(ព្រះសីហនុ)៖ ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd. កែច្នៃស្បែកគោ នៅក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានរកឃើញជាថ្មីទៀត បានបញ្ចេញសំណល់រាវបំពុលព្រែកធម្មជាតិ នៅក្នុងមូលដ្ឋានក្បែរក្រុមហ៊ុន។ ករណីបំពុលនេះកើតឡើងនៅពេល ក្រុមហ៊ុនបានបើកដំណើរការផលិតកម្មសាកល្បង ក្រោយពេលអនុវត្តវិធានការច្បាប់កន្លងមក ដើម្បីធ្វើតេស្តសមត្ថភាពអាងប្រព្រឹត្តិកម្មសំណល់រាវ ដែលទើបនឹងកែលម្អរួច ហើយបានបង្ហូរសំណល់រាវចូលអូរផ្អាវ និងតាមបំពង់ទុយោ ចូលទៅក្នុងព្រែកកំពង់ស្មាច់ផងដែរ។
ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញ សំណល់រាវដែលបានបង្ហូរចេញនោះ មានលក្ខណៈពណ៌ខ្មៅប្រផេះ មានសារធាតុខ្លាញ់អណ្តែត និងមានក្លិនស្អុយ និងបានប៉ះពាល់ដល់ការរស់ប្រជាពលរដ្ឋ និងមានត្រីចញ្ចឹមក្នុងបែរពុលងាប់អស់ជាច្រើន។ ជារួមក្រុមហ៊ុនពុំបាន ដាក់ដំណើរការប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសឡើយ និងបានលួចបង្ហូរសំណល់រាវ ដោយផ្ទាល់ចូលព្រែកកំពង់ស្មាច់ បង្កការបំពុលយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់។
សកម្មភាពរបស់ក្រុមហ៊ុននេះ បានប្រព្រឹត្តល្មើលនឹងមាត្រា១៥៦ មាត្រា១៧៣ មាត្រា១៧៦ មាត្រា២៨៦ មាត្រា២៨៧ និងមាត្រា៦៤៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ គឺត្រូវអនុវត្តវិធានការចំពោះក្រុមហ៊ុន ដូចខាងក្រោម៖
១-ដកហូតរាល់លិខិតអនុញ្ញាតដែលចេញដោយក្រសួងបរិស្ថានទាំងអស់ ព្រោះក្រុមហ៊ុនមិនបានគោរពតាមវិធានការច្បាប់ ដែលក្រុមហ៊ុនធ្លាប់បានបំពុលព្រែកកំពង់ស្មាច់ម្តងរួចមកហើយ ក្នុងខែមេសា ឆ្នាំ២០២៤
២-បញ្ឈប់ច្រវាក់ផលិតកម្មដែលបញ្ចេញសំណល់រាវ។
៣-ត្រូវរុះរើបំពង់ទុយោបង្ហូរសំណល់រាវចេញឱ្យអស់ជាបន្ទាន់ ដោយបានស្នើឱ្យអាជ្ញាធរឃុំ តាមដានការអនុវត្តរហូតបញ្ចប់ជាស្ថាពរ និងត្រូវធ្វើរបាយការណ៍ពីការអនុវត្តករណីនេះ។
៤-ត្រូវពីន័យអន្តរការណ៍និងត្រូវផ្តល់សំណងផលប៉ះពាល់បរិស្ថាន និងការខូចខាតទៅតាមការគណនារបស់មន្ត្រីជំនាញ។
៥-ត្រូវធ្វើការស្តារទឹកអូរ និងព្រែកដែលរងការបំពុល ឱមានស្ថានភាពប្រសើដូចដើមវិញ។
៧-ក្នុងករណី មិនអនុវត្តតាមចំណុចវិធានការខាងលើ ត្រូវបិទសកម្មភាពអាជីវកម្មទាំងស្រុង។
សូមបញ្ជាក់ថា នៅថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរស្រុកព្រៃនប់ អាជ្ញាធរឃុំទឹកល្អក់ និងឃុំសាមគ្គី បានចុះពិនិត្យករណីបំពុលទឹកព្រែកកំពង់ស្មាច់ បង្កឡើងដោយក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd. ម្តងរួចមកហើយ។ ក្រុមការងាររកឃើញថាក្រុមហ៊ុន បានបង្កការបំពុលព្រែកកំពង់ស្មាច់ និងប្រព័ន្ធទឹកពាក់ព័ន្ធ បន្ទាប់ពីក្រុមការងារបានយកសំណាក មកធ្វើការវិភាគ និងរកឃើញថាមិនបានអនុលោមកម្រិតកំណត់ស្តង់ដារ។ ប្រជាពលរដ្ឋ មួយចំនួណបានទតួលរងផលប៉ះពាល់ដោយមិនអាចប្រើប្រាស់ទឹក ការនេសាទ ការធ្វើវារីវប្បកម្ម ការធ្វើដំណើរ និងបញ្ហាសុខភាព ជាដើម។
សម្រាប់ករណីបំពុលនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួនតាមរយៈលិខិតលេខ ៨៩៥០/១២២៤ ប.ស្ថ/អគព ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលបានសម្រេចឱ្យ ផ្អាកសកម្មភាពផលិតកម្មលើការបញ្ចេញសំណល់រាវចេញក្រៅ និងត្រូវបានពិន័យអន្តរការណ៍ និង ការផ្ដល់សំណងការខូចខាតបរិស្ថាន។ បន្ទាប់មកក្រុមហ៊ុនត្រូវកាត់ផ្ដាច់បំពង់ទុយោបង្កប់ក្រោមដីចេញ និងធ្វើការបិទភ្ជិតប្រឡាយបង្ហូរសំណល់រាវ ព្រមទាំងធ្វើការកែសម្រួល អាងប្រព្រឹត្តិកម្មឱ្យត្រឹមត្រូវឡើងវិញ។ ជាមួយគ្នានេះក្រុមហ៊ុន ត្រូវអនុវត្តការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ លើការបញ្ចេញសំណល់រាវ និងអនុវត្តវិធានការស្ដារការខូចខាត និងសម្អាតបរិស្ថានឡើងវិញ នៅតំបន់ដែលទទួលរងការបំពុល។
សូមបញ្ជាក់ថា ទោះបីជាក្រុមហ៊ុនកំពុងអនុវត្តបញ្ជាកែប្រែឱ្យស្របតាមច្បាប់កំណត់ក៏ដោយ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ កន្លងមក ក្រុមការងារក្រសួងបរិស្ថាន បានចុះពិនិត្យម្តងទៀតលើក្រុមហ៊ុននេះ និងបានរកឃើញបញ្ចេញទឹកកខ្វក់ ដែលមិនបានសម្អាតត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសបរិស្ថាន ឬឆ្លងកាត់អាងចម្រោះ ដែលនិងធានាថាសំណល់រាវក្រោយសម្អាត ត្រូវអនុលោមតាមកម្រិតកំណត់ស្តង់ដារ នៃការបញ្ចេញសំណល់រាវនៅឡើយ៕