(ភ្នំពេញ)៖ លោកស្រី​ អេន​ ចរិយា​ បានផ្តិតមេដៃលើកិច្ចសន្យាមួយ ដោយសន្យាឈប់បង្ហោះ​ លុបវីដេអូ​ រូបថតសកម្មភាពផ្សេងៗ​ មានការប្រោះព្រំជូនកងទ័ពនៅប្រាសាទតាមាន់​ និងការផ្សព្វផ្សាយនានាធ្វេីឲ្យប៉ះពាល់ប្រពៃណី​ ទំនៀមទម្លាប់​ ព្រះពុទ្ធសាសនា​ សណ្តាប់ធ្នាប់សង្គម​ និងភាពថ្លៃថ្នូររបស់សង្គមជាតិ​។

ការសន្យានេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីលោក​ សៀក​ សារឿន​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកណ្តាល បានសហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងតាខ្មៅ​ ទៅណែនាំ​ លោកស្រី​ អេន​ ចរិយា​ ជុំវិញការបង្ហោះវីដេអូ​ សកម្មភាព​ និងរូបភាពធ្វេីឲ្យប៉ះពាល់ដល់សន្តិសុខសង្គម​ តាមបណ្តាញសង្គមនានា​ និងធ្វេីកិច្ចសន្យាបញ្ឈប់ការបង្ហោះ​ លុបវីដេអូ​ រូបថតសកម្មភាពផ្សេងៗ​ មានការប្រោះព្រំជូនកងទ័ពនៅប្រាសាទតាមាន់​ និងការផ្សព្វផ្សាយនានាធ្វេីឲ្យប៉ះពាល់ប្រពៃណី​ ទំនៀមទម្លាប់​ ព្រះពុទ្ធសាសនា​ សណ្តាប់ធ្នាប់សង្គម​ និងភាពថ្លៃថ្នូររបស់សង្គមជាតិ​ ចេញពីប្រព័ន្ធបណ្តាញសង្គមទាំងអស់។

លោកស្រី បានសន្យាដូចតទៅ៖

*១៖ សូមលុបរាល់រូបភាព និងវិដេអូណាដែលប៉ះពាល់ដល់ប្រពៃណី ទំនៀម ទម្លាប់ ព្រះពុទ្ធសាសនា សណ្តាប់ធ្នាប់សង្គម និងភាពថ្លៃថ្នូររបស់សង្គមជាតិ តាមបណ្តាញសង្គមទាំងអស់។
*២៖ សូមអំពាវនាវដល់បងប្អូនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ សូមមេត្តាកុំយករូប ភាព និងវិដេអូ របស់លោកស្រី ទៅត្រូល ទៅបង្ហោះបន្ត នៅតាមបណ្តាញសង្គមគ្រប់ប្រភេទ និងសូមជួយលុបនូវរាល់រូបភាព និងវិដេអូរបស់លោកស្រីទាំងអស់ចេញវិញផង។
*៣៖ បើបងប្អូននៅតែបន្តថតចម្លងបង្ហោះចែកចាយតទៅទៀត លោកស្រីមិនទទួលខុសត្រូវឡើយ ហើយបងប្អូនត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានដោយខ្លួនឯង។
* ៤៖ លោកស្រីមិនបានតាំងខ្លួនព្រះនាមឥន្ទ្រទេវី និងផ្លូវបារមីយកទៅបោកប្រាស់នរណាម្នាក់ក្នុង បណ្តាញសង្គមហ្វេសបុកនោះទេ។

លោកស្រី អេន ចរិយា ក៏បានសន្យាគោរពអនុវត្តទៅតាមច្បាប់ ពុំដូច្នោះទេ នាងខ្ញុំព្រមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