(ភ្នំពេញ)៖ រយៈពេល៤ថ្ងៃនៃដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុង ប្រទេសជប៉ុន ត្រូវបានបញ្ចប់ហើយ។ សម្តេចបវរធិបតី និងគណៈប្រតិភូ បានអញ្ជើញវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញដំណើរទស្សនកិច្ចនេះ៖

ដំណើរទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសជប៉ុន ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានបង្ហាញពីការលើកកម្ពស់យ៉ាងសំខាន់ក្នុងវិស័យការទូតអន្តរជាតិរបស់កម្ពុជា។ ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជានិមិត្តរូបនៃការពង្រឹងភាពពាក់ព័ន្ធភូមិសាស្ត្រនយោបាយរបស់កម្ពុជានៅក្នុងតំបន់អាស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពបញ្ជាក់ពីភាពចាស់ទុំ ចក្ខុវិស័យ និងឱកាសនៃការបង្ហាញពីវឌ្ឍនភាពជាតិ និងសន្តិភាពក្រោមម្លប់នៃនយោបាយឈ្នះឈ្នះ និងភាពជាដៃគូទៅកាន់ពិភពលោកថែមទៀត។

* ចំណុចសំខាន់នៃការទូត៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន
ក្នុងជំនួបជាមួយឯកឧត្តម Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងសារជាថ្មីអំពីចំណងមិត្តភាពដ៏យូរអង្វែងរបស់កម្ពុជាជាមួយប្រទេសជប៉ុន ដែលជាចំណងមិត្តភាពដ៏យូរអង្វែងមួយ ដែលបានឆ្លងកាត់រយៈពេលប្រមាណ៧២ឆ្នាំ។ ប្រទេសជប៉ុន បានទទួលស្គាល់កម្ពុជាថា ជាដៃគូដ៏សំខាន់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន មានភាពវិវឌ្ឍន៍គូរឱ្យកត់សម្គាល់ រាប់តាំងពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី រហូតដល់កិច្ចសហប្រតិបត្តិការសន្តិសុខ រួមទាំងកិច្ចខិតខំប្រឹងប្រែងដោះមីនមនុស្សធម៌នៅក្រៅប្រទេស និងការចូលចតនាវានៃកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿង ចូលចតមុនគេបង្អស់នៅកំពង់ផែសមុទ្ររាម បន្ទាប់ពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីចុងខែមេសាកន្លងទៅ ដែលស្របទៅនឹងគោលនយោបាយនៃការបើកចំហរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរដល់ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅឆ្នាំ២០២៣ មិនមែនគ្រាន់តែជាពិធីតែប៉ុណ្ណោះទេ ប៉ុន្តែបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសំខាន់ៗ រួមទាំងការផ្លាស់ប្តូរលើវិស័យឌីជីថល ថាមពលស្អាត ការអប់រំ ការការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធ។ ដូចប្រសាសន៍របស់សម្តេចបវរធិបតី បានថ្លែងនៅក្នុងសន្និសីទកាសែតរួមគ្នាមួយ ក្រោយជំនួបកំពូលរវាងមេដឹកនាំនៃប្រទេសទាំង២៖

«ជំនួបកំពូលទ្វេភាគីឯកឧត្តម Ishiba Shigeru និងខ្ញុំនៅថ្ងៃនេះគឺមិនត្រឹមតែជាការបើកទំព័រវត្តិសាស្ត្រថ្មីមួយ សម្រាប់ចំណងមិត្តភាពដ៏ជិតស្និតនិងយូរអង្វែង, ថែមទាំងជាឱកាសសម្រាប់យើងដាក់ចេញនូវសកម្មភាពគន្លឹះ នៅបណ្តាឆ្នាំខាងមុខ សម្តៅលើកកម្ពស់លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ និងជម្រុញការផ្លាស់ឱ្យកាន់តែជិតស្និទ្ធ រវាងប្រជាជននិងប្រជាជន ជាពិសេសក្រោយប្រទេសយើងទាំងពីរ តម្លើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្តគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០២៣កន្លងទៅ»។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ដែលបានជួបជាមួយនាយករដ្ឋមន្ត្រីថ្មីជប៉ុនលើកដំបូងនេះ បានជំរុញភាពជាដៃគូនៃប្រទេសទាំងពីរ កាន់តែឈានឡើងដល់កម្រិតថ្មីថែមទៀត។ ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីដំណើរបោះជំហានឆ្ពោះទៅមុខ ដែលផ្តោតលើការច្នៃប្រឌិត ការវិនិយោគ និងការតភ្ជាប់ ដែលដាក់ឱ្យប្រទេសកម្ពុជាក្លាយជាតួអង្គមួយដែលសហគមន៍អន្តរជាតិកាន់តែជឿទុកចិត្តបាន និងភាពទទួលខុសត្រូវរបស់កម្ពុជា នៅលើឆាកក្នុងតំបន់និងពិភពលោក។ ដំណើរទស្សនកិច្ចនេះ ទោះជាយ៉ាងណាក៏ដោយ ត្រូវបានក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅស្រុកបានព្យាយាមចង់បង្អាប់និងបង្ខូចកេរ្តិ៍ឈ្មោះដ៏ផូរផង់របស់ជាតិខ្មែរ។

