(ភ្នំពេញ)៖ សហជីព និងកម្មករនិយោជិតរាប់ម៉ឺននាក់នៅកម្ពុជា បានរិះគន់ និងថ្កោលទោសក្រុមប្រឆាំងជ្រុលនិយមដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ សម រង្ស៊ី នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវត្តមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ដោយពួកគេចាត់ទុកថា ក្រុមជ្រុលនិយមកំពុងប្រឆាំងនឹងផលប្រយោជន៍ជាតិខ្លួនឯង។

លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា (NLC) បានលើកឡើងថា៖ «ក្នុងនាមខ្ញុំជាប្រធានសហជីពនៅកម្ពុជាដែលដឹកនាំកម្មកររោងចក្រសហគ្រាសរាប់ម៉ឺននាក់ សូមរិះគន់ និងថ្កោលទោសក្រុមទណ្ឌិត សម រង្ស៊ី ក្រុមមូរ សុខហួរ ដែលបង្កើតសកម្មភាពជ្រុលនិយម នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវត្តមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុន»

លោកបានបន្ដថា៖ «ខ្ញុំគិតថា ក្រុមជ្រុលនិយមទាំងអស់នេះ កំពុងប្រឆាំងនឹងផលប្រយោជន៍ប្រទេសជាតិខ្លួនឯង បំបាក់មុខមាត់ប្រទេសជាតិនៅបរទេស ហើយពួកគេមិនចង់ឃើញប្រទេសជាតិខ្លួនឯងរីកចម្រើនទេ។ ពួកខ្ញុំជាសហជីព និងកម្មករទាំងអស់ គឺមិនពេញចិត្ត ហើយក៏ស្អប់ខ្ពើមនូវទង្វើររបស់ក្រុមជ្រុលនិយមជាខ្លាំង ព្រោះពួកគេប្រឆាំងនឹងផលប្រយោជន៍ជាតិ»

ទោះបីជាយ៉ាងណា លោក សំ សឿន បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងកម្មកនិយោជិតនៅកម្ពុជាកុំចូលរួមសកម្មភាពណាមួយដែលប្រឆាំងនឹងផលប្រយោជន៍ប្រទេសជាតិ និងមិនត្រូវចូលរួមពាក់ព័ន្ធនឹងទង្វើក្បត់ជាតិជាមួយក្រុមទណ្ឌិត សម រង្ស៊ីនោះទេ ព្រោះពួកគេមិនសាកសមជាពលរដ្ឋខ្មែរនោះទេ។

លោក អ៊ុល រីយ៉ាង កម្មកររោងចក្រនៅ ក្រុងតាខ្មៅ ខេត្តកណ្តាលបាននិយាយថា លោកមិនគាំទ្រទង្វើក្បត់ជាតិរបស់ក្រុមទណ្ឌិត សម រង្ស៊ីនោះទេ ព្រោះពួកគេតែងតែយកកិត្តិយសជាតិខ្លួនឯងទៅមួលបង្កាច់ និងបង្ខូចនៅប្រទេសជប៉ុន។ ពួកគេគួរតែនាំគ្នាសាទរចំពោះថ្នាក់ដឹកនាំខ្លួនដែលបានទៅសួរសុខទុក្ខដល់ប្រទេសជប៉ុន ប៉ុន្ដែបែរជានាំគ្នាបាតុកម្មប្រឆាំងទៅវិញ។

លោកបាបញ្ជាក់ថា៖ «ខ្ញុំសូមថ្កោលទោសចំពោះទង្វើជ្រុលនិយមរបស់ពួកគេនៅប្រទេសជប៉ុន ព្រោះការរៀបចំចលនាបាតុកម្មលើប្រធានបទដដែលៗ ដឹកនាំដោយលោកស្រី មូរ សុខហួរ នោះ គឺជារឿងអាម៉ាស់មួយនៅលើឆាកនយោបាយ និងបង្ហាញច្បាស់ពីការធ្វើនយោបាយដើរថយក្រោយរបស់ក្រុមប្រឆាំង ត្បិតគ្មានជំនឿចិត្តពីសំណាក់ពលរដ្ឋនៅក្រៅប្រទេសទៀតនោះទេ»

លោក ឡេវ សំអាន ជាកម្មកររោងចក្រនៅរាជធានីភ្នំពេញបាននិយាយថា ការធ្វើនយោបាយរបស់ក្រុមប្រឆាំងនៅក្រៅស្រុកនឹងបន្តបរាជ័យនិងគ្មានជំនឿពីសំណាក់ពលរដ្ឋនោះឡើយ ពីព្រោះពលរដ្ឋនៅបរទេសបានឃើញពីការធ្វើនយោបាយយកគំនិតជាតិនិយមមកដុតរោលរាលលើពលរដ្ឋ ដើម្បីបម្រើផលប្រយោជន៍នយោបាយខុសច្បាប់ដល់ជនមួយក្តាប់តូច។

បន្ថែមពីនេះទៀត លោកបានបញ្ជាក់ទៀតថា៖ «ខ្ញុំសូមរិះគន់ចំពោះទង្វើក្បត់ជាតិ និងបំផ្លាញ់មុខមាត់ជាតិនៅប្រទេសគេ ហើយក្នុងនាមខ្ញុំជាពលរដ្ឋក៏គ្មានជំនឿលើការធ្វើនយោបាយបោកប្រាស់ទៀតនោះឡើយ។ ការធ្វើបាតុកម្មនេះ គឺបង្ហាញពីចេតនានយោបាយ និងសកម្មភាពបម្រើផលប្រយោជន៍បុគ្គលមួយក្តាប់តូចនៅក្រៅប្រទេស ហើយមិនមែនបម្រើដល់ផលប្រយោជន៍រួមនោះទេ»