(សៀមរាប)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅ និងសុខភាពមាត់ធ្មេញ ជូនសិស្សានុសិស្សជិត ២,០០០នាក់ មកពីសាលាបឋមសិក្សាចំនួន៣ សាលាបឋមសិក្សាព្រះដាក់ សាលាបឋមសិក្សាស្រះស្រង់ និងសាលាបឋមសិក្សាតាប៉ាង ដែលស្ថិតនៅស្រុកបន្ទាយស្រី ខេត្ដសៀមរាប។

ពិធីនេះខាងលើនេះបានធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាព្រះដាក់ ភូមិព្រះដាក់ ឃុំព្រដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមអធិបតីភាព លោកបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ «គ វ អ» តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

លោកបណ្ឌិត ពេជ សោភ័ន បានថ្លែងថា «សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងតែយកចិត្ដទុកដាក់ ដល់អនាគតសិស្សានុសិស្សរបស់យើង បានជាថ្ងៃនេះបញ្ជូននូវក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ ចុះមពិនិត្យ ព្យាបាលជំងឺ និងអប់រំសុខភាព ជូនកូនៗចៅទាំងអស់គ្នាពីអនាម័យជាដើម»។

ក្នុងឱកាសនោះ លោក ពេជ សោភ័ន បានណែនាំដល់សិស្សានុសិស្សទាំងអស់ ត្រូវមានអនាម័យដៃស្អាត ហូបស្អាត រស់នៅស្អាត ដើម្បីមានសុខភាពល្អ ។ជាងនេះទៅទៀតត្រូវខិតខំរៀនសូត្រ ស្ដាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ឪពុកម្ដាយ ដើម្បីមានអនាគតល្អ និងក្លាយជាធនធនមនុស្សដ៏កម្រ ជួយអភិវឌ្ឍប្រទេសជាតិ។

ក្នុងឱកាសនោះលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាទាំង៣ខាងលើនេះ បានសម្ដែងនូវការសប្បាយចិត្ដ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ ដែលបានចុះមកពិនិត្យ និងព្យាបាលជំងឺជូនសិស្សានុសិស្សរបស់ខ្លួន ជាពិសេសបានអប់រំពីការថែរក្សាសុខភាព។

សូមជម្រាបថាសិស្សានុសិស្សដែលមកទទួលសេវាពិនិត្យព្យាបាលសរុបចំនួន ១៧៤៩នាក់ ស្មើរនឹង ៣២៨៤ករណី និងបញ្ជូនទៅព្យាបាលបន្តនៅភ្នំពេញមានចំនួន១៣ករណី ក្រោមជំនួយឧបត្ថមទាំងស្រុង ពីសម្តេចមហាបវរធិបតី ហ៊ុន ណែត និងលោកជំទាវបណ្ឌិតដោយផ្ទាល់៕