Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៉ីជួបហេតុការណ៍បាក់ស្ពាន២កន្លែងផ្សេងគ្នា នៅតំបន់ជាប់ព្រំប្រទល់អ៊ុយក្រែន (Video inside)

01-06-2025 13:32

(មូស្គូ)៖ អាជ្ញាធរនៅប្រទេសរុស្ស៉ី នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថា កាលពីវេលាយប់កន្លងទៅ មានហេតុការណ៍បាក់រលំស្ពានចំនួន២កន្លែង នៅតំបន់២ផ្សេងគ្នា ជាប់ព្រំប្រទល់ជាមួយអ៊ុយក្រែន ជាហេតុបង្កឱ្យមានមនុស្សមួយចំនួនបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១ ខែមិថុនា ឆ្នាំ២០២៥។

ហេតុការណ៍បាក់រលំស្ពានទី១ បានកើតឡើងនៅតំបន់ Bryansk។ វាគឺជាស្ពានផ្លូវថ្នល់ហាយវ៉េ ហើយបានបាក់ស្រុតទៅលើផ្លូវដែក ដែលស្ថិតនៅខាងក្រោម ជាហេតុធ្វើឱ្យរថភ្លើងដឹកអ្នកដំណើរមួយខ្សែ បុកជាមួយគំនរដួលរលំនៃស្ពាននោះ រួចរអិលធ្លាក់ចេញពីផ្លូវ។ ជាលទ្ធផលមនុស្សយ៉ាងហោច៧នាក់ បានបាត់បង់ជីវិត ខណៈ៦៩នាក់ផ្សេងទៀត បានរងរបួស។ ដំបូងឡើយ អាជ្ញាធរផ្លូវដែករុស្ស៉ី បានបង្ហោះសារនៅបណ្តាញ Telegram ថា ករណីបាក់ស្ពានខាងលើ គឺបណ្តាលមកពីអ្វីដែលហៅថា «ការជ្រៀតជ្រែកខុសច្បាប់ ក្នុងប្រតិបត្តិការដឹកជញ្ជូន» ប៉ុន្តែក្រោយមកសារនោះ ត្រូវបានលុបចោលវិញ។

ស្រាប់តែប៉ុន្មានម៉ោងក្រោយមក ក៏មានហេតុការណ៍បាក់រលំស្ពានមួយកន្លែងទៀត ដែលជាស្ពានផ្លូវដែក នៅតំបន់ Kursk ដែលស្ថិតជាប់ព្រំដែនអ៊ុយក្រែនដូចគ្នា។ ស្ពាននោះបានបាក់ស្រុត ពេលរថភ្លើងដឹកទំនិញ១គ្រឿង កំពុងបើកឆ្លងកាត់។ ផ្នែកនៃរថភ្លើងបានធ្លាក់ទៅលើផ្លូវថ្នល់ ដែលនៅខាងក្រោមស្ពាន ហើយបើយោងតាមព័ត៌មានបឋម អ្នកបើករថភ្លើង បានរងរបួស។

គួរបញ្ជាក់ថា ភ្លាមៗគេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើហេតុការណ៍បាក់ស្ពានទាំងពីរ បណ្តាលមកពីអ្វីឱ្យប្រាកដ៕