(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោកបណ្ឌិត បាសស្ទៀន ហ្គាយហ្គើរិច (Bastian Giegerich) អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្រ្ត ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២២ (កិច្ចសន្ទនាសាំងគ្រីឡា) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។
កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២២ (Shangri - La Dialogue 2025) មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីការពារជាតិចំនួន ៤៧ប្រទេស, មន្ត្រីយោធាជាន់ខ្ពស់ និងបណ្តាស្ថាប័ន អ្នកវិភាគលើបញ្ហាសន្តិសុខ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន, អាស៊ី ប៉ាស៊ីហ្វិកនិង អឺរុប។
កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២២ មានសម័យប្រជុំពេញអង្គចំនួន៧ លើប្រធានបទរួមមាន៖ (១) មហិច្ឆិតាថ្មីរបស់សហរដ្ឋអាមេរិកសម្រាប់សន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក (២) ការធានាស្ថិរភាពក្នុងពិភពលោកដែលពោរពេញដោយការប្រកួតប្រជែង (៣) ការគ្រប់គ្រងហានិភ័យនៃការរីកសាយភាយសព្វាវុធនៅក្នុងអាស៊ី-ប៉ាស៊ីហ្វិក (៤) បញ្ហាប្រឈមការពារជាតិលើវិស័យសាយប័រ សន្តិសុខក្រោមទឹក និងលំហរអាកាស (៥) ភាពជាដៃគូសន្តិសុខសកលរបស់ចិន (៦) អន្តរកម្មសន្តិសុខឆ្លងតំបន់ និង (៧) ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ សន្តិសុខសម្រាប់ស្ថិរភាពតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
សូមបញ្ជាក់ថា ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើរដ្ឋលេខាធិការ ក្រសួងការពារជាតិនឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាម៉េរិក-អាស៊ាន ក៏ដូចជាចូលរួមជំនួបពិភាក្សាការងារទ្វេភាគីជាមួយមន្រ្តីការពារជាតិជាន់ខ្ពស់នៃប្រទេសសិង្ហបូរី សហរដ្ឋអាមេរិក អូស្រ្តាលី អង់គ្លេស និងបណ្តាប្រទេសជាដៃគូមួយចំនួនទៀត ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកាពារជាតិ និងសន្តិសុខ៕