(កោះកុង)៖ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាមេបញ្ជាការរងអចិន្ត្រៃយ៍ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ តំណាងនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការគណៈបញ្ជាការនគរបាលជាតិប្រចាំជាតិភូមិភាគទី៣-ទី៤ និងទី៥ បានចុះសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារ ព្រំដែនប្រចាំទិសភូមិភាគទី៣ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក-ទឹកលេខលេខ៨២៧ និងលេខ២៦៩ (ប្រចាំខេត្តកោះកុង)។
ក្នុងឱកាសជួបសំណេះសំណាលនេះ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ បាននាំយកអំណោយរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជួយឧបត្ថម្ភដល់វរសេនាតូចនីមួយៗ ចំណុះគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទទួលបានថវិកា និងគ្រឿងឧបភោគ-បរិភោគ មួយចំនួន ដូចខាងក្រោម៖
* វរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩៖ មី ចំនួន៤២កេស, ត្រីខ ចំនួន៤០យួរ, ថវិកា ចំនួន២,៥០០,០០០រៀល និងថវិកាសម្រាប់កសាងវរចំនួន ២,០០០,០០០រៀល។
* វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧៖ មី ចំនួន៤២កេស, ត្រីខ ចំនួន៤០យួរ, ថវិកា ចំនួន២,០០០,០០០រៀល និងថវិកាសម្រាប់កសាងវរចំនួន ២,០០០,០០០រៀល។
* ទីបញ្ជាការគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣៖ មី ចំនួន១២កេស, ត្រីខ ចំនួន១០យួរ និបថវិកាសម្រាប់កសាងទីបញ្ជាការចំនួន១,០០០,០០០រៀល៕