅ ក្តីស្រឡាញ់ និងសកម្មភាពនានាដោយមិននឿយហត់ ដើម្បីកសាងសង្គមមួយឱ្យកាន់តែប្រសើរឡើង។ សង្ឃឹមថាសកម្មភាពនេះនឹងជាការបង្ហាញរីកផ្កានៃសេចក្តីស្រឡាញ់នៅក្នុងជ្រុងកាន់តែច្រើន និងធ្វើឱ្យពិភពលោកកាន់តែកក់ក្តៅ និងស្រស់ស្អាត៕