* ពលរដ្ឋខ្មែរជាង១,៦០០នាក់គាំទ្រ ខណៈប្រមាណ២០ទៅ៣០នាក់ប៉ុនប៉ងប្រឆាំង
ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុនជាង១,៦០០នាក់ នៅថ្ងៃទី៣១ ខែឧសភា, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់អ្នកចូលរួមអំពីរឿង បាតុករចំនួនប្រមាណពី២០ទៅ៣០នាក់ ដែលប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់រាជរដ្ឋាភិបាលក្នុងការលើកមុខមាត់និងស្ទួយកិត្តិយសប្រទេសជាតិ។

សម្ដេចបវរធិបតី បានថ្លែងប្រាប់ពលរដ្ឋខ្មែរជាង១,៦០០នាក់ ក្នុងសាលប្រជុំថា សម្តេចមិនបានចាប់អារម្មណ៍ និងការស្រែកតវ៉ាលើកបដាដោយមនុស្សប្រមាណពី២០ទៅ៣០នាក់នោះទេ។ សម្ដេចធិបតីបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះគឺដើម្បីទំនាក់ទំនងដំឡើងកម្រិតការទូតរវាងកម្ពុជាជប៉ុនជាកម្រិតខ្ពស់បំផុតនៃការទំនាក់ទំនងរវាងកម្ពុជាជប៉ុនក្នុងប្រវត្តិសាស្រ្ត មានន័យថា ភាពស្របច្បាប់នៃដំណើរទស្សនកិច្ចរបស់រាជរដ្ឋាភិបាល មិនត្រូវបានកំណត់វាសនាដោយក្រុមមនុស្សតវ៉ាមួយក្តាប់តូចនោះទេ៖

«អញ្ចឹងយើងរួមគ្នា មកដល់ម៉ោងនេះទោះបីគេនាំគ្នាថាអីថាទៅ គេជេរអីជេរទៅ គេមិនស្វាគមន៍អី ក៏មិនស្វាគមន៍ទៅចុះ គេថាគ្មានពីណាទទួលស្គាល់ទេ។ អត់ទេ ខ្ញុំចុះមកឃើញមានព្រំក្រហមតើ…ហើយធ្វើដំណើរទៅណា គេដាក់ទង់ជ័យពេញសិទ្ធិ។ ឡានបើកផ្លូវ…រដ្ឋមន្ត្រីគេមកទទួល…ជួបជាមួយថ្នាក់ដឹកនាំប្រមុខស្ថាប័នទាំងបីរបស់គេ រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា…អញ្ចឹងបើបងប្អូនមិនទទួលស្គាល់ក៍ហើយទៅចុះ តែជប៉ុនគេទទួលស្គាល់ខ្ញុំជានាយករដ្ឋមន្ត្រី បងប្អូននៅទីនេះ ក៏ទទួលស្គាល់ខ្ញុំជានាយករដ្ឋរបស់មន្ត្រីកម្ពុជាដែរ»

ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចបវរធិបតី តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន បានទន្ទឹមនឹងព្រឹត្តិការណ៍ប៉ះទង្គិចមួយរវាងកងទ័ពកម្ពុជា និងថៃ នៅតាមតំបន់ព្រំប្រទល់ខេត្តព្រះវិហារនៃប្រទេសកម្ពុជា។ ក្រុមធ្វើនយោបាយជ្រុលនិយម បានធ្វើអាជីវកម្មនយោបាយលើទំនាស់តាមព្រំដែននេះ ដោយនិយាយចាក់ចុចចង់ឱ្យប្រទេសកម្ពុជានិងថៃ ធ្វើសង្គ្រាមដាក់គ្នាទៅវិញទៅមកដើម្បីតែមហិច្ឆិតានយោបាយ។ ក្រុមធ្វើនយោបាយប្រឆាំង បានថ្លែងដោយគ្មានការពិតថា ការប៉ះទង្គិចគ្នានោះ គឺជានយោបាយរបស់រដ្ឋាភិបាលខ្មែរ ដែលឱ្យទ័ពថៃមកបាញ់ទ័ពខ្មែរ ដើម្បីបង្វែររឿងឧក្រិដ្ឋកម្មអនឡាញ។

