(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីរាជការ និង ប្រជាពលរដ្ឋនៅទូទាំងខេត្ត ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៣ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ និងខួបអនុស្សាវរីយ៍លើកទី៦៣ នៃទិវាកំណើតកងយោធពលខេមរភូមិន្ទ។
ការប្រារព្ធទិវាឯករាជ្យជាតិ ០៩ វិច្ឆិកា ដើម្បីជាការរំលឹកដល់ថ្ងៃគុណូបការៈដ៏ឧត្តុងឧត្តម និងព្រះរាជស្នាព្រះហស្ថដ៏ជាញជ័យរបស់ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ក្នុងការទាមទារឯករាជ្យពីអាណានិគមបារាំង ដែលបានគ្រប់គ្រងប្រទេសកម្ពុជា អស់រយៈពេល៩០ឆ្នាំ។ ពិធីនេះ ក៏ជារំលឹក និងគោរពដល់វិញ្ញានក្ខន្ធរបស់អ្នកស្នេហាជាតិគ្រប់រូប ដែលបាន ពលីជីវិតក្នុងការតស៊ូទាមទារឯករាជ្យពីប្រទេសបារាំងផងដែរ។
ថ្ងៃទី០៩ វិច្ឆិកា គឺជាថ្ងៃដ៏វិសេសវិសាលមួយ ដែលកម្ពុជាបានរំដោះខ្លួនចេញពីអាណានិគមបារាំង ដែលបានគ្រប់ប្រទេសកម្ពុជាជិតមួយ សតវត្សរ៍ (១១ សីហា ១៨៦៣-៩ វិច្ឆិកា ១៩៥៣)។ ប្រទេសកម្ពុជា បានប្រារព្ធពិធីអបអរសាទរព្រះរាជពិធីនេះជារៀងរាល់ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រខ្មែរ៕