Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ បញ្ហាតំណាងរាស្ត្រជប៉ុន និងអគ្គរាជទូតកម្ពុជា គឺមិនបានប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ជប៉ុនទេ

31-05-2025 20:24

(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានអះអាងថា រឿងសមាជិកសភាជប៉ុនម្នាក់ ដែលបានរិះគន់កម្ពុជាលើបញ្ហាប្រជាធិបតេយ្យ និងការឆ្លើយតបរបស់អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ទៅកាន់សមាជិកសភារូបនេះ គឺមិនបានបង្កឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុននោះឡើយ។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានលើកឡើងបែបនេះ ក្នុងសន្និសីទសារព័ត៌មានមួយ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ដើម្បីបង្ហាញអំពីលទ្ធផល នៃទស្សនកិច្ចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសម៉ាឡេស៊ី និងប្រទេសជប៉ុន។

កាលពីពេលថ្មីៗនេះ សមាជិក​សភា​ជប៉ុន លោក ណាតូ សាកាគូឈិ បានរិះគន់អំពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងបានជំរុញ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន លើកឡើង​អំពី​បញ្ហា​នេះ ក្នុងពេលជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត អំឡុងទស្សនកិច្ច។

ពាកព័ន្ធនឹងការរិះគន់របស់ សមាជិកសភាជប៉ុននេះ កាលពីកន្លងទៅ​ អគ្គរាជទូតកម្ពុជានៅប្រទេសជប៉ុន លោក ទុយ រី ក៏បានផ្ញើលិខិតទៅតំណាងរាស្រ្តរូបនេះ ដើម្បីការពារមុខមាត់នៃប្រទេសកម្ពុជាផងដែរ ប៉ុន្តែត្រូវបាន លោក ណាតូ សាកាគូឈិ ចាត់ទុកថា ជាការប្រមាថចំពោះរូបលោកទៅវិញ។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានពន្យល់ថា រឿងរ៉ាវទាំងនេះមិនត្រូវបានលើកឡើងឡើយ ក្នុងជំនួបរវាង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាមួយនាយករដ្ឋមន្រ្តីជប៉ុន ក៏ដូចជាថ្នាក់ដឹកនាំជប៉ុន។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ដូច្នេះថា៖ «លោកសួរថា តើវាអាចប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ជប៉ុនទេ ចម្លើយរបស់ខ្ញុំ គឺវាមិនអាចប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ជប៉ុននោះទេ ផ្ទុយទៅវិញ ទស្សនកិច្ចនេះជាឱកាសសម្រាប់ឱ្យកម្ពុជា និងជប៉ុន ប្តេជ្ញាចិត្តរួមគ្នា ផ្តល់សន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការ រវាងគ្នាតាមរយៈកញ្ចប់ដើម្បីសេដ្ឋកិច្ចកម្ពុជា​-ជប៉ុន»