ការបំពុលព័ត៌មាន គឺជាជំនាញរបស់ក្រុមជ្រុលនិយមមួយក្តាប់តូចក្រោមការដឹកនាំរបស់ជនក្បត់ជាតិ សម រង្ស៊ី។ ក្រុមជ្រុលនិយមនេះ ពីមួយថ្ងៃទៅមួយថ្ងៃ តែងតែរកវិធីបង្កើតព័ត៌មានមិនពិត, ព័ត៌មានរើសអើងជាតិសាសន៍ ព័ត៌មានបំពុលអំពីសភាពការណ៍នៅតាមព្រំដែន និងព័ត៌មានសំអុយអំពីប្រទេសជាតិខ្លួនឯងដើម្បីតែមហិច្ឆតានយោបាយរបស់ខ្លួន។ នៅក្នុងប្រសាសន៍ថ្លែងរបស់សម្តេចបវរធិបតី ទៅកាន់ពលរដ្ឋខ្មែរនៅក្នុងប្រទេសជប៉ុន លោកបានលើកឧទាហរណ៍ឱ្យគេបានមើលឃើញថា ខណៈប្រទេសជប៉ុន ដែលមានការសកម្មភាពប្រឆាំងនយោបាយដែរនោះ ប៉ុន្តែអំពើប្រឆាំងរបស់គេ មិនមែនតាមរយៈការរៀបចំជាប្រព័ន្ធវាយប្រហារនិយាយអាក្រក់អំពីជាតិខ្មែរ តាមយុទ្ធនាការមិនឈប់ឈរលើបណ្តាញសង្គមនោះឡើយ៖

«នៅជប៉ុននេះក៏មានដែរ គណបក្សមួយមុននឹងមក មានអ្នកនយោបាយមួយទាមទាររដ្ឋាភិបាលធ្វើអញ្ចេះ ធ្វើអញ្ចុះ…តែរដ្ឋាភិបាល មានរឿងរបស់គេ គេមានវិធីចរចា…អ្នកឯងថាអីថាទៅ ប៉ុន្តែអ្នកនយោបាយមួយនោះ ទោះបីជាប្រធានសភា ប្រធានព្រឹទ្ធសភាជប៉ុន មិនលើកតាមគេក៏គេមិនបានមកចោទប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភាថា ក្បត់ជាតិដែរទេ។ ប្រជាជនខ្មែរនៅជប៉ុនរបស់យើង បងប្អូនរស់នៅទីនេះ បងប្អូនដឹងហើយ តើមានគណបក្សណាគ្មានអ្នកប្រឆាំងទេ? គ្មានអ្នកនយោបាយណា មានការគាំទ្រ១០០% និងមានការគាំទ្រ១០០%ដែរ? អត់មានទេ។

គ្មានរដ្ឋាភិបាលណាមួយ ដែលមានអ្នកឯកភាពគោលនយោបាយទាំងអស់នោះទេ, ប៉ុន្តែខ្ញុំមិនដឹងថា នៅជប៉ុនដូចនៅកម្ពុជាឬអត់ទេ ដែលមួយថ្ងៃៗមានតួអង្គ ហ្វេសបុក ទីកតុករបស់ជប៉ុន ដែលចេញសារជេររាជរដ្ឋាភិបាលជប៉ុនរាល់ថ្ងៃ មានទេនៅជប៉ុន? ព្រោះគេការបញ្ចេញមតិអីរបស់គេមាន តែគេរវល់នៅក្នុងការងារ ការបង្កើតនូវការងារវិជ្ជមាន រឿងទស្សនៈគោលនយោបាយ សិទ្ធិរបស់បងប្អូនធ្វើចុះ។ ប៉ុន្តែអ្វីដែលសំខាន់គឺយើងនៅថ្ងៃនេះ យើងត្រូវគោរពគ្នា បងប្អូប្រមូលគ្នាធ្វើបាតុកម្មបញ្ចេញមតិក៏ធ្វើចុះ អត់មានពីអ្នកទៅជេរប្រទេច ឬមួយដៀមដាមឱ្យបងប្អូនទេ។ អញ្ចឹងសូមឲ្យគោរពសិទ្ធិមកបងប្អូនខ្មែរ ១,៦០០នាក់នេះ ដែលកាត់ឆ្ងាយស្ម័គ្រចិត្តដើម្បីមកជួបជុំគ្នា ស្តាប់ប្រមុខរាជរដ្ឋាភិបាល ដើម្បីដឹងអំពីស្ថានភាពរបស់ប្រទេស បង្ហាញអំពីសាមគ្គីភាពជាតិ…សូមកុំប្រមាថថាគាត់ជាមនុស្សលក់ក្បាល ឬមួយក៏អី សូមគោរពបងប្អូនរបស់យើងផង…នេះគឺជាការពិត»។

