(កំពង់ចាម)៖ លោក ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកសិក្ខាសាលា ផ្សព្វផ្សាយនូវដែនកំណត់ បទដ្ឋាន និងនិយាមវិជ្ជាជីវៈ សម្រាប់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រ នៅកម្ពុជា ។

សិក្ខាសាលានេះ ធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក សុខុម រិទ្ធីវុធ ទីប្រឹក្សាជាន់ខ្ពស់ នៃគណៈទន្តពេទ្យកម្ពុជា លោកវេជ្ជបណ្ឌិត វ៉ា សាវុធ អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម និងលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ។

បើតាម លោក លី ប៉េងស៊ាន់ ប្រធានគណៈទន្តពេទ្យខេត្តកំពង់ចាម បានឱ្យដឹងថា សិក្ខាសាលាថ្ងៃនេះ រៀបចំឡើងដោយគណៈទន្តពេទ្យកម្ពុជា សហការជាមួយគណៈទន្តពេទ្យខេត្តកំពង់ចាម គណៈទន្តពេទ្យខេត្តត្បូងឃ្មុំ និងគណៈទន្តពេទ្យខេត្តកំពង់ធំ ដោយមានសិក្ខាកម្មចូលរួម សរុបប្រមាណជាង ១០០នាក់ ។

ប្រធានគណៈទន្តពេទ្យកម្ពុជា លោក ប៉ូច សុភារ័ត្ន បានថ្លែងថា ដែនកំណត់វិជ្ជាជីវៈ រៀបរាប់ពីសកម្មភាព និងកម្រិតសម្រេចចិត្តលើការប្រតិបត្តិវិជ្ជាជីវៈទៅតាមកម្រិតបណ្តុះបណ្តាលគុណវុឌ្ឍ និងសិទ្ធដែលមានកំណត់ក្នុងអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈ របស់ខ្លួន ដើម្បីបំពេញភារកិច្ចប្រកបដោយឯករាជ្យភាព ឥស្សភាព និងទំនួលខុសត្រូវចំពោះមុខ សាធារណជន និងវិជ្ជាជីវៈ។

រីឯបទដ្ឋាន និងនិយាមវិជ្ជាជីវៈមានគោលបំណងសំខាន់៤ រួមមាន៖

*ទី១៖ បង្ហាញទៅសាធារណជននូវកម្រិតអប្បបរមានៃការពិនិត្យព្យាបាល ថែទាំសុខភាព មាត់ធ្មេញមានគុណភាព និងសុវត្ថិភាព

*ទី ៖ ជាឧបករណ៍ សម្រាប់ពិនិត្យតាមដាន និងវាយតម្លៃការប្រកបវិជ្ជាជីវៈទន្តសាស្រ្ត

*ទី៣៖ ផ្តល់ការបង្ហាញផ្លូវក្នុងការរៀបចំកម្មវិធីសិក្សាផ្នែកទន្តសាស្រ្ត

*ទី៤៖ ប្រើប្រាស់ជាគម្រោងការក្នុងការអភិវឌ្ឍវិជ្ជាជីវៈបន្ត។

លោកបន្តថា វាជាឯកសារគតិយុត្តិសម្រាប់ដឹកនាំ ណែនាំ និងការគ្រប់គ្រងការប្រកបវិជ្ជាជីវៈដែល ពិពណ៌នាអំពីកម្រិតអប្បបរមា នៃការប្រតិបត្តិដែលអាចទទួលយកបានរបស់អ្នកប្រកបវិជ្ជាជីវៈ ជាខ្នាតវាស់វែងសម្រាប់ទន្តពេទ្យម្នាក់ៗ ប្រើប្រាស់ក្នុងការវាយតម្លៃលើការប្រតិបត្តិរបស់ខ្លួន។

លោក ប៉ូច សុភារ័ត្ន បានយកឱកាសនោះអំពាវនាវដល់ទន្តពេទ្យប្រកបវិជ្ជាជីវៈទន្តសាស្ត្រទាំងអស់ចូលរួមសិក្សា ស្វែងយល់ និងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ពិសេសក្រមសីលធម៌ទន្តពេទ្យ ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈក្នុងវិសយ័សុខាភិបាល និងដែនកំណត់ បទដ្ឋាន និងនិយាមវិជ្ជាជីវៈសម្រាប់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីការប្រកបវិជ្ជាជីវៈទន្តសាស្ត្រ មានសុវត្ថិភាពគេចផុតពីការដាក់ពិន័យ និងទោសទណ្ឌជាយថាហេតុ។

គណៈទន្តពេទ្យកម្ពុជា នៅតែរក្សាបេសកកម្មដើម្បីលើកកម្ពស់ការអនុវត្តក្រមសីលធម៌លិខិតបទដ្ឋានគតិយុទ្ធ និងស្ដង់ដារនៃការប្រតិបត្តវិជ្ជាជីវៈទន្តសាស្ត្រ ដើម្បីការពារផលប្រយោជន៍ សេចក្កីថ្លៃថ្នូរនិងភាពសុច្ចរិកក្នុងការប្រកបវិជ្ជាជីវៈទន្តសាស្ត្រ របស់ទន្តពេទ្យនិងធានាបានថា ប្រជាជនកម្ពុជា ទទួលបានសេវាទន្តសាស្ត្រប្រកបដោយគុណភាព និងសុវត្ថភាព៕