(ភ្នំពេញ)៖ នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រលប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបង្ហាញសមិទ្ធផលសំខាន់ៗ នៃទស្សនកិច្ចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាន់ប្រទេសជប៉ុន ក៏ដូចជាលទ្ធផល នៅក្នុងជំនួបទ្វេភាគីរវាងសម្តេចបវរធិបតី ជាមួយមេដឹកនាំថ្នាក់ដឹកនាំជប៉ុន ផងដែរ។
នាឱកាសនេះដែរ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានលើកឡើងថា ទស្សនៈកិច្ចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុន គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដោយសារតែមានមូលហេតុច្រើនយ៉ាង។ ម្យ៉ាងក្រោយពីក្លាយជានាយករដ្ឋមន្ត្រី តាំងពីខែសីហា ឆ្នាំ២០២៣ ទើបតែពេលនេះប៉ុណ្ណោះ ដែលសម្តេចបវរធិបតី មានឱកាសធ្វើដំណើរទស្សនកិច្ចផ្លូវការជប៉ុន។ ជប៉ុនជាមិត្តយូរអង្វែង ជាមិត្តចាស់ សំខាន់ និងស្និទ្ធស្នាលរបស់កម្ពុជា អស់រយៈពេល៧២ឆ្នាំកន្លងមកហើយ។
លោក បានបន្តថា លោក អ៉ីស៊ីបាក់ ស៊ីហ្គេរឺ នាយករដ្ឋមន្ត្រីជប៉ុន បានរៀបចំបដិសណ្ឋារកិច្ចទទួលសម្តេចបវរធិបតី យ៉ាងកក់ក្តៅទាំងនេះស្តែងឱ្យឃើញប្រកែកមិនបាននូវទំនុកចិត្តជ្រាលជ្រៅទៅវិញទៅមករវាងទំនាក់ទំនងប្រទេសទាំងពីរ និងស្តែងឱ្យឃើញនូវឆន្ទៈនយោបាយរឹងមាំរបស់កម្ពុជា និងនៅម្ខាង និងរបស់ជប៉ុន នៅម្ខាងទៀតក្នុងការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីទៅមុខទៀត។
លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានឱ្យដឹងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីជប៉ុន បានជួបពិភាក្សាគ្នានៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅការិយាល័យនាយករដ្ឋមន្ត្រី ក្នុងរាជធានីតូក្យូ ក្នុងនោះប្រធានបទ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាប្រធានបទដ៏សំខាន់ជាងគេបង្អស់មួយនៃកិច្ចពិភាក្សារវាងប្រមុខនៃរាជរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា និងជប៉ុន។
នាយករដ្ឋមន្ត្រីកម្ពុជា និងជប៉ុន បានឯកភាពគ្នាជំរុញទាំងរដ្ឋផង និងវិស័យឯកជនផង ដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងដើម្បីបង្កើនការវិនិយោគរបស់ជប៉ុន នៅលើទឹកដីកម្ពុជា។ ជាក់ស្តែង គឺការដាក់ចេញនូវកញ្ចប់ដើម្បីបង្កើតសេដ្ឋកិច្ចរួមកម្ពុជា-ជប៉ុន។ គោលដៅនៃកញ្ចប់ដើម្បីបង្កើតសេដ្ឋកិច្ចរួមកម្ពុជា-ជប៉ុន គឺផ្តល់សន្ទុះថ្មី ដល់ការរួមចំណែករបស់ជបប៉ុន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា តាមរយៈការជំរុញពីរាជរដ្ឋាភិបាលជប៉ុន និងការទាក់ទាញខាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានបណ្តាក្រុមហ៊ុនជប៉ុនច្រើនឡើងៗឱ្យមកបណ្តាក់ទុនរកស៉ីនៅកម្ពុជា។
ពាក់ព័ន្ធនឹងការបង្កើនទុនវិនិយោគជប៉ុននៅកម្ពុជា, ត្រូវបានលោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ ឆ្លៀតបញ្ជាក់ថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ មានថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន ជាង២០០ក្រុមហ៊ុន ដែលបានចាប់អារម្មណ៍នឹងស្ថានភាពអំណោយផលកាន់តែខ្លាំងឡើងនៃការវិនិយោគនៅកម្ពុជា សុទ្ធតែមានមកចូលរួមស្តាប់សន្ទរកថារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា និងជប៉ុន។ នៅលើវេទិកាធុរកិច្ចនេះ ក៏ដូចជាក្នុងឱកាសជំនួបសម្តែងការគួរសមពីសំណាក់ក្រុមហ៊ុនជប៉ុនចំនួន១២ក្រុមហ៊ុន សម្តេចបវរធិបតី បានបន្តទាក់ម៉ូយ សម្តេចបានបញ្ជាក់ទៅវិស័យឯកជប៉ុន ថាកម្ពុជា មានច្បាប់វិនិយោគសេរី មានការលើកទឹកចិត្តប្រកបដោយភាពបត់បែន និងមានយន្តការពិគ្រោះយោបល់ទៀងទាត់ជាមួយធុរកិច្ចបរទេសជាដើម។
លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក៏ជាប្រធានបទសំខាន់មួយដែលនៃដំណើរទស្សនកិច្ចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុន ដែលសម្តេច និងសមភាគីជប៉ុន បានលើកយកមកពិភាក្សា ដោយក្នុងន័យនេះសម្តេចបវរធិបតី បានថ្លែងអំណរគុណជប៉ុន ដែលជួយអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែ និងមជ្ឈមណ្ឌលភស្តុភាកម្មក្នុងតំបន់។ ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ត្រីកម្ពុជា និងជប៉ុន បានឯកភាពគ្នាបន្តជំរុញការតភ្ជាប់ប្រជាជន និងប្រជាជន ឱ្យកាន់តែស្និទ្ធតាមរយៈកិច្ចសហប្រតិបត្តិការអប់រំ ការងារ និងទេសចរណ៍។ ចំណែកវិស័យអប់រំ រយៈពេលជាង៣០ឆ្នាំមកនេះ ជប៉ុន បានផ្តល់អាហារូបករណ៍ដល់កម្ពុជាជិត ២០០០នាក់ ឱ្យសិក្សានៅជប៉ុន។
ពាក់ព័ន្ធនឹងវិស័យសន្តិសុខ, កម្ពុជា និងជប៉ុន បានឯកគ្នាបន្តកិច្ចសហប្រតិបត្តិការគ្នាដែលមានស្រាប់ជាអាទិ៍តាមរយៈការកសាងសមត្ថភាព និងការចែករំលែកព័ត៌មាន ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីជប៉ុន ក៏បានឯកភាពរួមគ្នា ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា និងជប៉ុន ឱ្យកាន់តែស៉ីជម្រៅ ក្នុងគោលដៅនាំមកនូវកំណើតវិបុលភាព សុខមាលភាពរួម ដើម្បីផ្តល់សន្ទុះថ្មីថែមទៀតដល់ទំនាក់ទំនងកម្ពុជា និងជប៉ុន។
នៅក្នុងឱកាសនោះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានជួបសម្តែងការគួរសមចំពោះព្រះរាជទាយាទជប៉ុន, ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាជប៉ុន។ សម្តេចក៏បបានចូលរួមក្នុងវេទិកានីកេ ស្តីពី អនាគតរបស់អាស៉ី លើកទី៣០ ដោយក្នុងនោះសម្តេចបានឡើងថ្លែងសន្ទករថា ក្រោមប្រធានបទបញ្ហាប្រឈមរបស់អាស៉ី នៅក្នុងពិភពលោកមួយច្របូកស្របល់»៕