ទង្វើប្រឆាំងរបស់ក្រុមជ្រុលនិយម មិនមែនជាទង្វើប្រឆាំងប្រកបដោយសីលធម៌ដូចសកម្មជននយោបាយជប៉ុន ដែលប្រឆាំងជាមួយនឹងគណបក្សកាន់អំណាចក្នុងប្រទេសនោះទេ។ ទង្វើប្រឆាំងរបស់ក្រុមជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី គឺជាទង្វើដែលគ្មានសីលធម៌នយោបាយឡើយ ដោយសូម្បីតែអង្គព្រះមហាក្សត្រខ្មែរជាទីគោរពសក្ការៈ ក៏ក្រុមនេះហ៊ានប្រមាថដល់ព្រះចេស្តារបស់ព្រះអង្គផងដែរ។

* ការឃោសនាជ្រុលនិយម ប៉ុនប៉ងបំផ្លាញសន្តិសុខជាតិ
ក្នុងដំណើរបំពេញទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងប្រទេសជប៉ុននោះ ក្រុមជ្រុលនិយម បានព្យាយាមរកការកេងចំណេញពីការប៉ះទង្គិចព្រំដែនរវាងកម្ពុជា និងថៃ ផងនិងផ្សព្វផ្សាយបំភ្លៃការពិត ដែលចង់បំបាក់ស្មារតីប្រយុទ្ធរបស់យុទ្ធជនខ្មែរ និងព្យាយាមនិយាយញុះញង់ចង់ឱ្យយុទ្ធជនដែលប្រយុទ្ធមានកំហឹងចំពោះមេបញ្ជាការរបស់ខ្លួនថែមទៀត។ នេះជាទង្វើប្រឆាំងមួយទៀត ដែលសកម្មភាពនោះមិនស្របនឹងផលប្រយោជន៍របស់ជាតិ របស់ខ្លួនឯងឡើយ ប៉ុន្តែមានគោលដៅជួយសត្រូវពីខាងក្រៅនោះទៅវិញ៖

«ឥឡូវខ្ញុំសួរបងប្អូន ដែលខំញែកអារម្មណ៍បំបាក់ទឹកចិត្តកងទ័ពឱ្យស្អប់មេទ័ពហ្នឹង តើពេលដែលជិតផ្ទុះអាវុធនេះជាការស្នេហាជាតិឬទេ? ពេលជិតវ៉ៃគ្នា យើងត្រូវការឈ្នះត្រូវទេ? បើយើងចាញ់យើងបាត់ទឹកដី យើងស្លាប់កងទ័ព អញ្ចឹងដើម្បីវ៉ៃបាន ទាល់តែកត្តាសំខាន់បំផុតគឺទឹកចិត្តមោះមុត មិនមែនជាពេលវេលា ដែលត្រូវជាន់បង្អាប់ទឹកចិត្តនោះទេ។ វាគ្មានល្អឥតខ្ចោះទេ ប៉ុន្តែអ្វីដែលសំខាន់ការងារធំត្រូវរួមគ្នា មេទ័ពក៏ឡើងប្រយុទ្ធដូចតែគ្នាដែរទេ មេទ័ពដោះស្រាយបញ្ហាធានាអាវុធគ្រាប់បញ្ជា ទៅឈរជើងនៅស្រអែមដូចតែគ្នាទេ»

