(កំពង់ឆ្នាំង)៖ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៧៦ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្ម កុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។

លោក និងសហការី បានអញ្ជើញចូលរួមកម្មវិធី នៅទីតាំង២ដាច់ដោយឡែកពីគ្នា នៅសាលាបឋមសិក្សា មា នក ស្ថិតនៅក្នុងភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ និង នៅនៅវិទ្យាល័យ ហ៊ុន សែន ទឹកផុស ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស, ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១៨ នៃស្រុកទាំង២, ក្រុមប្រឹក្សាស្រុក, អភិបាលស្រុក, មន្ត្រីរាជការ, លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាទាំងពីរ សរុបរួមចំនួន ២ ០៣៨នាក់។

ជាកិច្ចចាប់ផ្ដើម លោកនាយកនៃសាលារៀនទាំងពីរ បានឡើងធ្វើរបាយការណ៍អំពីស្ថានភាពនៃសាលារៀន បុគ្គលិកសិក្សា និងសិស្សានុសិស្ស ជូនដល់ពិធី។

បន្ទាប់មក លោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ និង លោក សូត្រ សង់ អភិបាលនៃគណៈអភិបាលស្រុកទឹកផុស បានសារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឱកាសខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុកាពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ក្នុងពិធីទាំងពីរ។

លោករដ្ឋមន្ដ្រី បានមានសាសន៍ថា ឆ្នាំនេះប្រទេសកម្ពុជា ប្រារព្ធខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» និង «លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាពនិងភាពធន់» ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ អនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងលិខិតូបករណ៍អន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិកុមារផ្សេងៗទៀត។

រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបន្ដលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយយកកត្តាមនុស្ស ជាអាទិភាពគន្លឹះទី១ និងបានដាក់ចេញវិធានការគន្លឹះនានា សម្រាបវិស័យអប់រំ យុវជន និងកីឡា ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។

ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី បានអំពាវនាវទៅដល់គ្រប់អង្គភាព ស្ថាប័ន អង្គការនានា សប្បុរសជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មាតាបិតា អាណាព្យាបាល ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឱ្យក្លាយទៅជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ជាកិច្ចបញ្ចប់ លោករដ្ឋមន្ដ្រី បានអញ្ជើញចែកអំណោយជានិមិត្តរូប ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានចូលរួមក្នុងអង្គពិធី ព្រមទាំងជូនថវិកាមួយចំនួន និងសម្ភារ ជូនដល់សាលារៀនទាំងពីរផងដែរ៕