ប៉ុន្តែទង្វើប្រឆាំងរបស់ក្រុមជ្រុលនិយម គឺការផ្សព្វផ្សាយដើម្បីការបំបាក់ទឹកចិត្តកងកម្លាំងជាតិ ខ្មែររបស់ខ្លួនឯងនោះទៅវិញ ក្នុងពេលដែលកងទ័ពកម្ពុជាកំពុងមានបញ្ហានៅព្រំដែន៖ «បំបាក់ទឹកចិត្តទ័ព ចង់ឱ្យអ្នកនេះខុសអ្នកនោះខុស…ថារដ្ឋាភិបាល ធ្វើពេលណាមិនធ្វើៗពេលយើងជិតវ៉ៃគ្នា? តើនេះគិតគូរកងទ័ពគិតគូរទឹកដីដែរឬទេ? ចង់ឱ្យទ័ពយើងទម្លាក់អាវុធឈប់វ៉ៃទេ? ចង់ឱ្យទ័ពយើងលើកទ័ពមកបាញ់មេទេ? ឬក៏ចង់ឱ្យទ័ពយើង មិនបាច់វ៉ៃគ្នាការពារទឹកដីទេ ដកមកប្តូររដ្ឋាភិបាលនៅពេលនេះ? សំណួរសួរថា តើពួកគាត់គិតយ៉ាងម៉េច»?

សម្តេចបវរធិបតី បានថ្កោលទោសចំពោះទង្វើប្រឆាំងជាតិឯងបែបនេះ អំពាវនាវឱ្យមានសាមគ្គីភាពជាសាធារណៈជាមួយយោធា និងបញ្ជាក់ថាការការពារជាតិមិនមែនជាបញ្ហារបស់តែគណបក្សបក្សនយោបាយណាមួយនោះទេ ប៉ុន្តែគឺជាកាតព្វកិច្ចស្នេហាជាតិ។

* ដំណើរទស្សនកិច្ច៤ថ្ងៃបញ្ចប់ដោយជោគជ័យ
ដំណើរទស្សនកិច្ច៤ថ្ងៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុន បានឆ្លុះបញ្ចាំងពីដំណើររបស់រដ្ឋបុរសនៃប្រទេសកម្ពុជា ដែលធ្វើដំណើរលើឆាកអន្តរជាតិប្រកបដោយគោលបំណងច្បាស់លាស់ និងចក្ខុវិស័យ។ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រកម្ពុជា-ជប៉ុន ដែលកាន់តែស៊ីជម្រៅ គឺជាការឆ្លុះបញ្ចាំងពីការកើនឡើងនូវទំនុកចិត្ត និងតម្លៃរួមនៃប្រយោជន៍រវាងប្រទេសទាំង២ ដែលមិនត្រឹមតែក្នុងវិស័យពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងការកសាងសន្តិភាព។

ដំណើរចូលរួមអនុវត្តការទូតប្រកបដោយភាពជោគជ័យនៅក្រៅប្រទេស គឺជាផ្លូវបង្ហាញដ៏ច្បាស់លាស់នៃភាពរួសរាយរបស់កម្ពុជានៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ វាជាសញ្ញាសំខាន់នៃការដឹកនាំប្រកបដោយទំនួលខុសត្រូវ សិទ្ធិអធិបតេយ្យ និងសុខសន្តិភាពបន្តបន្ទាប់ ដោយផ្អែកលើគោលនយោបាយឈ្នះឈ្នះ ដែលបានចងរួមសាមគ្គីភាពជាតិជានិច្ច។ ក្នុងបរិបទនេះ ការជួបពិភាក្សាផ្លូវការនៅប្រទេសជប៉ុនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត មិនត្រឹមតែជាជំហានបន្តទំនាក់ទំនងយុទ្ធសាស្ត្រជាមួយដៃគូទូតសំខាន់ទេ ប៉ុន្តែបង្ហាញថាកម្ពុជាកំពុងក្លាយជាដៃគូទុកចិត្តនៅក្នុងការរួមចំណែកថែរក្សាសន្តិភាព និងអភិវឌ្ឍន៍។ ទោះមានក្រុមជ្រុលនិយមខ្លះប៉ុនប៉ងបង្កការរំខាន ឬរាំងស្ទះដល់ភាពជោគជ័យនៃការទូតរបស់កម្ពុជា ក៏យុទ្ធនាការផ្សព្វផ្សាយអវិជ្ជមាននោះមិនអាចបន្លំឬរំខានដល់ភាពជឿជាក់រវាងកម្ពុជា និងដៃគូអន្តរជាតិបានឡើយ។

ការទូតជោគជ័យរបស់កម្ពុជាវេលាចុងក្រោយនេះ គឺជាការបញ្ជាក់នូវអត្តសញ្ញាណជាតិដ៏រឹងមាំ និងសមត្ថភាពនយោបាយរបស់ការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ដែលធ្វើឱ្យសហគមន៍អន្តរជាតិ កាន់តែទទួលស្គាល់នូវសមត្ថភាពកាន់តែខ្ពស់ជាលំដាប់៕